​ប្រែ​សម្រួលៈ​បំណង​/​វ៉ាស៊ីនតោន​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន បាន​ប្រាប់​សម​ភាគី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀ ពូ​ទីន ថា​ការចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ននឹង​«​បង្ក​អោយ​មនុស្ស​រងទុក្ខវេទនា​​ទូទៅ​»​ហើយ​លោក​ខាងលិច​តាំងចិត្ត​បន្តធ្វើ​កិច្ចការ​ទូត​ដើម្បី​បញ្ចប់​វិបត្តិ​នេះ តែ​ក៏​«​ត្រៀម​ខ្លួន​សំរាប់​សេណា​រី​រ៉ូ​ផ្សេងៗ​»​ផងដែរ​។​នេះ​បើ​តាម​ការបញ្ជាក់​ពី​សេត​វិមាន​កាលពី​ថ្ងៃ​សៅរ៍​។​

​សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​សៅ​រ៍ថា លោកចូ បៃ​ដិន កាលពី​ថ្ងៃ​សៅរ៍​បាន​ទូរស័ព្ទ​ទៅកាន់​លោកពូ​ទីន​ជាថ្មី ដើម្បី​អោយ​រុស្ស៊ី​ដក​ទាហាន​ចេញពី​តំបន់​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​និង​បានព្រមានថា​​អាម៉េរិក​និង​សម្ពន្ធមិត្ត​នឹង​ឆ្លើយតប​ដាច់ខាត​ហើយ​ដាក់ទណ្ឌកម្ម​ដែល​នឹង​បង្ក​ការខាតបង់​ធ្ងន់ធ្ងរ​បើសិនជា​រុស្ស៊ី​វាយ​ចូល​អ៊ុ​យក្រែន​។​

​ប្រធានាធិបតី​ទាំងពីរ​បាន​និយាយ​គ្នា​តាម​ទូរស័ព្ទ​នៅ​មួយថ្ងៃ​បន្ទាប់​ពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក លោក ជេ​ក ស៊ូ​ល​លី​វ៉ាន​( Jake Sullivan)​បាន​ព្រមាន​ថា ផ្នែក​ស៊ើបការណ៍​បង្ហាញថា​ការ​​ឈ្លានពាន​របស់​រុស្ស៊ី​មួយ​អាច​នឹង​ចាប់ផ្តើម​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត និង​អាច​នៅ​មុន​ការបញ្ចប់​កីឡា​អូឡាំពិក​ក្រុង​ប៉េកាំង​នៅ​ថ្ងៃ​២០​កុម្ភៈ​។​

​រុស្ស៊ី​បាន​បដិសេធថា​ខ្លួន​មិន​មាន​បំណង​ចូល​ឈ្លានពាន​ប្រទេស​ក្បែរ​ខាង​អ៊ុយ​ក្រែនទេ តែ​កំពុង​ប្រមូលផ្តុំ​ទាហាន​ជាង​១០០.០០០​នាក់​នៅ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​និង​បាន​បញ្ជូនទាហា​ន​ប្រមាណ​៣០.០០០​នាក់​ទៅ​ធ្វើ​សមយុទ្ធ​នៅ​បេឡា​រូស​ដោយ​ឡោម​ព័ទ្ធ​អ៊ុយ​ក្រែន​ពី​បីទិស​។​

​ពួក​មន្ត្រី​អាម៉េរិក​បាន​និយាយថា ការបង្កើន​កម្លាំង​ទ័ព​រុស្ស៊ី​បាន​ឈាន​ដល់​ចំណុច​ដែល​អាច​ចូល​ឈ្លានពាន​អ៊ុយ​ក្រែន​បាន​ភ្លាម​ដោយ​គ្រាន់តែ​ជូន​ការជូនដំណឹង​ដ៏​ខ្លី​។​ពួក​មន្ត្រី​អាម៉េរិក​ជឿ​ថា​ពួកគេ​នៅ​​សល់​ពេល​មិន​ប៉ុន្មាន​ថ្ងៃ​ទេ​ដើម្បី​រារាំង​ការចូល​ឈ្លានពាន​និង​ការ​បង្ហូរឈាម​ណាមួយ​នៅ​អ៊ុ​យក្រែន​។​

​នៅពេល​អាម៉េរិក​និង​អង្គការ​ណា​តូ​មិនមាន​ផែនការ​បញ្ជូន​ទ័ព​ទៅកាន់​អ៊ុយ​ក្រែន​ដើម្បី​ប្រយុទ្ធ​ត​ទល់​នឹង​រុស្ស៊ី ការឈ្លានពាន​ណាមួយ​និង​ទណ្ឌកម្ម​ជា​ក្រោយ​អាច​បង្ក​ផលប៉ះពាល់​ហួស​អតីត​សាធារណរដ្ឋ​​សូ​វៀត​នេះ ដោយ​ប៉ះពាល់​ដល់​ថាមពល ទីផ្សារ​ពិភពលោក​និង​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​។​

​លោកចូ បៃ​ដិន កាលពី​ថ្ងៃ​សៅរ៍​បាន​ទូរស័ព្ទ​ទៅកាន់​លោកពូ​ទីន​ជាថ្មី អំពី​បញ្ហា​អ៊ុ​យក្រែន

​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​ក៏បាន​ប្រាប់​ទៅ​សម​ភាគី​រុស្ស៊ី​ថា «​ការឈ្លានពាន​ថែមទៀត​ណា​មួយ​នឹង​ជួប​ចម្លើយ​តប​ធំធេង​យ៉ាង​ដាច់ខាត​រួម​គ្នា​ឆ្លងកាត់​មហាសមុទ្រ​អា​ត្លង់​ទិច​»​។​

​ក្នុងពេល​ជាមួយគ្នា ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​ព្យាយាម​រម្ងាប់​អារម្មណ៍​ជ្រួលច្របល់​ក្នុងចំណោម​សាធារណជន នៅ​ពេល​លោក​ត្រួត​មើល​សមយុទ្ធ​យោធា​កាលពី​ថ្ងៃ​សៅរ៍​នៅក្បែរ​តំបន់​គ្រី​ម៉េ ជា​ឧ​ប​​ទ្វីប​ដែល​រុស្ស៊ី​បាន​ចាប់​យក​ពី​អ៊ុ​ក្រែ​ន​និង​ដាក់​ជា​ឧ​ប​សម្ពន្ធ​នៅ​ឆ្នាំ​២០១៤​។​

​លោក​បាន​និយាយថា «​យើង​អត់​ខ្លាច យើង​គ្មាន​ការភិតភ័យ អ្វីៗ​ទាំងអស់​ស្ថិតនៅក្រោម​ការគ្រប់គ្រង​បាន​»​។​

​ចំណែក​មេបញ្ជាការ​កង​កម្លាំងប្រដាប់អាវុធ​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយ​ក្រែន​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​គ្នា​កាន់តែ​ផ្គើន​ថា « យើង​ត្រៀម​ស្វាគមន៍​សត្រូវ មិនមែន​បាច់ផ្កា​ទេ តែ​កាំជ្រួច​ប្រឆាំង​​យន្តហោះ​ធុន​ស្ទីង​ហ្គើ​(Stinger)​កាំជ្រួច​ប្រឆាំង​រថក្រោះ​ធុន ចាវើ​លីន​(Javelin)​និង​NLAW​។​រង់ចាំ​ស្វាគមន៍​ពួកគេ​ទៅ​ន​រក​»​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​និង​សម​ភាគី​រុស្ស៊ី ក៏​បាន​ជួប​សន្ទនា​គារ​តាម​ទូរស័ព្ទ​៕

​ប្រជាជន​អ៊ុយ​ក្រែន​នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​រុស្ស៊ី​នៅ​ទី​ក្រ​គៀវ​កាលពី​ថ្ងៃ​សៅរ៍​