ដោយៈមុនីរ័ត្ន/ភ្នំពេញ:តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសិង្ហបុរីនឹងដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនិងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តី ការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៥ ដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ២០២២បានបញ្ជាក់ថាក្នុងឱកាសស្នាក់នៅ កម្ពុជា បណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់ នឹងអញ្ជើញចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានិងមានជំនួបពិភាក្សាផ្លូវការជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមានវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំនិង សុខាភិបាលព្រមទាំងបញ្ហាតំបន់ និង អន្តរជាតិដែលជាចំណាប់អារម្មណ៍និង ក្តីបារម្ភរួម ។

លោករដ្ឋមន្រ្តីការបរទេសសិង្ហបុរី ក៏នឹងមានជំនួបដាច់ដោយឡែកពីគ្នាជាមួយលោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌និងទេសចរណ៍នៃរដ្ឋសភាកម្ពុជាផងដែរ។

ក្រសួងការបទេសបានបន្តថាថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកបណ្ឌិត វីវៀន បាឡាគ្រីស្ហ្សណាន់មកកាន់កម្ពុជា នឹងពង្រឹង និងធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងកម្ពុជា និងសិង្ហបុរីដើម្បី ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ៕ សរន