ដោយៈទេពកង្រី/កំពង់ឆ្នាំងៈ រយៈពេលពីរសប្តាហ៍នៃខែកុម្ភៈនេះមន្ត្រីនៃដែនជម្រកសត្វព្រៃ របស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បានចុះឃាត់គោយន្តកន្ត្រៃដឹកកូនឈើ និងឈើអារ ដោយខុសច្បាប់បាន ជាច្រើនគ្រឿង និង ឧបករណ៍ឆក់ត្រីរួមទាំងអាវុធកែឆ្នៃបាញ់សត្វព្រៃជាច្រើនដើម។នេះបើយោងតាមការអះអាងរបស់មន្ត្រីដែនជម្រកសត្វព្រៃរបស់មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងកាលរសៀលថ្ងៃទី១៣ ខែកុម្ភៈ ។
លោក ម៉ឹម ហ៊ីម មន្ត្រីនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងជាប្រធានគ្រប់គ្រងស្នាក់ការដែនជម្រកសត្វព្រៃចំនួនបីក្នុង ស្រុកទឹកផុស(ស្នាក់ការដែនជម្រកព្រៃក្តុលសែនជ័យ, ស្នាក់ការដែនជម្រកសត្វព្រៃក្បាលទឹក និងស្នាក់ការដែនជម្រកសត្វព្រៃចម្ការម៉ុច )បានឲ្យដឹងថា រយៈពេល១៣ ថ្ងៃចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ មន្ត្រីស្នាក់ការដែនជម្រកសត្វព្រៃ បានស្ទាក់ចាប់គោយន្តដឹកកូនឈើ និងឈើអារ ជាច្រើនគ្រឿងដែលបានធ្វើសកម្មភាព ដឹកឈើដោយខុសច្បាប់។ ក្រោយការចាប់ឃាត់ គឺបានធ្វើការផាកពិន័យអន្តរកាល។ ដោយឡែកវត្ថុតាង មានកូនឈើ ឈើអារជាក្តានិងជាគ្រឿងបានរឹបអូសទុកជាសម្បត្តិរដ្ឋ។ជាមួយគ្នានេះក៏បានដកហូតនូវឧបករណ៍ឆក់ត្រីចំនួនមួយគ្រឿង ដែលជនល្មើសបានធ្វើសកម្មភាពឆក់ត្រីតាមដងស្ទឹង។ ដោយឡែកអាវុធកែច្នៃចំនួនបួនដើមក្នុងនោះមួយដើម ត្រូវបានប្រជាពលរដ្ឋភ្ញាក់រលឹក យកមកប្រគល់ឱ្យមន្ត្រីដែនជម្រកសត្វព្រៃ និងបីដើមទៀតត្រូវ បានធ្វើការដកហូតចេញពីជនល្មើសក្នុងពេលដែលមន្ត្រីដែនជម្រកសត្វព្រៃកំពុងដើរល្បាត ក៏បានប្រទះឃើញជំរំជនល្មើសដែលដេកចាំបាញ់សត្វព្រៃ។ប៉ុន្តែពេលមន្ត្រីជំនាញទៅដល់ពួកគេបានរត់គេចខ្លួនអស់ បន្សល់ទុកតែវត្ថុតាងតង់កៅស៊ូបោះជំរំនិង អាវុធកែឆ្នៃចំនូនបីដើម ។
លោក ម៉ឹង ហ៊ីម ក៏បានបញ្ជាក់ដែរថ រយៈពេលជិតកន្លះខែនៃខែកុម្ភៈនេះ ក្រៅពីធ្វើសកម្មភាពបង្ក្រាប មន្ត្រីជំនាញ ក៏នៅមានបោះស្លាកសម្គាល់ហាមកាប់ព្រៃ ហាមបាញ់សត្វព្រៃ ព្រមទាំង ចាក់បង្គោលព្រំសម្គាល់ដែនជម្រកសត្វព្រៃចាប់ពីព្រំប្រទល់ខេត្តកំពង់ស្ពឺ រហូតដល់ខេត្តពោធិ៍សាត់៕សរន-PC