ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលឬបង្វែរជើងហោះហើរចេញពីប្រទេសអ៊ុយក្រែន ចំពេលមានការបារម្ភកាន់តែខ្លាំងឡើងថាការឈ្លានពានពីសំណាក់រុស្ស៊ីគឺជិតមកដល់ បើទោះជាកំពុងមានការចរចាយ៉ាងស៊ីជម្រៅរវាងវិមានក្រឹមឡាំង និងលោកខាងលិចក៏ដោយ។
សេតវិមានបាននិយាយថា នៅក្នុងការហៅទូរស័ព្ទរយៈពេលមួយម៉ោងកាលពីថ្ងៃសៅរ៍ជាមួយប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន បាននិយាយថាការឈ្លានពានលើអ៊ុយក្រែននឹងបង្កឱ្យមាន “ទុក្ខវេទនារីករាលដាល” ហើយថាលោកខាងលិចបានប្តេជ្ញាចិត្តបន្តផ្នែកការទូតដើម្បីបញ្ចប់វិបត្តិនេះ ប៉ុន្តែ “បានត្រៀមខ្លួនស្មើដៃផងដែរសម្រាប់សេណារីយ៉ូផ្សេងទៀត”។
សេតវិមានមិនបានលើកឡើងថាតើការតេទូរស័ព្ទនេះបានបន្ថយការគំរាមកំហែងនៃសង្គ្រាមដែលអាចនឹងកើតឡើងនៅអឺរ៉ុបឬយ៉ាងណានោះទេ។
សេតវិមានបាននិយាយថា លោកបៃដិនគ្រោងពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelensky)នៅយប់ថ្ងៃអាទិត្យ។
កាលពីថ្ងៃសុក្រ ទីប្រឹក្សាសន្តិសុខជាតិរបស់លោកបៃដិនលោក ជែក ស៊ូលលីវ៉ាន់ (Jake Sullivan) បានព្រមានថា ព័ត៌មានស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាម៉េរិកបង្ហាញថាការឈ្លានពានរបស់រុស្ស៊ីអាចនឹងចាប់ផ្តើមក្នុងរយៈពេលប៉ុន្មានថ្ងៃទៀត។ លោកហ្សេលេនស្គីបានបដិសេធការព្រួយបារម្ភពីការឈ្លានពាន ដោយជំរុញឱ្យប្រជាជនក្នុងប្រទេសរក្សាភាពស្ងប់ស្ងាត់។
រុស្ស៊ីបដិសេធថាខ្លួនពុំមានចេតនាឈ្លានពានទេ ប៉ុន្តែបានប្រមូលផ្តុំទ័ពជាង១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន ហើយបានបញ្ជូនទាហានទៅធ្វើសមយុទ្ធនៅប្រទេសជិតខាង បេឡារូសរួមទាំងទាំងទាមទារអោយលោកខាងលិចបំពេញតាមសំណើរបស់ខ្លួនមួយចំនួន រួមទាំងមិនបញ្ចូលអ៊ុយក្រែនក្នុងអង្គការណាតូ។
ក្រុមមន្ត្រីអាម៉េរិកនិយាយថា ការបង្កើនទាហានរបស់រុស្ស៊ីបានឈានដល់ចំណុចដែលរុស្ស៊ីអាចបើកការឈ្លានពានក្នុងពេលដ៏ខ្លី។
អាម៉េរិកបានប្រមូលព័ត៌មានសម្ងាត់ដែលថារុស្ស៊ីកំពុងសម្លឹងមើលថ្ងៃពុធជាកាលបរិច្ឆេទវាយប្រហារ នេះបើយោងតាមមន្ត្រីអាមេរិកម្នាក់ដែលដឹងអំពីព័ត៌មានចារកម្ម។
លោកហ្សេលេនស្គីបាននិយាយកាលពីថ្ងៃសៅរ៍ថា “ខ្ញុំជឿថា សព្វថ្ងៃនេះមានលំហព័ត៌មានច្រើនណាស់ ចឹងគឺសម្បូរណាស់ព័ត៌មាន។ យើងដឹងពីហានិភ័យទាំងអស់នេះ យើងដឹងថាមានហានិភ័យ។ប្រសិនបើអ្នកឬនរណាម្នាក់ផ្សេងទៀតមានព័ត៌មានបន្ថែមទាក់ទងនឹងការឈ្លានពានរបស់រុស្ស៊ី ១០០ភាគរយ ដែលចាប់ផ្តើមនៅថ្ងៃទី១៦កុម្ភៈ សូមបញ្ជូនព័ត៌មាននោះមកពួកយើង”៕
ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានលុបចោលឬបង្វែរជើងហោះហើរចេញពីប្រទេសអ៊ុយក្រែន