ដោយៈ ដកស្រង់ពីវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត
សាក្សី
(សាក-សី)
នាមសព្ទ
( សំ. < សាក្សិន៑; បា. សក្ខី ) ស្ម, បន្ទាល់
សឹងមានសាក្សីបានដឹងបាន ឃើញផង ។ សាក្សីទុច្ចរិត សាក្សីដែលប្រព្រឹត្តអំពើអាក្រក់, សាក្សីវៀច ។ សាក្សីបញ្ចេះ សាក្សីដែលអ្នកអាងដល់លបបញ្ចេះមុនជាស្រេច ។ សាក្សីពេជ្រញាណ សាក្សីដែលបានដឹងឮជាក់ប្រាកដ ទាំងមានអានុភាពអង់អាចផង ។ ច្រើនប្រើក្នុងការសំបូងសង្រូង : សូមពួកទេវតាជាសាក្សីពេជ្រញាណរបស់ខ្ញុំ! ។ ល ។
សុខ
(សុក)
គុណសព្ទ
( សំ. បា. ) ដែលសប្បាយ; ងាយ; ស្រួល; ស្រណុក; សម្រាន្ត ។ ន. សេចក្ដីសប្បាយ; ដំណើរងាយ; ដំណើរស្រួល; ដំណើស្រណុក; សេចក្ដីសម្រាន្ដ
មានសុខ, បានសុខ ។
ប្រើពាក្យ “សេចក្ដី” ផ្សំខាងដើមផងក៏បាន
មានសេចក្ដីសុខ ។ ព. ផ្ទ. ទុក្ខ ។
សុខកថា ( សុខៈកៈ—) សម្ដីដែលនាំឲ្យបានសុខ ។ សុខកាម ( សុខៈ—) អ្នកស្រឡាញ់សុខ, អ្នកប្រាថ្នាសុខ ។ សុខកាយ ( សុក— ) ស្រួលខ្លួន។ សុខការណ៍ ( សុខៈ— ) ហេតុដែលនាំឲ្យបានសុខ, ឲ្យបានស្រួល ។ សុខកិរិយា ឬ —ក្រិយា ( សុខៈ— ) ការធ្វើឲ្យបានសុខ, ឲ្យបានស្រួល ។ សុខក្សេមឬ សុខក្សេមក្សាន្ដ ( សុក— ) សុខសម្រាន្ដ, សុខស្រួល ។ សុខចិត្ត ( សុក— ) សប្បាយចិត្ត; ពេញចិត្ត, ល្មមដល់ចិត្ត ។ សុខទាយក ( សុខៈទាយក់ ) អ្នកឲ្យសុខ ( បើស្ត្រីជា សុខទាយិកា ) ។ សុខទុក្ខ ឬ ទុក្ខសុខ ( សុក—ឬ ទុក-សុក ) សុខនិងទុក្ខឬទុក្ខនិងសុខ ។ សុខប្រធាន ( សុ-ខ័ប-ប្រៈ— ) ការប្រគល់សុខឲ្យ, ការឲ្យសុខ ។ សុខប្រាប្ដ ( សុខៈប្រាប ឬ—ខ័ប— ) អ្នកដែលបានប្រទះសេចក្ដីសុខ, អ្នកបានសុខ ។ សុខព័ន្ធន៍ ( សុខៈពាន់ ) ការជាប់ជំពាក់ដោយសេចក្ដីសុខ ( ក្នុងលោក ) ។ សុខភាព ( សុខៈភាប ) ភាពជាសុខ,សេចក្ដីសុខ។ សុខភូមិ ( សុខៈភូម ) ទីដែលប្រកបដោយសុខ, ទីស្រួលនៅ ។ សុខយាត្រា ( សុខៈ— ) ការដើរស្រួល ។ សុខយាន ( សុខៈ—) យានស្រួលជិះ ។ សុខលក្ខណៈ (សុខៈ—) លក្ខណៈនៃសេចក្ដីសុខ ។ សុខលាភ ( សុខៈ—) ការបានសុខ ។ សុខវឌ្ឍកៈ ឬ—វ័ឌ្ឍក៍ ( សុខៈវ័ត-ឍៈកៈឬ—វ័ត ) អ្នកដែលចម្រើនដោយសុខ ( បើស្ត្រីជា សុខវឌ្ឍិកា ) ។ សុខវឌ្ឍនៈ ឬ—វ័ឌ្ឍន៍ ( សុខៈវ័ត-ឍៈនៈឬ—វ័ត ) ការចម្រើនដោយសុខ ។ សុខវិជ្ជា ឬ—វិទ្យា ( សុខៈ— ) វិជ្ជាប្រាប់វិធីប្រតិបត្តិឬថែទាំមានការសម្អាតជាដើម ដែលនាំឲ្យបានសុខ ។ សុខវិទ្យាសាស្ត្រ ( សុខៈ— ) ក្បួនឬតម្រា, ច្បាប់និយាយអំពីសុខវិទ្យា ។ សុខវេទនា ( សុខៈវេទៈនា ) ការទទួលអារម្មណ៍ជាសុខ ។ សុខសម្ផស្ស ( សុខៈសំ-ផស់ ) សម្ផស្សដែលស្រួល, ការប៉ះប្រទះសេចក្ដីសុខ ។ សុខសម្ភាស (សុខៈសំភាស) អ្នកពោលពាក្យនាំឲ្យបានសុខ; អ្នកនិយាយសម្ដីងាយស្ដាប់ ។ សុខសយនា ( សុខៈសៈយ៉ៈន៉ា) កន្លែងដេកស្រួល ។ សុខសាន្ដ(សុក-សាន) សុខស្ងប់ ។ សុខសាន្ដត្រាណ ( សុក-សានត្រាន ) ដែលមានទីពំនាក់ ឬ មានទីអាងឲ្យបានសុខស្ងប់
ស្រុកសុខសាន្ដត្រាណ ។
សុខសាសន៍ ( សុខៈសាស ) ដំណឹងឬសំបុត្រប្រាប់សេចក្ដីសុខ ។ សុខសួស្ដី ( សុក— ) សុខនិងសួស្ដី ។ សុខសេយ្យា ( សុខៈសៃយ៉ា ) ការដេកជាសុខ, ការដេកស្រណុក ។ សុខា សេចក្ដីសុខ ( ព. កា. )
សូមពួកទេព្តា ជួយឲ្យសុខា ដល់ពួកអ្នកត្រង់ កាន់សីលកាន់ធម៌ បវរផ្ចិតផ្ចង់ ពុំដែលលុះលង់ ក្នុងក្តីទុច្ចរិត ។
សុខាភិបាល ( សំ. បា. < សុខ + អភិបាល ) ការថែរក្សា** ឬ គ្រប់គ្រង, ទំនុកបម្រុងឲ្យបានសុខ ។ ឈ្មោះក្រសួងរដ្ឋមន្ត្រីមួយកាន់កាប់ខាងមុខការថែរក្សាប្រជាពលរដ្ឋឲ្យបានប្រកបដោយសុខភាពគឺក្រសួងពេទ្យ
**ពាក្យ “ថែរក្សា ” ត្រូវបានកែតម្រូវពីពាក្យដើម “ថែររក្សា ” ដោយហេតុថាពុំមានពាក្យ “ថែររក្សា ” ទេ អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
ក្រសួងសុខាភិបាល ឬ ក្រសួងសាធារណសុខាភិបាល ក្រសួងសុខាភិបាលជាសាធារណៈ ។
សុខាភិយាចនា ( —ចៈន៉ា; < សុខ + អភិ-យាចនា “ការអង្វរ; ការបន់ស្រន់សូមឲ្យបានសុខ” ) ការបន់ស្រន់, បួងសួង, សំបូងសង្រូងសូមឲ្យបានសុខ
ធ្វើសុខាភិយាចនា។
សុខារម្មណ៍ ( បា. < សុខ + អារម្មណ ) អារម្មណ៍ជាសុខ, អារម្មណ៍ដែលទទួលសេចក្ដីសុខ ។ សុខាសា ( បា. < សុខ + អាសា “បំណង” ) បំណងឲ្យបានសុខទៅមុខ ) ។ ល ។
សែន
បកតិសំខ្យា
ចំនួនដប់ហ្មឺន ( ១០០.០០០ )
ប្រាក់មួយសែន ។
កិរិយាវិសេសន៍
( ព. ប្រ. ) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ ។
គុណសព្ទ
( ព. ប្រ. ) ច្រើន, ក្រៃពេក, ក្រៃលែង; ណាស់ : សែនក្រ, សែនពិបាក, សែនព្រួយ; សែនស្រណុក, សែនសប្បាយ; សែនខឹង, សែនស្អប់, សែនស្ដាយ ។
កិរិយាសព្ទ
ដាក់ភោជនាហារសំបូងសង្រូង** ចំពោះទៅមតកបុគ្គល ឬដាក់ក្រយាបូជាពោលពាក្យអំពាវនាវចំពោះខ្មោចបិសាច
**ពាក្យ “សំបូងសង្រូង” ត្រូវបានកែតម្រូវពីពាក្យដើម “សបូងសង្រូង” ដោយហេតុថាមានតែពាក្យ “សំបូងសង្រូង” អនុលោមតាមវចនានុក្រមខ្មែរ សម្ដេច ជួន ណាត។
សែនខ្មោច, សែនដូនតា, សែនពែ, សែនព្រេន, សែនអ្នកតា ។
ព. ប្រ. លបសូក, ឲ្យសំណូក
ទាល់តែសែនត្រូវទើបបានស្រួល ។
អធិដ្ឋាន
(អៈធិត-ឋាន)
នាមសព្ទ
( បា. ឬ សំ. —ឞ្ឋាន ) ការតាំងចិត្ត, ការតាំងចិត្តនឹកតម្រង់ចំពោះ; ការតាំងចិត្តសំបូងសង្រូងឬការសំបូងសង្រូងដោយចិត្តនឹក; ការនឹកផ្សង, ការតាំងចិត្តប្រាថ្នា : ធ្វើអធិដ្ឋាន ។ ខ្មែរច្រើនប្រើជា កិ. “តាំងចិត្ត, តាំងចិត្តនឹកថាឲ្យទៅជាដូច្នេះដូច្នោះ ឬថាឲ្យបានសម្រេចដូចបំណង; ផ្សង; ប្រាថ្នា” : អធិដ្ឋានថាសូមឲ្យបានសម្រេចដូចបំណង ។ ភិក្ខុអធិដ្ឋានចីពរ ភិក្ខុតាំងចិត្តថា “ផ្ទាំងសំពត់នេះចូរជាចីពរទៅ !” ។ ប្រតិស្ឋអធិស្ឋាន ( មើលក្នុងពាក្យ ប្រតិស្ឋ ) ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. —ន៉ៈ, ដូចជា អធិដ្ឋានធម៌ ធម៌សម្រាប់អធិដ្ឋាន; ធម៌អស្ចារ្យដែលកើតអំពីអធិដ្ឋាន ( អធិដ្ឋានបារមី ) ។ អធិដ្ឋានបារមី បារមីដែលកើតអំពីអធិដ្ឋានឲ្យឃើញជាក់ស្ដែងតាមហេតុពិត ( ម. ព. ទសបារមី ផង ) ។ អធិដ្ឋានសីល សីលដែលកើតដោយអធិដ្ឋាន ( មិនមែនកើតដោយសមាទាន ឬ កិ. អធិដ្ឋានឲ្យកើតបានជាសីល ) ។ ល ។
ឱបម្មសំសន្ទនា
(–ប៉័ម-ម៉ៈស័ង-សន-ទៈនា)
នាមសព្ទ
( បា. ) ការផ្ទៀងផ្ទាត់ដោយប្រៀបធៀប, ការផ្ទៀងតម្រូវដោយល្អិតល្អ
ធ្វើឱបម្មសំសន្ទនា, សៀវភៅមានឱបម្មសំសន្ទនា។
( ព. កា. )
ឱបម្មសំ – សន្ទនា ជាភារកិច្ចដ៏សំខាន់ ដែលកម្មការីត្រូវប្រកាន់ ប្រយ័ត្នក្រែងភ័ន្តមានកំហុស ។