ដោយៈ គង់ហេង/ កំពង់ចាមៈ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ចំនួនជិត ៥០០ នាក់មកពីខេត្តកំពង់ស្ពឺ បាននិងកំពុងពិនិត្យព្យាបាលជំងឺទូទៅ ជូនប្រជាពលរដ្ឋចំនួន បួន ស្រុក របស់ខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១៣ កុម្ភៈនេះតទៅ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានអញ្ជើញចូលរួមសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដែលមានបញ្ហាសុខភាពប្រមាណ ១.០០០ នាក់ អញ្ជើញមកពីឃុំចំនួន ១១ នៅវិទ្យាល័យកងតាណឹង ស្រុកកងមាសបានថ្លែងឱ្យដឹងថាៈ ការព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យច្រើនជំនាញ ដោយចាប់ផ្តើមពីដើមឆ្នាំ២០២២នេះ ដំបូងគេចេញពីស្រុកកងមាស។
លោកអភិបាលខេត្តកំពង់ចាមបានថ្លែងឱ្យដឹងទៀតថាៈ យោងតាមផែនការ ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលមានការឯកភាពពីលោក ហ៊ុន ម៉ានី គឺក្នុងខែកុម្ភៈនេះក្រុមគ្រូពេទ្យពិនិត្យ ព្យាបាល សុខភាពជូនប្រជាពលរដ្ឋទូទៅ ឥតគិតថ្លៃ មិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយនោះទេ បន្ទាប់ពីស្រុកកងមាសនេះ ចូលដល់ខែក្រោយខែមីនា នឹងទៅកាន់ស្រុកស្រីសន្ធរ ខែមេសាទៅស្រុកជើងព្រៃ ហើយនឹងបិទបញ្ចប់ខែឧសភា នៅខាងស្រុកចម្ការលើ។ ស្របពេលការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នឹងជិតមកដល់។
លោកបានបន្តថាៈ ក្នុងនោះប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព នឹងជួបជាមួយក្រុមគ្រូពេទ្យជំនាញតាមអាការៈជំងឺ ហើយគ្រូពេទ្យនឹងផ្តល់ថ្នាំសង្កូវតាមវេជ្ជបញ្ជា។ ជាមួយនោះលោកអភិបាលខេត្តកំពង់ចាមរូបនេះ ក៏សូមសម្តែងការអរគុណជាអនេកដល់ថ្នាក់ដឹកនាំ នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោក ហ៊ុន ម៉ានី ទាំងអស់ ដែលបានខិតខំប្រឹងប្រែរៀបចំផែនការពិនិត្យ ព្យាបាលជំងឺយ៉ាងលម្អិតជូនដល់ប្រជាពលរដ្ឋខេត្តកំពង់ចាម៕