ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលជើងហោះហើរទៅកាន់រដ្ឋធានីអ៊ុយក្រែនហើយកងទ័ពនៅទីនោះបានដឹកជញ្ជូនសព្វាវុធថ្មីៗពីសមាជិកណាតូកាលពីថ្ងៃអាទិត្យទី១៣កុម្ភៈខណៈប្រធានាធិបតីរបស់ខ្លួនកំពុងស្វែងរកភាពជឿជាក់នៅចំពោះមុខការព្រមានរបស់សហរដ្ឋអាម៉េរិកអំពីការឈ្លានពានដែលអាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដោយកងកម្លាំងរុស្ស៊ីដែលកាន់តែមានចំនួនច្រើនឡើង។
លោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskyy)បាននិយាយទៅកាន់ប្រធានាធិបតីចូ បៃដិន ប្រហែលមួយម៉ោង ដោយទទូចថា អ៊ុយក្រែនបានដាក់ប្រទេសនៅក្រោម”ការការពារប្រកបដោយសុវត្ថិភាពនិងគួរឱ្យទុកចិត្តរួចហើយ” ប្រឆាំងនឹងការវាយប្រហារគួរឱ្យខ្លាចពីសំណាក់យោធារុស្ស៊ីដ៏ខ្លាំងក្លា។ សេតវិមានបាននិយាយថាប្រធានាធិបតីទាំងពីរបានយល់ព្រមបន្តជំរុញទាំងការទប់ទល់និងផ្នែកការទូត ដើម្បីព្យាយាមទប់ស្កាត់ការវាយលុកពីសំណាក់យោធារុស្ស៊ី។
រដ្ឋបាលបៃដិនបាននិយាយកាន់តែខ្លាំងឡើងអំពីការព្រួយបារម្ភរបស់ខ្លួនថារុស្ស៊ីនឹងរៀបចំឧបទ្ទវហេតុមួយនៅក្នុងប៉ុន្មានថ្ងៃខាងមុខដែលនឹងបង្កើតលេសក្លែងក្លាយសម្រាប់ការឈ្លានពានលើអ៊ុយក្រែន។
ការរកឃើញរបស់ចារកម្មអាម៉េរិកនិងអឺរ៉ុបក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះបានបង្កឱ្យមានការព្រួយបារម្ភថារុស្ស៊ីអាចនឹងព្យាយាមវាយប្រហារលើសមយុទ្ធយោធាមួយរបស់អ៊ុយក្រែនដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារទី១៥កុម្ភៈនៅភាគខាងកើតអ៊ុយក្រែន ដើម្បីចាប់ផ្តើម “ប្រតិបត្តិការទង់ក្លែងក្លាយ” នេះបើយោងតាមមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ។ ពួកគេបាននិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារតែពួកគេមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាសាធារណៈអំពីរឿងនេះ។
មន្ត្រីចារកម្មអាម៉េរិកជឿថាការកំណត់គោលដៅវាយប្រហារលើសមយុទ្ធយោធានេះគឺគ្រាន់តែជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនដែលរុស្ស៊ីបានថ្លឹងថ្លែងជាលទ្ធភាពសម្រាប់ប្រតិបត្តិការទង់ជាតិក្លែងក្លាយប៉ុណ្ណោះ។ សេតវិមានបានគូសបញ្ជាក់ថា ពួកគេមិនដឹងច្បាស់ថាតើប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានធ្វើការប្តេជ្ញាចិត្តចុងក្រោយក្នុងការបើកការឈ្លានពានហើយឬនៅ ឬ យ៉ាងណានោះទេ។
កងកម្លាំងរបស់ទីក្រុងមូស្គូកំពុងប្រមូលផ្តុំនៅភាគខាងជើង ខាងកើត និងខាងត្បូងរបស់អ៊ុយក្រែន នៅក្នុងអ្វីដែលវិមានក្រឹមឡាំងទទូចថាជាសមយុទ្ធយោធា
ទាហានរុស្ស៊ីកំពុងឡោមព័ទ្ធអ៊ុយក្រែនពីបីទិស ទាំងទីតាំងកំពុងធ្វើសមយុទ្ធនៅបេឡារូសផង
មន្ត្រីអាម៉េរិកម្នាក់បានធ្វើបច្ចុប្បន្នភាពការប៉ាន់ប្រមាណរបស់រដ្ឋបាលបៃដិនសម្រាប់ចំនួនកងកម្លាំងរុស្ស៊ីដែលឥឡូវនេះត្រូវបានដាក់ឱ្យឈរជើងនៅជិតព្រំដែនអ៊ុយក្រែនដល់ជាង ១៣០.០០០ នាក់ ដោយកើនឡើងពីចំនួនជាង ១០០.០០០ នាក់ ដែលសហរដ្ឋអាម៉េរិកបានលើកឡើងជាសាធារណៈកាលពីសប្តាហ៍មុន។
លោកហ្សេលេនស្គីបាននិយាយសម្រាលម្តងទៀតនូវការព្រមានរបស់សហរដ្ឋអាម៉េរិក ដោយចោទសួរពីសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹងកាន់តែខ្លាំងឡើងពីមន្ត្រីអាម៉េរិកក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះថា រុស្ស៊ីអាចគ្រោងនឹងឈ្លានពានឆាប់ៗនៅពាក់កណ្តាលសប្តាហ៍។
លោកបាននិយាយនៅក្នុងការផ្សាយតាមកញ្ចក់ទូរទស្សន៍កាលពីថ្ងៃសៅរ៍ថា “យើងដឹងពីហានិភ័យទាំងអស់នេះ យើងដឹងថាមានហានិភ័យ។ ប្រសិនបើអ្នកឬនរណាម្នាក់ផ្សេងទៀតមានព័ត៌មានបន្ថែមទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី ១០០ ភាគរយ ដែលចាប់ផ្តើមនៅថ្ងៃទី ១៦ សូមបញ្ជូនព័ត៌មាននោះមកពួកយើង”៕
ទាហានស្រីជើងចាស់អ៊ុយក្រែនកំពុងកាន់កាំភ្លើងក្នុងអំឡុងការហ្វឹកហាត់ការពារជនស៊ីវិលក្នុងទីក្រុងម៉ារីវប៉ូលក្នុងតំបន់ដូនេតស្កិ៍ ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ