ប្រែសម្រួលៈបំណង/សិង្ហបុរី(ដេល្លីម៉េល)៖ថ្លៃប្រេងបានហក់ឡើងដល់កំពូលកាលពីថ្ងៃចន្ទទី១៤កុម្ភៈ ដោយសារតែការបារម្ភអំពីការចូលឈ្លានពានអ៊ុយក្រែនពីសំណាក់កងកម្លាំងរុស្ស៊ី ដែលនឹងនាំដល់ការដាក់ទណ្ឌកម្មពីអាម៉េរិកនិងសហភាពអឺរ៉ុប ហើយនឹងបញ្ហានាំចេញប្រេងរុស្ស៊ីទៅក្រៅប្រទេស។
ប្រេងផ្សារប្រិន(Brent)នៅអាស៊ីបានឡើងដល់៩៥,៧៣ដុល្លារក្នុងមួយបារ៉ែល(ធុង) ដោយកើន១,២៩ដុល្លារ បន្ទាប់ពីបានហក់ឡើងដល់៩៥,៩១ដុល្លារនៅមុននេះបន្តិច។ ប្រេងផ្សារWTIរបស់អាម៉េរិកបានឡើង១,៤៩ដុល្លារ ដល់៩៤,៥៩ដុល្លារក្នុងមួយបារ៉ែល។
ការលើកឡើងឥតឈប់ពីអាម៉េរិកនិងសម្ពន្ធមិត្តអង់គ្លេសអំពីការវាយប្រហារឆាប់ៗមួយដោយទាហានរុស្ស៊ីចូលអ៊ុយក្រែន ក៏បានអង្រួនទីផ្សារហិរញ្ញវត្ថុពិភពលោក។
អាម៉េរិកបានប្រកាសកាលពីថ្ងៃអាទិត្យថា រុស្ស៊ីអាចចូលឈ្លានពានអ៊ុយក្រែននៅពេលណាមួយក្នយងពេលឆាប់ៗបំផុតនិងអាចបង្កើតលេសដ៏ភ្ញាក់ផ្អើលណាមួយដើម្បីចូលលុកលុយប្រទេសក្បែរខាងអ៊ុយក្រែន។
អេដវឺត ម៉ូយ៉ា អ្នកវិភាគនៅក្រុមហ៊ុនOANDAបាននិយាយថា« ប្រសិនបើ…ការចល័តទ័ពកើតឡើង ប្រេងBrentមុនជាឡើងលើ១០០ដុល្លារ។ថ្លៃប្រេងនៅប្រែបប្រួលខ្លាំងនិងងាយនឹងរងឥទ្ធិពលសភាពការអ៊ុយក្រែន»។
ពួកវិនិយោគិនក៏កំពុងតាមដានកិច្ចពិភាក្សារវាងអាម៉េរិកនិងអ៊ីរ៉ង់ ស្តីពីការសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។ទោះជាយ៉ាងណា មន្ត្រីសន្តិសុខអ៊ីរ៉ង់ម្នាក់បាននិយាយនៅថ្ងៃចន្ទនេះថាការរីកចំរើនក្នុងកិច្ចពិភាក្សាកាន់តែពិបាក៕
នៅអាម៉េរិក តំលៃប្រេងកាន់តែហក់ឡើងកំពុងជំរុញអោយក្រុមហ៊ុននានាបង្កើនការបូមប្រេង និងបន្ថែមការធ្វើអាជីវកម្មលើអណ្តូងប្រេងច្រើនទៀត