ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំងរួមដំណើរដោយ លោក សរ លាង ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត អាជ្ញាធរ ស្រុកកំពង់ត្រឡាច បានចុះពិនិត្យមើលទីតាំង វត្តចន្ទសុរិយាហៅវត្តក្រឡាញ់ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ដែលត្រូវដាក់សម្ភោធដាក់អោយប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។
ព្រះកុសលសត្ថា ឆៃ សៅ ព្រះរាជាគណៈ ថ្នាក់កិត្តិយស ជាជំនួយការសាលាគណខេត្តកំពង់ឆ្នាំង ព្រះសមុហ៍គណអនុគណ ស្រុកកំពង់ត្រឡាច និងជាព្រះចៅអធិការវត្តចន្ទសុរិយា ហៅវត្តក្រឡាញ់ បានមានសង្ឃដីការាយការណ៍ថាៈ វត្តនេះ មានប្រវត្តិ២៤២ ឆ្នាំហើយ គឺកើតឡើងតាំងពី ទោស័ក ព.ស ២៣២៣ ត្រូវនឹង គ.ស ១៧៨០ ក្នុងរជ្ជកាលព្រះអង្គអេង រាជធានីឧដ្តុង្គ។
នៅក្នុងសម័យ ប៉ុល ពត វត្តចន្ទសុរិយា ទទួលរងនូវការបំផ្លាញខ្ទេចខ្ទីដូចបណ្តាវត្តនានានៅទូទាំងប្រទេសដែរ ដោយគុណថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ជាជីវិតទី២វត្តនេះ ត្រូវបានប្រជាពលរដ្ឋរៀបចំឡើងវិញ ដើម្បីជាទីសក្ការៈគោរពបូជា។ នៅឆ្នាំ១៩៨៧ វត្តនេះ បានចាប់ផ្តើមអភិវឌ្ឍន៍កសាងឡើងវិញ រហូតមកដល់បច្ចុប្បន្ននេះ វត្តចន្ទសុរិយា បានឆ្លងនៃការគ្រប់គ្រងពីសំណាក់ព្រះគ្រូចៅអធិការវត្ត ចំនួន១៤ព្រះអង្គ ។
ព្រះកុសលសត្ថា ឆៃ សៅ បានមានសង្ឃដីការាយការណ៍បន្តថាៈ ព្រះអង្គ គឺជាព្រះចៅអធិវត្តទី១៤ ដែលព្រះអង្គបានចូលមកដឹកនាំគ្រប់គ្រង និង អភិវឌ្ឍន៍នៅវត្តនេះចាប់តាំងពីឆ្នាំ២០០៩មកម្លេះ រយៈពេលនៃការដឹកនាំ គ្រប់គ្រងនៅក្នុងវត្ត ព្រះអង្គ បានធ្វើការអភិវឌ្ឍ វត្តចន្ទសុរិយា ហៅវត្តក្រឡាញ់ ជាបន្តបន្ទាប់ ដែលសមទ្ធិផលទាំងអស់នេះ បានចូលរួមពីសប្បុរសជន ពុទ្ធិបរិស័ទជិតឆ្ងាយ និង ពុទ្ធបរិស័ទចំណុះជើង ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានបានខិតខំកសាងមានរីកចំរើនរហូតដល់បច្ចុប្បន្ននេះ ជាពិសេសមានការគាំទ្រពីលោកស្រី ឧកញ៉ា អ៊ឹង លីគាង និង ក្រុមគ្រួសារ ។ ហើយសមិទ្ធផលទាំងអស់នេះបានឆ្លុះបញ្ចាំងឱ្យឃើញកាន់តែច្បាស់ អំពីការរីកចម្រើន និងការអភិវឌ្ឍប្រទេសជាតិក្រោមការដឹកនាំរបស់របស់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី៕