ដោយៈមុនីរ័ត្ន ស រិទ្ធ/ភ្នំពេញៈលោកឧត្ដមសេនីយ៍ ឯក ឌួង ងៀប អគ្គលេខាធិការរងក្រសួងមហាផ្ទៃ ត្រូវបានចាប់ខ្លួន​ ដោយសមត្ថកិច្ចនគរបាលនៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។ បន្ទាប់ពីចាប់ខ្លួលោកឧត្ដមសេនីយ៍ឯក ឌួង ងៀប ត្រូវបាន សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បី ចាត់ ការ បន្ត តាមនិតិវិធីច្បាប់ ។

មន្រ្តីនគរបាលរាជធានីបានប្រាប់រស្មីកម្ពុជាមុននេះថា ពិតជាមានការចាប់ខ្លួនលោកឧកញ៉ា ឌួង ងៀប ប្រាកដមែន តាមដីកាតុលាការ និងបានបញ្ជូនទៅតុលាការហើយ។ លោកថា នេះជាការអនុវត្តតាមដីកាតុលាការ។

សូមជម្រាបថា តុលាការក្រុងភ្នំពេញកាលពីពេលថ្មីៗនេះ បានប្រកាសថានឹងបន្តអនុវត្តតាមនីតិវិធីជាធរមានចំពោះជន ត្រូវចោទឈ្មោះ ឌួង ងៀប ដោយមិនអនុញ្ញតឱ្យជនត្រូវចោទប្រើប្រាស់បណ្តាញសង្គមដើម្បី​គេចវេសពីការទទួលខុសត្រូវ របស់ខ្លួនឡើយ។

ដោយឡែកកាលពីថ្ងៃទី២១ ខែកញ្ញាឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើលិខិតគោរពជូន សម្ដេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃអំពីការចោទប្រកាន់ជាផ្លូវការចំពោះ លោកឧត្ដមសេនីយ៍ ឯក ឌួង ងៀប អគ្គលេខាធិការរង ក្រសួងមហាផ្ទៃ ពីបទ ឆបោក និង ក្លែងបន្លំឯកសារសាធារណៈ ៕សរន