ដោយ: ភ្នំខៀវ / បាត់ដំបងៈរថយន្តកែច្នៃមួយគ្រឿង ខណ:ចុះចំណោតភ្នំហើយច្រឡោតក្រឡាប់បុករះលើម៉ូតូ មួយគ្រឿងទៀតបណ្តាលឲ្យស្លាប់មនុស្សចំនួនបួននាក់ និងរបួស ១០នាក់ផ្សេងទៀត។

ប្រភពពលរដ្ឋឃើញហេតុការណ៍បានបញ្ជាក់ថាមុនពេលកើតហេតុគេបានឃើញរថយន្តច្នៃមួយគ្រឿងបានបើកបរឡើងភ្នំ( ភ្នំព្រឹក ) រហូតដល់ចុះចំណោតភ្នំវិញ ទំនងដាក់លេខមិនចូលបានច្រឡោតក្រឡាប់ជាច្រើនត្រឡប់ និងបន្តបុករះកិនម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរឡើងភ្នំ ក្នុងទិសដៅផ្ទុយគ្នាពីត្បូង ទៅជើង បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់ របួសធ្ងន់ និងស្រាល ចំនួន ១៤នាក់។

លោក វរសេនីយ៍ឯក ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹកបានប្រាប់ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តកែច្នៃ
នេះបានកើតឡើងនៅព្រឹក ថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចលើភ្នំព្រឹក ភូមិ ក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។រថយន្តកែច្នៃ ជាភាគីបង្កនៅក្នុងហេតុការណ៍បានជិះគ្នាចំនួន ១១នាក់ ក្នុងនោះរងគ្រោះស្លាប់ម្នាក់ ឈ្មោះសុត វី ភេទប្រុស អាយុ ៣៤ ឆ្នាំ រស់នៅភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន និងមួយចំនួនទៀតរបួសធ្ងន់ និងស្រាល ។អ្នកបើកបរឈ្មោះឡោម រឿន ភេទប្រុស អាយុជាង ៤០ឆ្នាំ រស់នៅភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន។ ចំណែកឯម៉ូតូរងគ្រោះម៉ាកសង់ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ ២០២២ ស្លាកលេខ បាត់ដំបង ១AP- ២៧០៧ ទាំងអ្នកបើកបរ ទាំងអ្នករួមដំណើរ បានរងគ្រោះស្លាប់ទាំងបីនាក់នៅនឹងកន្លែង មានឈ្មោះញ៉ែម ធឿន ភេទស្រី អាយុ ៦២ ឆ្នាំ. ឈ្មោះ ហែល រ៉េត ភេទប្រុស អាយុ ៦៣ ឆ្នាំ និងចៅឈ្មោះក្រៃ ភព ភេទ ប្រុស អាយុ ០៣ ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

លោក វរសេនីយ៍ឯក ហេង បារាំង បានឲ្យដឹងដែរថាគ្រោះថ្នាក់ខាងលើបានកើតឡើងដោយសាររថយន្តច្នៃ ពេលបើកចុះចំណោតបានដាក់លេខមិនចូលទើបក្រឡាប់បុកម៉ូតូតែម្តង។ ភ្លាមៗសមត្ថកិច្ចជំនាញបានចុះដល់ និងពិនិត្យ រួចធ្វើកំណត់ហេតុប្រគល់សាកសពទៅអោយសាច់ញាតិក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យ ចំណែកវត្ថុតាងរថយន្ត រួមទាំងម៉ូតូ បានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូររំដួល រងចាំការដោះស្រាយ៕សរន