ដោយ​:​សុខុម​/​ស្ទឹងត្រែង​:សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ កុម្ភៈ ឆ្នាំ​២០២២​ថា មន្ត្រី​ជំនាញ​កំពុង​សួរ ចម្លើយ​ពី​បុរស ជនជាតិ​ឡាវ​ម្នាក់ ដែល​បាន​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន មាន​ទម្ងន់​ជិត​១០ គីឡូក្រាម​ពី​ប្រទេស​ឡាវ​ចូល​កម្ពុជា​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស គ្រឿងញៀន កា​រិ​យា ល័យ​(​ក​៩ )​នៃ​ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង កម្លាំង​នគរបាល BLO កម្លាំង​នគរបាល​អន្តោប្រវេសន៍ ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ត្រពាំង​គ្រៀល និង​កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​គោក​លេខ ៧០១ ប្រចាំ​ព្រំដែន​កម្ពុជា បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ឡាវ​ម្នាក់ និង​ដកហូត​បាន​ថ្នាំញៀន ចំនួន​១០​កញ្ចប់ កាលពី​ម៉ោង ៩ :៣០ ព្រឹក ថ្ងៃទី​១៣​កុម្ភៈ​។​

​ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី យិន បញ្ញា​រិ​ទ្ធ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​មានការ​សម្របសម្រួល​ពី​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​ដោយ​បង្ក្រាបបាន​នៅ​ចំណុច ស្ពាន​ទី ២ នៃ​ច្រក របៀង​ព្រំដែន​កម្ពុជា​-​ឡាវ ស្ថិតក្នុង​ភូមិ​ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។​

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ភី​ម ម៉ាន់​ចាន់​កាន់ អាយុ ២៤​ឆ្នាំ​។ ក្រោយ​បង្ក្រាប​សមត្ថកិច្ច​ក៏បាន​បញ្ជូន​ជនសង្ស័យ​និង​វត្ថុតាង​បទល្មើស​គ្រឿងញៀន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​សួររក​អ្នក​ជាប់​ពាក់ព័ន្ធ​។​

​សមត្ថកិច្ច​បានធ្វើ​តេស្ត​បឋម​វត្ថុតាង​ថ្នាំញៀន​ឃើ​ញា​ថា​គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ១០ ក​ញ្ទ​ប់​ធំ មាន​ទម្ងន់​ស្មើ ៩​ពាន់ ៨៦៦,៥៦ ក្រាម ស្មើនឹង​ជិត ១០​គីឡូក្រាម​។​

​នៅ​ព្រឹក​ថ្ងៃទី​១៤​កុម្ភៈ​នេះ​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ថ្នាំញៀន កំពុង​ស្ថិតក្រោម​ការសាកសួ​រ និង​ការ​រក្សាទុក ពី​កម្លាំង​នគរបាល​ជំនាញ​ប្រឆាំង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខេត្តស្ទឹងត្រែង​ត្រៀម​បញ្ជូន​សំណុំរឿង​ទៅកាន់​តុលាការខេត្ត​៕​សរន​-PC