ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ:ការប្រកួតប្រដាល់គុនខ្មែរជើងឯកជាតិឆ្នាំ២០២១នឹងចាប់ផ្ដើមនៅរសៀលថ្ងៃទី១៤ខែកុម្ភៈនេះ។បើតាមការគ្រោងទុកព្រឹត្តិការណ៍នេះនឹងបញ្ចប់នៅថ្ងៃទី១៨ខែកុម្ភៈ ។

លោកសាស្ត្រាចារ្យ ម៉ិល កាដូ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបញ្ជាក់ឲ្យដឹងមានការប្រកួតនេះ មានចំនួន១៤សមាគម ក្រសួង រាជធានី ខេត្តចូលរួម ។បណ្ដាសមាគម ក្រសួង រាជធានីខេត្តដែលចូលរួមនោះមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តកណ្ដាល បន្ទាយមានជ័យ សៀមរាប បាត់ដំបង រតនគីរី មណ្ឌលគីរី ស្វាយរៀង ព្រៃវែង ត្បូងឃ្មំ កំពង់ធំ និង ខេត្តកោះកុង ។

សម្រាប់មួយសមាគម ក្រសួង រាជធានី ខេត្តគឺមួយប្រភេទទម្ងន់យកតែកីឡាករ និងកីឡាការិនីមួយរូបប៉ុណ្ណោះ។ ហេតុនេះខេត្តរាជធានី ក្រសួង និងសមាគមត្រូវតែជ្រើសរើសកីឡាករ និង កីឡាការិនីរូបណាដែលខ្លាំង មានសមត្ថភាពខ្ពស់មកចូលរួមប្រកួត ។

សម្រាប់កីឡាករដែលមានចំនួន៩៧រូបចូលរួមប្រកួតនោះមាន៩ប្រភេទទម្ងន់គឺទម្ងន់៤៥គីឡូក្រាម ៤៨គីឡូក្រាម ៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម ៦៧គីឡូក្រាម និង ៧១គីឡូក្រាម ។

សម្រាប់កីឡាការិនីដែលមានចំនួន១៣រូបចូលរួមប្រកួតនោះមានចំនួន៥ប្រភេទទម្ងន់ប៉ុណ្ណោះគឺប្រភេទទម្ងន់៥១គីឡូក្រាម ៥៤គីឡូក្រាម ៥៧គីឡូក្រាម ៦០គីឡូក្រាម និង ប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។

សហព័ន្ធបានលេងធ្ងន់ដៃបន្តិចហើយគឺរាល់ការតវ៉ាទាំងឡាយណាចំពោះលទ្ធផលនៃការប្រកួតនោះប្រតិភូ ឬ តំណាងដែលតវ៉ាត្រូវតែធ្វើឡើងមិនឲ្យហួសពី៣០នាទីក្រោយពីគណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលឡើយ ។

រាល់ការតវ៉ាត្រូវតែបង់ប្រាក់តម្កល់ចំនួន២០០.០០០រៀលដែលប្រាក់តម្កល់នោះមិនអាចដកយកទៅវិញបានឡើយទោះបីក្រោយពីការដោះស្រាយចប់មានលទ្ធផលយ៉ាងណាក៏ដោយ។ការសម្រេចរបស់គណៈកម្មការរៀបចំការប្រកួតគឺជាការសម្រេចចុងក្រោយបិទរាលការតវ៉ាទាំងអស់ ៕សរន