ដោយៈ សុវណ្ណកុម្ភៈ / ភ្នំពេញៈ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហាញ បញ្ជីឈ្មោះផ្លូវការ កីឡាករ ២៨នាក់ ចុងក្រោយ នៃក្រុមជម្រើសជាតិ អាយុក្រោម ២៣ ឆ្នាំកម្ពុជា ដែលជាប់ក្នុងការធ្វើតេស្ត សម្រាប់ចូលរួមប្រកួត ពានរង្វាន់បាល់ទាត់ជើងឯក អាស៊ីអាគ្នេយ៍ អាយុក្រោម ២៣ឆ្នាំ AFF U23 Championship 2022 នៅកម្ពុជា ហើយកាលពីរសៀល ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញនេះ។
កីឡាករ ២៨ នាក់ ចុងក្រោយ ដែលឆ្លងផុតការធ្វើតេស្ដ ២ ដំណាក់កាលនេះ រួមមាន កីឡាករ ក្លិបបឹងកេត ៧នាក់ (ហ៊ុល គឹមហ៊ុយ, កយ សាលីម, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ, លឹម អារុណរ៉េយមិន និងសាន គឹមហេង)។ វិសាខា ៦នាក់ (វីរៈ ដារ៉ា, ទេស សម្បត្តិ, ឡេង ណូរ៉ា, សារ ទី, រដ្ឋ វីរៈ និង គី រីណា)។ ព្រៃវែង ៤នាក់ (ចាន់ សារ៉ាពេជ្រ, ស រតនា, ស៊ិន សុវណ្ណមករា និងអាត អូនតូច)។ ភ្នំពេញក្រោន ៣នាក់ (យ៉ើ សាហ្វី, សឿត បារាំង និងជួន ចាន់ចាវ)។ ព្រះខ័នរាជស្វាយរៀង ៣នាក់ (មិន រតនៈ, នី សុខរី និង អ៊ាន ពិសី)។ កងយោធពលខេមរភូមិន្ទ ៣នាក់ (ណារ៉ុង កក្កដា និងញាណ សុស៊ីដាន)។ អគ្គិសនីកម្ពុជា ២នាក់ (ណុប ដេវីត និងឈឿង វិស៊ីនុ) និងអង្គរថាយហ្គឺរម្នាក់ (ម៉ៅ ពិសិដ្ឋ)។
កីឡាករដ៏សំខាន់មួយរូប ដែលតែងជាប់ និងជួយក្រុមជម្រើសជាតិ កន្លងមក គឺកីឡាករ លឹម ពិសុទ្ធ បានអវត្តមាន ដោយសារខ្សែប្រយុទ្ធ វ័យក្មេងរូបនេះ មានបញ្ហារបួស អំឡុងពេលហ្វឹកហាត់ រូបគេមិនអាចជួយក្រុមកម្ពុជា ក្នុងបេសកកម្មប្រកួត AFF U23 Championship 2022 នាដើមសប្ដាហ៍ក្រោយនេះបាន។ ហេតុនេះ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា សម្រេចឲ្យកីឡាកររូបនេះ សម្រាកព្យាបាលរបួស ចៀសវាងនាំឲ្យមានរបួសរ៉ាំរៃ បង្ករភាពធ្ងន់ធ្ងរ និងប៉ះពាល់ ដល់អាជីពគេ នាថ្ងៃក្រោយ។
កម្ពុជា បានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះ ការប្រកួតពានរង្វាន់ AFF U23 Championship 2022 ចាប់ពីថ្ងៃទី១៤ ស្អែកនេះ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ ដោយប្រើប្រាស់ ទីលានប្រកួត ចំនួន ២ គឺពហុកីឡដ្ឋានជាតិ មរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ក្រុមកម្ពុជា ស្ថិតក្នុងពូល A ជាមួយទីម័រខាងកើត ហ្វីលីពីន និងព្រុយណេ ខណៈការប្រកួតបើកឆាក កម្ពុជា ត្រូវជួបព្រុយណេ មុនគេ នាថ្ងៃទី១៤ ខែកុម្ភៈ តែម្ដង ។ រីឯពូល B នៅសល់បេក្ខភាព ប្រកួតប្រជែង ៣ ក្រុមប៉ុណ្ណោះ បន្ទាប់ពីឥណ្ឌូនេស៊ី រួមមាន ក្រុមម៉ាឡេស៊ី មីយ៉ាន់ម៉ា និងឡាវ គ្រាដែលពូល C មាន ៣ ក្រុម ដូចគ្នា រួមមាន ថៃ វៀតណាម និងសិង្ហបុរី៕/V