ដោយៈ រិ​ទ្ធិ​សែន / ពោធិ៍សាត់​: នគរបាល​ស្រុក​វាលវែង ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ ​នៅវេលា​ម៉ោង ៣​និង​១៥​នាទី រសៀល ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២២ ជនសង្ស័យ បួន​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ប្រាក់ ប្រជាពលរដ្ឋ ដោយ​ជ្រក​ក្រោមរូបភាព ជា​គ្រូទាយ ។​

​នគ​បាល​ស្រុក​វាលវែង លោក​វរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹង នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ​នេះ​ថាៈ ប្រជាពលរដ្ឋ បួន​គ្រួសារ បានមក​ដាក់ពាក្យ​បណ្តឹង នៅ​ប៉ុស្ដិ៍​នគ​បាល មូលដ្ឋាន ឃុំ​ប្រ​ម៉ោ​យ ស្រុក​វា​កវែង ដោយ​ចោទប្រកាន់​ជនសង្ស័យ ទាំង បួន​នាក់ ខាងលើ​ថា បាន​ឆបោក​ប្រាក់​របស់​ពួកគាត់ ។​

​អធិការនគរបាល​ស្រុក​វាលវែង បានបញ្ជាក់​ថាៈ ក្រោយពី​ទទួលបាន​បណ្ដឹង​របស់ ប្រជាពលរដ្ឋ​ភ្លាម ខាង​លោក​បាន​ចុះ​ស្រាវជ្រាវ និង​ឃាត់ខ្លួន នាំយកមក​អធិការដ្ឋាន នគ​បាល​ស្រុក​វាលវែង ដើម្បី​សាកសួរ ហើយ​បាន​រាយការណ៍​ជូន​ស្នងការ​នគ​បាល ខេត្តពោធិ៍សាត់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេ​ង និង​សុំ​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង ខេត្តពោធិ៍សាត់ លោក កូយ កាន់​យ៉ា បន្ត​ការសាកសួរ​។​

​លោក​វរសេនីយ៍ឯក ធាង ឡេង បានឱ្យដឹង​ទៀតថាៈ ជនសង្ស័យ​ទាំង បួន​នាក់ ខាងលើ រួមមានៈ ១.​ឈ្មោះ ព្រំ ច្រឹប អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជា​គ្រូ​ទស្សន៍ទាយ , ២.​ឈ្មោះ ពិន សីហា អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ ឃុំ ជាមួយគ្នា ត្រូវជា​ប្ដី របស់​ឈ្មោះ ព្រំ ច្រឹប , ៣.​ឈ្មោះ សេង វឿន អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង និង​៤.​ឈ្មោះ យ៉ាវ នឿន អាយុ ៤៣ ឆ្នាំ រស់នៅ​ជាមួយគ្នា ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ សេង វឿន បាន​បើករថយន្ត ម៉ាក LEXUS RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2K-6693 ទៅ​ឃុំ​អូរ​សោម និង​ឃុំ​ថ្មដា ដើរ​ទស្សន៍ទាយ មើល​រាសី និង​ឆបោក​ប្រជាពលរដ្ឋ ចំនួន បួន​នាក់ មានឈ្មោះ ដូចខាងក្រោមៈ​

១.​ឈ្មោះ សុ​ី សុ​ភ័​ស្ភ អាយុ ៣៦ ឆ្នាំ អស់​ទឹកប្រាក់ ៨.០០០.០០០ រៀល​។ ២.​ឈ្មោះ សុ​ី សុ​ភី អស់​ទឹកប្រាក់​ចំនួន ៨០០.០០០ រៀល ។ ស្ដ្រី​ពីរ​នាក់​នេះ រស់នៅ​ភូមិ​ឆាយ​លូក ឃុំ​អូរ​សោម ។ ៣.​ឈ្មោះ សំ ម៉ៅ ភេទ​ស្រី អាយុ ៥៤ ឆ្នាំ រស់នៅ​ភូមិ​សង្គម​ថ្មី ឃុំ​ថ្មដា អស់​ទឹកប្រាក់​ចំនួន ៨.០០០.០០០ រៀល និង​៤.​ឈ្មោះ ឆែ ណង ភេទ​ស្រី អាយុ ២៣ ឆ្នាំ រស់នៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា អស់​ទឹកប្រាក់​ចំនួន ៨០០ ដុល្លារ និង​លុយ​ខ្មែរ ១.១០០.០០០ រៀល ។

​បច្ចុប្បន ជនសង្ស័យ ទាំង បួន នាក់ រួម​នឹង​វត្ថុតាង រថយន្ត​មួយគ្រឿង ត្រូវបាន​សមត្ថកិច្ច ជំនាញ ស្រុក​វាលវែង គ្រោង​នឹង​បញ្ជូនបន្ត ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តពោធិ៍សាត់ នៅ​រសៀល​ថ្ងៃនេះ ៕/V​