ប្រែសម្រួលៈបំណង(VnExpress)៖ អាជ្ញាធរសុខាភិបាលវៀតណាមកាលពីថ្ងៃសៅរ៍បានអះអាងអំពីការរកឃើញអ្នកកើតកូវីដ១៩ថ្មីចំនួន២៧.៣០២នាក់នៅ៦០ខេត្តក្រុង និងអ្នកជំងឺ៧៨នាក់ទៀតបានស្លាប់នៅ២៤ម៉ោងកន្លងទៅ។
ចំនួនថ្មីនេះនាំអោយវៀតណាមមានអ្នកកើតកូវីដ១៩សរុបតាំងពីដើមឆ្នាំ២០២០មកឡើងដល់ជាង២,៤៥លាននាក់ ៣៨.៨៦៥នាក់ស្លាប់ និងជាង២,២១លាននាក់បានជាពីជំងឺឆ្លងរាតត្បាតសកលនេះ។
ចំពោះការឆ្លងថ្មីកាលពីថ្ងៃសៅរ៍ ទីតាំងបីមានការឆ្លងច្រើនជាងគេគឺក្រុងហាណូយ ២.៩៨១នាក់ ខេត្តណាមឌិញ(Nam Dinh)ចំនួន១.៨៤២នាក់ និងខេត្តហាយហ្វឿង(Hai Duong)ចំនួន១.៦៨១នាក់។
រូបបង្ហាញអ្នកជំងឺកូវីដ១៩នៅមន្ទីរពេទ្យមួយនៅក្រុងហូជីមិញកាលពីឆ្នាំមុនពេលទីក្រុងភាគខាងត្បូងនេះជាមជ្ឈមណ្ឌលផ្ទុះកូវីដ១៩នៅវៀតណាម។ឥឡូវមជ្ឈមណ្ឌលផ្ទុះកូវីដ១៩បានដូរទៅកាន់ទីក្រុងហាណូយភាគខាងជើងវិញ
ទីក្រុងហាណូយក៏មានអ្នកស្លាប់ដោយកូវីដ១៩ខ្ពស់ជាងគេកាលពីម្សិលមិញគឺ១៨នាក់ ខណៈទីក្រុងហូជីមិញ ធ្លាក់មកនៅ៣នាក់។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនវៀតណាម៩៦លាននាក់ ៧៤,៦លាននាក់បានចាក់វ៉ាក់សាំងចំនួនពីរដូស និង៣១,៣លាននាក់បានចាក់ដូសទីបី។
ទោះជាឆ្លងជាងពីរម៉ឺននាក់ក្នុងមួយថ្ងៃ ក៏តាំងពីមុនមកវៀតណាមបានរកឃើញអ្នកឆ្លងវីរុសអូមីក្រុងតែ២២៥នាក់ និងឆ្លងក្នុងសហគមន៍តែ១១ករណី ក្រៅពីនេះសុទ្ធតែនាំចូលមកពីក្រៅ។ដូច្នេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកំពុងរងការវាយប្រហារពីវីរុសបំប្លែងខ្លួនដែលតានៅឡើយដែលវាគ្រោះថ្នាក់ខ្លាំងដល់អ្នកជំងឺនិងប្រព័ន្ធសុខាភិបាលប្រទេស។
កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលបានព្រមានថា ប្រព័ន្ធសុខាភិបាលជាតិអាចរងសម្ពាធខ្លាំង ក្រោយប្រទេសជួបកំណើននៃការឆ្លងប្រចាំថ្ងៃជាថ្មីនៅក្រោយការឈប់សម្រាកចូលឆ្នាំថ្មី។មុនចូលឆ្នាំថ្មីរបស់ប្រជាជនចិនវៀតណាមកាលពីដើមខែ វៀតណាមមានអ្នកឆ្លងប្រចាំថ្ងៃប្រមាណ១៥.០០០នាក់ តែបានឡើងជាង២០.០០០នាក់ថេរនៅក្រោមចូលឆ្នាំថ្មី បន្ទាប់ពីមនុស្សរាប់លាននាក់ធ្វើដំណើរកម្សាន្តនិងជួបជុំគ្រួសារ និងវិលមកកន្លែងធ្វើការវិញ។
ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «កំណើននៃការធ្វើដំណើរក្នុងអំឡុងពេលចូលឆ្នាំ បង្កើនការឆ្លងក្នុងសហគមន៍ រួមទាំងហានិភ័យនៃការឆ្លងរាលដាលវីរុសអូមីក្រុង។បើគ្រប់គ្រងមិនបានល្អឡើងទេ ចំនួនឆ្លងនឹងកើនឡើង ដោយដាក់សម្ពាធលើប្រព័ន្ធសុខាភិបាលនិងបង្កការស្លាប់ច្រើនថែមទៀត»៕
វៀតណាមកំពុងស្ថិតក្នុងដំណាក់កាលរងការវាយប្រហារពីវីរុសដែលតានៅឡើយ តែការរឹតត្បិតប្រឆាំងកូវីដ១៩ត្រូវបានដកចេញស្ទើរអស់ រួមទាំងបើកសាលារៀនឡើងវិញ