ប្រែសម្រួល : កញ្ញាដាលីស (ឆានែលញូវអេស៊ា) ៖ សិង្ហបុរីបានទទួលថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer កញ្ចប់ដំបូងរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរបានប្រកាសកាលពីសប្តាហ៍មុនថាខ្លួនបានអនុម័តថ្នាំគ្រាប់នេះសម្រាប់ព្យាបាលកូវីដ១៩នេះចំពោះអ្នកជំងឺពេញវ័យ ដែលមានហានិភ័យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក អុង យេ គង់ (Ong Ye Kung)បាននិយាយនៅក្នុងសារបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃសៅរ៍ទី១២ កុម្ភៈថា “កញ្ចប់ទីមួយនៃថ្នាំ Paxlovidបានមកដល់ច្រាំងសមុទ្ររបស់យើងក្នុងសប្តាហ៍នេះ”។
លោកបានបន្ថែមថា “នេះគឺជាថ្នាំលេបប្រឆាំងមេរោគដំបូងគេ ដែលត្រូវបានអនុម័តសម្រាប់ការព្យាបាលកូវីដ១៩នៅក្នុងសិង្ហបុរី។វានឹងត្រូវបានចេញវេជ្ជបញ្ជានិងផ្តល់អាទិភាពសម្រាប់អ្នកដែលមានហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយកូវីដ១៩”។
“ជាមួយនឹងជម្រើសនៃការព្យាបាលកាន់តែច្រើន ឥឡូវនេះយើងស្ថិតក្នុងស្ថានភាពប្រសើរជាងមុនក្នុងការផ្តល់ការថែទាំដ៏ល្អដល់ប្រជាជនសិង្ហបុរីដែលឆ្លងកូវីដ១៩”។
Paxlovid ត្រូវបានរកឃើញថាអាចកាត់បន្ថយហានិភ័យនៃការចូលដេកមន្ទីរពេទ្យដែលទាក់ទងនឹងកូវីដ១៩ ឬការស្លាប់បាន ៨៨,៩ ភាគរយនៅពេលដែលការព្យាបាលត្រូវបានផ្តល់ឱ្យក្នុងរយៈពេលបីថ្ងៃបន្ទាប់ពីរោគសញ្ញាចាប់ផ្តើមលេចឡើង នេះបើយោងតាមការពិនិត្យឡើងវិញរបស់អាជ្ញាធរវិទ្យាសាស្ត្រសុខាភិបាល (HSA) លើទិន្នន័យគ្លីនិកដោយផ្អែកលើការសិក្សាជាបន្តរបស់ Pfizer ។
Paxlovid រួមមានថ្នាំ Nirmatrelvir ចំនួនពីរគ្រាប់ និងថ្នាំ Ritonavir មួយគ្រាប់ ដែលវេចខ្ចប់រួមគ្នាសម្រាប់លេប។ ថ្នាំ Nirmatrelvir គឺជាថ្នាំប្រឆាំងមេរោគ ខណៈថ្នាំ Ritonavir ជួយរក្សាកម្រិតឈាមនៃថ្នាំ Nirmatrelvir សម្រាប់ប្រសិទ្ធភាពប្រឆាំងមេរោគ។
HSA បាននិយាយកាលពីថ្ងៃទី ៣ ខែកុម្ភៈថា ថ្នាំនេះគួរតែលេបពីរដងក្នុងមួយថ្ងៃសម្រាប់រយៈពេលប្រាំថ្ងៃ ដោយការព្យាបាលត្រូវចាប់ផ្តើម “ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យឃើញរោគសញ្ញាកូវីដ១៩ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់ពីឆ្លងរោគ”។
ថ្នាំគ្រាប់ Paxlovid របស់ក្រុមហ៊ុន Pfizer កញ្ចប់ដំបូងសម្រាប់ព្យាបាលកូវីដដឹកមកដល់សិង្ហបុរីកាលពីថ្ងៃសៅរ៍
ជុំវិញកូវីដ១៩នេះដែរ សិង្ហបុរីកាលពីថ្ងៃអាទិត្យបានរាយការណ៍អ្នកឆ្លងកូវីដ១៩ថ្មីចំនួន៩.៤២០នាក់ ក្នុងចំនួននេះ ៩.១៩៥នាក់ឆ្លងនៅក្នងស្រុក៕
គិតមកត្រឹមថ្ងៃអាទិត្យ សិង្ហបុរីបានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន៤៦៩.៤៩៥នាក់ ចាប់តាំងពីពេលចាប់ផ្តើមមានជំងឺនេះកាលពីពីរឆ្នាំមុនមក