ដោយ:តារារិទ្ធ/ភ្នំពេញ:សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកដល់ប្រទេសកម្ពុជាវិញ ដោយសុវត្ថិភាព នៅយប់ថ្ងៃអាទិត្យទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូង និងអញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកឆ្នាំ២០២២ ប្រកបដោយលទ្ធផលយ៉ាងត្រចះត្រចង់ ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែកុម្ភៈ ដើម្បីចូលកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក ឆ្នាំ២០២២ ក្រោមមូលបទ «ឆ្ពោះទៅកាន់សន្តិភាពនៅឧបទ្វីបកូរ៉េ» និងអញ្ជើញទទួលពានរង្វាន់ស្នាដៃសន្តិភាពពិសេសរបស់ស្ថាបនិក អង្គការសន្តិភាពសកល នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។

ក្នុងពេលស្នាក់អាស្រ័យបំពេញការងារនៅទីនោះ សម្ដេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម បាន គីមូន អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ, ទទួលជួបឯកឧត្តម មូន ចេអ៉ីន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ, ទទួលជួបប្រធានរដ្ឋសភាជាតិកូរ៉េ និងបានជួបជាមួយពលរដ្ឋខ្មែរមួយចំនួនដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីកូរ៉េខាងត្បូងនាពេលនេះ បានបង្ហាញពីតួនាទីដ៏សំខាន់របស់កម្ពុជា ជាពិសេសសម្តេចតេជោផ្ទាល់តែម្តង ក្នុងការស្វះស្វែងរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ តំបន់ និងលើពិភព លោក តាមរយៈការធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក។ ទាំងវត្តមានក្នុងកិច្ចប្រជុំស្តីពីការរកសុខសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ និងការទទួលបានពានរង្វាន់សន្តិភាពស៊ុនហាក់ឆ្នាំ២០២២ របស់សម្តេចតេជោ គឺបាននាំមកនូវមោទនភាព និងកិត្តិយសដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលជាជាតិសាសន៍ធ្លាប់រងនូវភាពវេទនាកាលពីអតីតកាលព្រោះតែសង្គ្រាម៕សរន