ដោយៈវ៉ៃកូ/ស្វាយរៀងៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក លី ធុច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ខេត្តស្វាយរៀង បានមានប្រសាសន៍ថាៈ ភាពជោគជ័យក្នុងជីវិត និងភាពជោគជ័យរបស់ប្រទេសជាតិ គឺបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ដែលជាស្ថាបនិកនៃក្តីសង្ឍឹម និងអនាគត សម្រាប់សង្គមជាតិមាតុភូមិរបស់យើង។
លោក លី ធុច បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោក និងក្រុមការងារបានអញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងថ្លែងអំណរដល់លោកគ្រូ-អ្នកគ្រូ ទូទាំងក្រុងបាវិតសរុបចំនួន ៣៦៣ នាក់មកពីសាលាចំនួន ២១ និងការិយាល័យអប់រំ យុវជន និងកីឡា ក្រុងបាវិតខេត្តស្វាយរៀង។
ពិធីនេះ បានប្រព្រឹត្តិទៅនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបាវិត និងមានការចូលរួមពី លោក សេង សីលា អភិបាលរងខេត្តស្វាយរៀង តំណាងរបស់ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង លោក លឹម សៀង ហេង អភិបាលក្រុងបាវិត ក្រុមការងារក្រុង ក្រុមការងារសង្កាត់ទាំង៥ និងរដ្ឋបាលក្រុងបាវិត។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសម្តែងនូវការដឹងគុណជូនចំពោះការលះបង់ចេញពីបេះដូងទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់លោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាល និងបង្រៀនដល់សិស្សានុសិស្សដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីឱ្យយើងទាំងអស់ក្លាយជាមនុស្សល្អ បងប្អូនល្អ ប្តីប្រពន្ធល្អ និងប្រជាពលរដ្ឋល្អ។
លោកបានបន្តទៀតថាៈ ការលះបង់របស់លោកគ្រូ-អ្នកគ្រូ ពិតជាមានភាពវិសេសក្រៃលែងសម្រាប់យើងទាំងអស់គ្នា មានតម្លៃមហិមា មានសារៈសំខាន់ និងមានឥទ្ធិពលទៅលើជីវិតមនុស្សគ្រប់គ្នា។ លោកសូម ចាត់ទុកគ្រូបង្រៀន គឺជាឆ្អឹងខ្នងដ៏រឹងមាំ និងជាត្រីវិស័យដែលបានបង្ហាញផ្លូវយើងទៅកាន់ការចង់ដឹង ការចង់លឺ ផ្តល់ចំណេះដឹង និងមានប្រាជ្ញាវាងវៃ ព្រមទាំងជាផ្លូវបង្ហាញទិស ទៀនបំភ្លឺផ្លូវ ផ្តល់មិត្តភាព វិន័យ និងសេចក្តីស្រលាញ់ ដល់មនុស្សគ្រប់គ្នា។ លោកគ្រូ-អ្នកគ្រូ គឺជាអ្នកជំរុញទឹកចិត្ត និងជាអ្នកផ្លាស់ប្តូរជីវិតរបស់យើង ហើយភាពជោគជ័យក្នុងជីវិត និងភាពជោគជ័យរបស់ប្រទេសជាតិរបស់យើង គឺបានមកពីការចូលរួមរបស់លោកគ្រូ អ្នកគ្រូ ដែលជាស្ថាបនិកនៃក្តីសង្ឍឹម និងអនាគត សម្រាប់សង្គមជាតិមាតុភូមិរបស់យើង៕