ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ កងទ័ពអាកាសអាម៉េរិកបាននិយាយកាលពីថ្ងៃសៅរ៍ថា យន្តហោះចម្បាំង F-22របស់អាម៉េរិកបានមកដល់មូលដ្ឋានទ័ពអាកាសមួយក្នុងប្រទេសអារ៉ាប់រួមអេមីរ៉ាត(សហភាពអារ៉ាប់)កាលពីថ្ងៃសៅរ៍ទី ១៣ ខែកុម្ភៈ បន្ទាប់ពីការវាយប្រហារមិនធ្លាប់មានពីមុនមកលើទីក្រុងអាប៊ូដាប៊ី (Abu Dhabi)ពីសំណាក់ពួកយុទ្ធជនហូធី (Houthi)ក្នុងប្រទេសយេម៉ែន។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមឧទ្ទាមហ៊ូធី ដែលជាសម្ពន្ធមិត្តអ៊ីរ៉ង់ បានធ្វើការវាយប្រហារបរាជ័យទៅលើគោលដៅនៅអារ៉ាប់រួមអេមីរ៉ាត ដែលជំរុញឱ្យមានការបាញ់ទប់ទល់ពីខែលការពារដែនអាកាសរបស់អារ៉ាប់រួមនិងសហរដ្ឋអាម៉េរិក ហើយថែមទាំងបានឃើញទាហានអាម៉េរិកដែលមានមូលដ្ឋាននៅទីនោះរត់ជ្រកគ្រាប់មួយប្រាវផងដែរ។
សេចក្តីថ្លែងការណ៍បាននិយាយថា យន្តហោះចម្បាំងទាំងនោះបានមកដល់មូលដ្ឋាននៅអារ៉ាប់រួមអេមីរ៉ាត ជាផ្នែកនៃការបង្ហាញការគាំទ្រពហុមុំរបស់សហរដ្ឋអាម៉េរិកបន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ពេញមួយខែមករា បានគំរាមកំហែងដល់កងកម្លាំងប្រដាប់អាវុធអាម៉េរិកនិងអារ៉ាប់រួម ដែលឈរជើងនៅឯមូលដ្ឋានមួយរបស់ប្រទេសម្ចាស់ផ្ទះ។
សេចក្តីថ្លែងការណ៍របស់ទីបញ្ជាការកណ្តាលកងទ័ពអាកាសអាម៉េរិកបាននិយាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិកបានបញ្ជាឱ្យដាក់ពង្រាយយន្តហោះជំនាន់ទី ៥យ៉ាងឆាប់រហ័សដោយមានការសម្របសម្រួលជាមួយព្រះអង្គម្ចាស់នៃទីក្រុងអាប៊ូដាប៊ី គឺទ្រង់ ម៉ូហាមម៉េត ប៊ីន ហ្សាយ៉េត អាល់ ណាយ៉ាន (Mohammed Bin Zayed Al Nahyan) នៃអារ៉ាប់រួមអេមីរ៉ាត។
យន្តហោះនេះនឹងចូលរួមក្នុងការប្រយុទ្ធរួមគ្នារបស់សម្ពន្ធមិត្ត កងកម្លាំងចម្រុះ និង ដៃគូ ដែលមានមូលដ្ឋានរួចជាស្រេចនៅទូទាំងតំបន់។
កងទ័ពអាកាសអាម៉េរិកបាននិយាយថា ទាហានជើងអាកាស និងយន្តហោះ F-22 ត្រូវបានដាក់ពង្រាយពីកងយន្តហោះចម្បាំងទី១ ដែលមានទីតាំងនៅមូលដ្ឋានរួម លែងលី-យូស្ទីស (Langley-Eustis) ក្នុងរដ្ឋវើជីនៀ៕
យន្តហោះ F-22 បានមកដល់អារ៉ាប់រួមកាលពីថ្ងៃសៅរ៍