ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ (Carrie Lam)បាននិយាយកាលពីថ្ងៃចន្ទទី១៤កុម្ភៈថា “ការវាយលុក” នៃរលកកូវីដ១៩នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយនេះ បានធ្វើឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនិងបណ្តាលឱ្យបាក់ស្រុតសមត្ថភាពរបស់ខ្លួនក្នុងការដោះស្រាយជាមួយនឹងជំងឺរាតត្បាតខណៈករណីឆ្លងប្រចាំថ្ងៃបានកើនឡើងដល់កម្រិតខ្ពស់បំផុត។
មេដឹកនាំហុងកុងលោកស្រី ខារី ឡាំ
ការឆ្លងប្រចាំថ្ងៃបានកើនឡើងចំនួន ១៣ ដងក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ ពីចំនួនប្រហែល ១០០ នាក់នៅដើមខែកុម្ភៈរហូតដល់ជាង ១.៣០០ នាក់នៅថ្ងៃទី ១៣ ខែកុម្ភៈដោយអាជ្ញាធរកំពុងព្យាយាមយ៉ាងលំបាកដើម្បីគ្រប់គ្រងការផ្ទុះឡើងកាន់តែខ្លាំងនេះ។
លោកស្រីឡាំបាននិយាយថា រដ្ឋាភិបាលរបស់លោកស្រីនឹងសម្របសម្រួលជាមួយមន្ត្រីចិនដើម្បីដោះស្រាយ “ស្ថានការណ៍កាន់តែធ្ងន់ធ្ងរនេះ”បន្ទាប់ពីចិនបាននិយាយថាខ្លួននឹងជួយទីក្រុងនេះក្នុងការធ្វើតេស្តិ៍ ការព្យាបាល និងការធ្វើចត្តាឡីស័ក។
លោកស្រីនិយាយថា “ការវាយលុកនៃរលកទីប្រាំនៃជំងឺរាតត្បាតបានធ្វើឱ្យមានការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់ទីក្រុងហុងកុង និងនាំឱ្យបាក់ស្រុតសមត្ថភាពគ្រប់គ្រងជំងឺរបស់ទីក្រុង” ដោយបន្ថែមថា ការកើនឡើងករណីឆ្លងនេះបានធ្វើឱ្យមានការបន្លាយពេលយូរ មុនពេលអ្នកជំងឺអាចបានចូលទៅកាន់កន្លែងធ្វើចត្តាឡីស័ក។
លោកស្រីនិយាយ “ស្ថានការណ៍គឺមិនសមប្រកបនោះទេ ហើយរដ្ឋាភិបាលមានអារម្មណ៍ព្រួយបារម្ភនិងសោកស្ដាយចំពោះវា”។
លោកស្រីនិយាយថា ក្រុមមន្ត្រីកំពូលរបស់លោកស្រីនឹងសម្របសម្រួលជាមួយរដ្ឋាភិបាលកណ្តាល ដើម្បីបង្កើនកន្លែងធ្វើតេស្តិ៍ និងកន្លែងធ្វើចត្តាឡីស័កនៅហុងកុង ព្រមទាំងធានាឱ្យបាននូវប្រភពធនធានពីឧបករណ៍តេស្តិ៍រហ័សនិងឧបករណ៍ការពារដល់បន្លែស្រស់។
អាជ្ញាធរបាននិយាយថា ទឹកដីចិននេះបានរាយការណ៍ករណីឆ្លងថ្មីចំនួន ១.៣៤៧ នាក់កាលពីថ្ងៃអាទិត្យ ដែលធ្លាក់ចុះពីកំណត់ត្រាកាលពីថ្ងៃសៅរ៍ ប៉ុន្តែការសង្ស័យឆ្លងបន្ថែម ២.០០០នាក់ទៀតបានគំរាមកំហែងដល់ប្រព័ន្ធថែទាំសុខភាព ដែលកំពុងតែហួសសមត្ថភាពស្រាប់៕
ចិនសន្យាជួយហុងកុងដោះស្រាយការផ្ទុះកូវីដ១៩បច្ចុប្បន្ន។ក្នុងរូបអ្នកក្រុងហុងកុងរង់ចាំការធ្វើតេស្តិ៍រកកូវីដ១៩ចំពេលទីក្រុងនេះផ្ទុះកូវីដខ្លាំង