​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លីម៉េល​) ៖ ក្រុមហ៊ុន​អាកាសចរណ៍​មួយចំនួន​បាន​លុបចោល​ជើងហោះហើរ​ទៅកាន់​រដ្ឋធានី​អ៊ុយ​ក្រែ​នហើយ​កងទ័ព​នៅទីនោះ​បាន​ដឹក​ជញ្ជូន​សព្វាវុ​ធ​ថ្មីៗ​ពី​សមាជិក​ណា​តូ​​កាលពី​ថ្ងៃអាទិត្យ​ទី​១៣​កុម្ភៈ​ខណៈ​ប្រធានាធិបតី​របស់​ខ្លួន​កំពុង​ស្វែងរក​ភាពជឿជាក់​នៅ​ចំពោះមុខ​ការព្រមាន​របស់​សហរដ្ឋអាម៉េរិ​កអំពីការ​ឈ្លាន​ពានដែល​អាច​កើតមាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដោយ​កងកម្លាំង​រុស្ស៊ី​ដែល​កាន់តែ​មាន​ចំនួន​ច្រើនឡើង​។​

​លោក​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​លេន​ស្គី (Volodymyr Zelenskyy)​បាន​និយាយ​ទៅកាន់​ប្រធានាធិបតី​ចូ បៃ​ដិន ប្រហែល​មួយ​ម៉ោង ដោយ​ទទូច​ថា អ៊ុយ​ក្រែន​បាន​ដាក់​ប្រទេស​នៅ​ក្រោម​”​ការ​​ការពារ​ប្រកបដោយ​សុវត្ថិភាព​និង​គួរឱ្យ​ទុកចិត្ត​រួចហើយ​” ប្រឆាំង​នឹង​ការវាយប្រហារ​គួរឱ្យខ្លាច​ពី​សំណាក់​យោធា​រុស្ស៊ី​ដ៏​ខ្លាំងក្លា​។ សេត​វិមាន​បាន​និយាយ​ថា​ប្រធានាធិបតី​ទាំងពីរ​បាន​យល់ព្រម​បន្ត​ជំរុញ​​ទាំង​ការ​ទប់ទល់​និង​ផ្នែក​ការទូត ដើម្បី​ព្យាយាម​ទប់ស្កាត់​ការវាយលុក​ពី​សំណាក់​យោធា​រុស្ស៊ី​។​

​រដ្ឋបាលបៃដិ​ន​បាន​និយាយ​កាន់តែខ្លាំង​ឡើង​អំពី​ការព្រួយបារម្ភ​រប​ស់​ខ្លួន​ថា​រុស្ស៊ី​នឹង​រៀបចំ​ឧបទ្ទវហេតុ​មួយ​នៅក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ដែល​នឹង​បង្កើត​លេស​ក្លែងក្លាយ​សម្រាប់​ការឈ្លានពាន​លើ​​អ៊ុ​យក្រែន​។​

​ការ​រក​ឃើញ​របស់​ចា​រកម្ម​អាម៉េរិក​និង​អឺរ៉ុប​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​បាន​បង្ក​ឱ្យ​មាន​ការព្រួយបារម្ភ​ថា​រុស្ស៊ី​អាច​នឹង​ព្យាយាម​វាយប្រហារ​លើ​សមយុទ្ធ​យោធា​មួយ​របស់​អ៊ុយ​ក្រែន​ដែល​គ្រោង​ធ្វើឡើង​​នៅ​ថ្ងៃ​អង្គារ​ទី​១៥​កុម្ភៈ​នៅ​ភាគ​ខាងកើត​អ៊ុ​យក្រែន ដើម្បី​ចាប់ផ្តើម “​ប្រតិបត្តិការ​ទង់​ក្លែងក្លាយ​” នេះ​បើ​យោង​តាម​មនុស្ស​ពីរ​នាក់​ដែល​ដឹង​ពី​បញ្ហា​នេះ​។ ពួកគេ​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក ដោយសារតែ​ពួកគេ​មិន​ត្រូវបាន​អនុញ្ញាត​ឱ្យ​និយាយ​ជា​សាធារណៈ​អំពី​រឿង​នេះ​។​

​មន្ត្រី​ចារកម្ម​អាម៉េរិក​ជឿថា​ការ​កំណត់​គោលដៅ​វាយប្រហារ​លើ​សមយុទ្ធ​យោធា​នេះ​គឺ​គ្រាន់តែ​ជា​ជម្រើស​មួយ​ក្នុងចំណោម​ជម្រើស​ជាច្រើន​ដែល​រុស្ស៊ី​បាន​ថ្លឹងថ្លែង​ជា​លទ្ធភាព​សម្រាប់​ប្រតិបត្តិការ​ទង់ជាតិ​​ក្លែងក្លាយ​ប៉ុណ្ណោះ​។ សេត​វិមាន​បាន​គូសបញ្ជាក់ថា ពួកគេ​មិន​ដឹង​ច្បាស់​ថា​តើ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ធ្វើ​ការប្តេជ្ញាចិត្ត​ចុងក្រោយ​ក្នុង​ការបើក​ការឈ្លានពាន​ហើយ​ឬ​នៅ ឬ យ៉ាងណា​នោះ​ទេ​។​

​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​កំពុង​ប្រមូលផ្តុំ​នៅ​ភាគ​ខាងជើង ខាងកើត និង​ខាងត្បូង​របស់​អ៊ុ​យក្រែន នៅក្នុង​អ្វីដែល​វិមាន​ក្រឹម​ឡាំង​ទទូចថា​ជា​សមយុទ្ធ​យោធា​

ទាហានរុស្ស៊ីកំពុងឡោមព័ទ្ធអ៊ុយក្រែនពីបីទិស ទាំងទីតាំងកំពុងធ្វើសមយុទ្ធនៅបេឡារូសផង

​មន្ត្រី​អាម៉េរិក​ម្នាក់​បាន​ធ្វើ​បច្ចុប្បន្នភាព​ការប៉ាន់ប្រមាណ​របស់​រដ្ឋបាលបៃដិ​ន​សម្រាប់​ចំនួន​កងកម្លាំ​ង​រុស្ស៊ី​ដែល​ឥឡូវនេះ​ត្រូវបាន​ដាក់​ឱ្យ​ឈរជើង​នៅ​ជិត​ព្រំដែន​អ៊ុយ​ក្រែន​ដល់​ជាង ១៣០.០០០ នាក់ ដោយ​កើនឡើង​ពី​ចំនួន​ជាង ១០០.០០០ នាក់ ដែល​សហរដ្ឋ​អាម៉េរិក​បាន​លើកឡើង​ជា​សាធារណៈ​កាលពី​សប្តាហ៍​មុន​។​

​លោក​ហ្សេ​លេន​ស្គី​បាន​និយាយ​សម្រាល​ម្តង​ទៀត​នូវ​ការព្រមាន​របស់​សហរដ្ឋអាម៉េរិក ដោយ​ចោទសួរ​ពី​សេចក្តី​ថ្លែងការណ៍​ដ៏​តឹងរ៉ឹង​កាន់តែ​ខ្លាំង​ឡើង​ពី​មន្ត្រី​អាម៉េរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ថា រុស្ស៊ី​អាច​គ្រោង​នឹង​ឈ្លានពាន​ឆាប់ៗ​នៅ​ពាក់កណ្តាល​សប្តាហ៍​។​

​លោក​បាន​និយាយ​នៅក្នុង​ការផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កាលពី​ថ្ងៃ​សៅ​រ៍ថា “​យើង​ដឹង​ពី​ហានិភ័យ​ទាំងអស់នេះ យើង​ដឹង​ថា​មាន​ហានិភ័យ​។ ប្រសិនបើ​អ្នក​ឬ​នរណា​ម្នាក់​ផ្សេង​ទៀត​មាន​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ១០០ ភាគរយ ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី ១៦ សូម​បញ្ជូន​ព័ត៌មាន​នោះ​មក​ពួក​យើង​”៕

ទាហាន​ស្រី​ជើងចាស់​អ៊ុយ​ក្រែន​កំពុង​កាន់​កាំភ្លើង​ក្នុង​អំឡុង​ការហ្វឹកហាត់​ការពារ​ជន​ស៊ីវិល​ក្នុង​ទីក្រុង​ម៉ា​រី​វ​ប៉ូល​ក្នុង​តំបន់ដូ​នេត​ស្កិ៍ ភាគ​ខាងកើត​អ៊ុយ​ក្រែន​កាលពី​ថ្ងៃអាទិត្យ