ដោយៈ ដេប៉ូ / ភ្នំពេញៈ នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ គឺជាថ្ងៃទិវាបុណ្យ នៃសេចក្តី ស្រឡាញ់ ឬហៅថា ថ្ងៃ បុណ្យទិវា “Valentine’s Day” ។ ពិតណាស់ ថ្ងៃបុណ្យនេះ គឺជាថ្ងៃ ដែលបញ្ជាក់ អំពីសេចក្ដីស្រឡាញ់ ជាទូទៅ ដោយមិនចាំបាច់ សម្រាប់ តែគូស្នេហ៍នោះ ឡើយ។ តាមពិតសេចក្ដីស្រឡាញ់នេះ គឺមានលក្ខណៈទូលំ ទូលាយខ្លាំងណាស់។
នៅក្នុងថ្ងៃបុណ្យនេះ គេនិយមជូនផ្កាកុលាប សូកូឡា ឬកាតជូនពរឲ្យគ្នា ទៅវិញទៅមក។ និមិត្តសញ្ញានៃថ្ងៃបុណ្យ នៃសេចក្ដីស្រឡាញ់ គឺរូបបេះដូង ផ្កាកុលាប និងរូបកូនទេវតា ស្នេហា ដែលមានកាន់ព្រួញ និងបេះដូងជាដើម។
គេឃើញថា នាពេលបច្ចុប្បន្ន មានមនុស្សជាច្រើន ស្ទើរតែទូទាំងពិភពលោក ចាត់ទុក ជាថ្ងៃពិសេស ជាងថ្ងៃណាទាំងអស់ ក្នុងការបង្ហាញពីក្តីស្រឡាញ់ របស់ពួកគេ ទៅកាន់ មនុស្សជាទីស្រឡាញ់ ឪពុក ម្តាយ បងប្អូន និង មិត្តភិក្តិ ជាដើម។
មុននេះ នៅកម្ពុជា មានក្រុមមនុស្សមួយចំនួន បានយល់ច្រឡំថា ជាថ្ងៃបុណ្យ សង្សារ ដែលធ្វើឡើងសម្រាប់តែក្នុងចំណោមយុវជន។ ទោះបីយ៉ាងណា នាពេលនេះ មនុស្សជាច្រើន បានយល់ពីអត្ថន័យពិតរបស់វា ហើយប្រើថ្ងៃនេះ ជាថ្ងៃចែករំលែក នៃសេចក្តីស្រឡាញ់ ដល់គ្នាវិញ មិនថាចាស់ក្មេង ឬវ័យណានោះឡើយ។
ផ្តើមចេញពីការយល់ខុសអត្ថន័យ និងសំដៅការទប់ស្កាត់ នៃការប្រព្រឹត្តិភ្លើងភ្លើន របស់យុវវ័យមួយចំនួន នាពេលកន្លងមក ក្រសួងពាក់ព័ន្ធ ក្នុងនេះ រួមមាន ក្រសួងអប់រំ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង ក្រសួងកិច្ចការនារី ជាដើម បានចេញមកអំពាវនាវ ជាពិសេសយុវវ័យ កុំប្រើប្រាស់ទិវានេះ ជាលេស ប្រព្រឹត្តអំពើអវិជ្ជមាន ដែលប្រាសចាក គន្លងប្រពៃណី និងធ្វើឱ្យបាត់បង់ កិត្តិយសរបស់ខ្លួន និងក្រុមគ្រួសារ។
តើទិវាបុណ្យ នៃសេចក្តីស្រឡាញ់នៅថ្ងៃទី ១៤ កុម្ភៈ មានប្រវត្តិបែបណា ?
ប្រភពដើម នៃទិវានៃក្ដីស្រលាញ់ ឬហៅថា Valentine’s Day ត្រូវគេជឿថា គឺប្រារព្ធ ឡើងនៅពាក់កណ្ដាលខែកុម្ភៈ ដើម្បីរំឭកពីខួប នៃមរណភាពរបស់ លោក Valentine។
រឿងរ៉ាវនោះ បានពាក់ព័ន្ធនឹងសម័យកាល ចក្រភពរ៉ូម ពេលព្រះវិហារកាតូលិក បានទទួលស្គាល់ សម្ដេចសង្ឃបីនាក់ផ្សេងគ្នា ឲ្យឈ្មោះថា លោក Valentine ឬ Valentinus ដែលជាអ្នកបូជាជីវិត ឲ្យសាសនា។ លោក Valentine គឺជាអ្នក បម្រើសាសនា ក្នុងសតវត្សទី៣ ដែលបានជួយការពារ នៃសេចក្ដីស្រលាញ់ ដល់គូស្នេហ៍ ជនជាតិ រ៉ូម៉ាំង។
ក្នុងយុគសម័យនោះ អធិរាជ ចក្រភពរ៉ូម Claudius II បានយល់ថា បុរសៗដែល នៅ លីវជាច្រើន គឺជាកងទ័ព ដែលមានសមត្ថភាពជាង បុរសៗ ដែលមានប្រពន្ធ និងគ្រួសារ។ ដោយការយល់បែបនេះ ទើបអធិរាជ បានសម្រេចដោយ បានសាក់កំហិត មិនឱ្យបុរស នៅលីវរៀបការ ហើយចាត់ទុកថា ការរៀបការ គឺជារឿងខុសច្បាប់។
ដោយមើលឃើញ ពីភាពអយុត្តិធម៌ដល់បុរសយុវជនទើប លោក Valentine ដែលជា សង្ឃគ្រិស្តសាសនា បានប្រឆាំងជំទាស់នឹងច្បាប់មួយនេះ។ បុព្វជិតរូបនេះ ទើបបាន ជួយរៀបចំផ្សំផ្គុំ ពិធីរៀបរៀបអាពាហ៍ពិពាហ៍ ដោយលួចលាក់ ដល់គូស្នេហ៍ បុរស នាយុគសម័យនោះ។ បន្ទាប់ពីរឿងរ៉ាវនេះ លេចឮដល់ អធិរាជ ចក្រភពរ៉ូម Claudius II ដឹងរឿងនោះ ក៏បានបញ្ជាឲ្យចាប់ លោក Valentine ដាក់គុក ហើយត្រូវបាន ទទួលរងទុក្ខវេទនា ក្នុងនេះដូចជា ការវាយដំ គប់ដុំថ្ម រហូតដល់ប្រហារជីវិត កាត់ក្បាល។
លោកបានស្លាប់ នៅថ្ងៃទី១៤ កុម្ភៈ ២៦៩ នៅក្រុងរ៉ូម ដោយសពរបស់លោក ត្រូវបានកប់ក្នុងវិហារ Whitefriar Street Carmelite Church ស្ថិតក្នុងក្រុង Dublin ប្រទេសអៀរឡង់ ។ ក្រោយមក គាត់បានក្លាយជានិមិត្តរូបនៃក្តីស្រឡាញ់ និងដើម្បីរំលឹកដល់វីរៈភាព របស់គាត់ ទើបមនុស្សជំនាន់នោះ បានរៀបចំថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ រហូតដល់សព្វថ្ងៃ។
ហេតុអ្វីបានជាផ្កាកុលាប ពាក់ព័ន្ធជាមួយថ្ងៃ ទិវានៃសេចក្តីស្រឡាញ់ ?
តាមប្រវត្តិនោះគឺផ្កាកុលាប ត្រូវបានចាត់ទុកជាតំណាងនៃក្ដីស្រលាញ់ចាប់តាំងពី មុនទសវត្សឆ្នាំ ១៧០០ ដោយស្ដេច Charles II នៃប្រទេសស៊ុយអែត នាំយក សិល្បៈនៃផ្កា ទៅតំបន់អឺរ៉ុប។ ផ្កាកុលាប ពណ៌ក្រហម ត្រូវគេជឿថា ជាផ្ការបស់ Venus អាទិទេពនៃក្ដីស្រលាញ់ របស់ចក្រភព រ៉ូម ជាតំណាងនៃក្ដីស្រលាញ់៕/V-PC