ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែកុម្ភៈ នៅ​ភ្នំពេញ​ក៏ដូចជា​បណ្តា​ខេត្ត​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ ដោយសារ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ភាគ អាគ្នេយ៍ ខណៈពេល​របប​ខ្យល់មូសុង​ឦសាន​ស្ទើរតែ​លែងមាន​ឥទ្ធិពល​។​បាតុភូត​ឡា​នី​ណា​នៅមាន​ឥទ្ធិពល​ក្នុង​កម្រិត​៧៧​ភាគរយ​និង​ចុះមក​នៅ​រង្វង់​៥៥​ភាគរយ​នៅក្នុង​ខែឧសភា ដែល​អាច​នឹង​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នៅក្នុង​រដូវប្រាំង​ដែល​មិនសូវ​ក្តៅ​ហួតហែង​នេះ​។

​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​ថា នៅ​ថ្ងៃទី​១៤ និង​ទី​១៥ ខែកុម្ភៈ​នេះ មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​ក្នុង​កម្រិត​ពី​តិច​ដល់​បង្គួរ ភាគច្រើន​ភ្លៀង​កើតមាន​នៅពេល​ល្ងាច និង​យប់ ដោយសារ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​រុញ​មកពី​ភាគ​អាគ្នេយ៍​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​មាន​ភ្លៀង​ធ្លាក់​មកជា​បន្តបន្ទាប់​តែ​វា​មិន​រាយប៉ាយ​គ្រប់​ទីកន្លែង​ដូចជា​នៅ​ថ្ងៃទី​១៤ និង​១៥ ខែកុម្ភៈ​នេះ​ទេ ចូលដល់​ថ្ងៃទី​១៦​ខែកុម្ភៈ​ភ្លៀង​ចាប់ផ្តើម​ចុះខ្សោយ​វិញ ព្រម​ពេល​ជាមួយនឹង​របប​ខ្យល់មូសុង​ឦសាន​ក៏​ចុះខ្សោយ​ស្ទើរតែ​អស់​ទៅវិញ​ដែរ​។ ខ្យល់​ភាគច្រើន​រុញ​មកពី​ភាគ​អ​គ្នេ​យ៍​ជាមួយនឹង​ពពក​ភ្លៀង​បន្តបន្ទាប់​។​

​លោក​ចាន់ យុ​ត្ថា បានបញ្ជាក់​ថា​នៅ​រាជធានី​ភ្នំពេញ​ក៏មាន​ភ្លៀង​ដែរ​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ តែ​នៅ​ពេលយប់​បន្តិច​។ ប្រទេស​កម្ពុជា​នៅពេលនេះ​ស្ថិតក្រោម​ឥទ្ធិពល​នៃ​បាតុភូត​ឡា​នី​ណា​ក្នុង​កម្រិត​ប្រមាណ​ជា​៧៧​ភាគរយ​ដែល​ងាយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​កើតឡើង​ណាស់​ហើយ​បាតុភូត​នេះ អាច​នឹង​ថយ​ចុះមក​នៅក្នុង​រង្វង់​៥៥​ភាគរយ​នៅក្នុង​ខែឧសភា អាច​នឹងធ្វើ​ឱ្យមាន​ភ្លៀង​ធ្លាក់​ល្អ​នៅ​ដើមរដូវ​វស្សា​ខាងមុខ​។​
របាយ​ទឹកភ្លៀង​ធ្លាក់​រយៈ​២៤​ម៉ោង​ត្រឹម​ព្រឹក​ថ្ងៃទី​១៤ ខែកុម្ភៈ ដែល​កត់ត្រា​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បា​នប​ង្ហ​ញា​ឱ្យឃើញថា នៅ​ខេត្តបន្ទាយមានជ័យ​មាន​បរិមាណ​ពី​តិច​ដល់​៤៥​មី​លី​ម៉ែត្រ​, បាត់ដំបង​មាន​ភ្លៀង​ពី​២​ដល់​៥​មី​លី​ម៉ែត្រ​, ពោធិ៍សាត់​មាន​ភ្លៀង​ពី​៤​ដល់​៧​មី​លី​ម៉ែត្រ , មណ្ឌលគិរី​មាន​ភ្លៀង​ពី​៧​ដល់​១៤​មី​លី​ម៉ែត្រ​, ត្បូងឃ្មុំ​មាន​ភ្លៀង​ពី​៤​ដល់​៤៣​មី​លី​ម៉ែត្រ​, កណ្តាល​មាន​ភ្លៀង​ពី​តិ​ដល់​៧​មី​លី​ម៉ែត្រ​, ស្វាយរៀង​មាន​ភ្លៀង​ពី​តិច​៥​មី​លី​ម៉ែត្រ​, ព្រៃវែង​មាន​ភ្លៀង​ពី​តិច​ដល់​២១​មី​លី​ម៉ែត្រ​,​កំពត​មាន​ភ្លៀង​ពី​៨​ដល់​១៣​មី​លី​ម៉ែត្រ​, ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្តកំពង់ធំ​ក៏មាន​ភ្លៀង​នៅលើ​ច្រើន​ស្រុក​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​៣ ខែកុម្ភៈ​នេះ​បាន​ជូនដំណឹង​ស្តីពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​១​សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ​២០២២​ថា ដោយ យោងតាម​ការវិវត្ត​អាកាសធាតុ​ជាស​កល​នៅក្នុង​តំបន់​ក៏ដូចជា​នៅក្នុង​ប្រទេស​ឃើញថា​សីតុណ្ហភាព​អប្បបរមា​ក្នុង​ខែកុម្ភៈ ស្ថិតនៅក្នុង​រង្វង់​ពី​១៨​ទៅ​២១​អង្សា​សេ នៅ​តំបន់​មាត់សមុទ្រ​ស្ថិតក្នុង​រង្វង់​ពី​២០​ទៅ​២៣​អង្សា​សេ នៅក្នុង​ខែមេសា និង​ឧសភា​សីតុណ្ហភាព​អតិបរមា​មាន​ជា​មធ្យម​ពី​៣៥​ទៅ​៣៩​អង្សា​ស អាចមាន​ភ្លៀង​កក់ខែ​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​ហើយ​រដូវវស្សា​និង​ចូលមក​ដល់​នៅ​ដើមខែ​ឧសភា​។

​ក្នុង​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​នេះ​បាន​សរសេរ​លម្អិត​ថា​ផ្អែក​តាម​ការជូនដំណឹង​ជាស​កល ស្តីពី​ស្ថានភាព​សីតុណ្ហភាព​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក បានបង្ហាញ​ឲ្យ​ឃើញថា​ចាប់ពី​ខែកុម្ភៈ ដល់​ខែឧសភា ឆ្នាំ​២០២២ ព្រះរាជាណាចក្រ​កម្ពុជា​នៅ​បន្ត​ទទួលរង​នូវ​ឥទ្ធិពល​ពី​បាតុភូត​ឡា​នី​ណា (La Nina) ប្រមាណ​ជា​៨៥​ភាគរយ និង​ថយចុះ​សន្សឹមៗ​ឆ្ពោះទៅរក​បាតុភូត Neutral ដែលជា​បាតុភូត​នៅ​ចន្លោះ​រវាង​អែល​នី​ណូ El Nino (​ក្តៅ​) និង​ឡា​នី​ណា La Nina(​ត្រជាក់​) ប្រមាណ​ជា​៧០​ភាគរយ​វិញ ព្រម​ពេល​ជាមួយគ្នា​នឹង​បាតុភូត El Nino កើន​បាន​ប្រមាណ​ជា​១០​ភាគរយ​។

​នៅក្នុង​សេចក្តីជូនដំណឹង​បានបង្ហាញ​ឱ្យឃើញ​ទៀតថា​ក្នុង​រដូវប្រាំង​នេះ​សីតុណ្ហភាព​អាច​ស្ថិត​ទាប​ជាង​មធ្យម​ភាគច្រើន​ឆ្នាំ​។ នៅក្នុង​ខែកុម្ភៈ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​អប្បបរមា​ស្ថិតនៅក្នុង​រង្វង់​ពី​២១​ទៅ​២៤​អង្សា​សេ​។ នៅ​តំបន់​ខ្ពង់រាប​និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​អប្បបរមា​អាច​ស្ថិតនៅក្នុង​រង្វង់​ពី​១៨​ទៅ​២១​អង្សា​សេ និង​តំបន់​មាត់សមុទ្រ​សីតុណ្ហភាព​អប្បបរមា​អាច​ស្ថិតក្នុង​រង្វង់​ពី​២០​ទៅ​២៣​អង្សា​សេ​។

​ចាប់ពី​ខែមេសា​ដល់​ខែឧសភា​សីតុណ្ហភាព​នឹង​កើន​ឡើងជា​បន្តបន្ទាប់​ក្នុងនោះ​បណ្តា​ខេត្ត​នៅ​តំបន់​ទំនាប​កណ្តាល សីតុណ្ហភាព​មធ្យម​អតិបរមា​អាចមាន​ពី​៣៥​ទៅ​៣៨​អង្សា​សេ​។ នៅ​តំបន់​ខ្ពង់រាប និង​តំបន់​ជួរ​ភ្នំ សីតុណ្ហភាព​មធ្យម​អតិបរមា​អាចមាន​ពី​៣៤​ទៅ​៣៧​អង្សា​សេ សម្រាប់​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​មធ្យម​អតិបរមា​អាច​នឹងមាន​ពី​៣២​ទៅ​៣៥​អង្សា​សេ​។ នៅក្នុង​ខែមេសា និង​ខែឧសភា​សីតុណ្ហភាព​អតិបរមា​អាច​នឹង​កើន​ដល់​ក្នុង​រង្វង់​ពី​៣៧​ទៅ​៣៩​អង្សា​សេ ។

​នៅក្នុង​សេចក្តីជូនដំណឹង​សរសរ​ទៀតថា​ស្ថានភាព​ទឹកភ្លៀង​អាច​នឹងមាន​កម្រិត​ខ្ពស់ជាង​មធ្យមភាគ​ច្រើន​ឆ្នាំ​និង​ច្រើនជាង​ឆ្នាំ​២០២១​។​ចាប់ពី​ខែកុម្ភៈ​រហូតដល់​ដើមខែ​ឧសភា​អាចមាន​ភ្លៀង​កក់ខែ​ពី​មធ្យម​ទៅ​ច្រើន​។ ទន្ទឹម​នោះ​ក៏មាន​បាតុភូត​ផ្គរ រន្ទះ​និង​ខ្យល់​កន្ត្រាក់​ច្រើន​ផងដែរ ។​

​លោក​លឹម​គានហោ​បានបញ្ជាក់​នៅក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​ថា​សម្រាប់​ដើមរដូវ​វស្សា​ឆ្នាំ​២០២២​នៅ​តំបន់​វាលទំនាប​និង​តំបន់​មាត់សមុទ្រ​អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​១ នៃ​ខែឧសភា និង​តំបន់​ខ្ពង់រាប អាច​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​ទី​២​នៃ​ខែឧសភា​។​ទោះបី​នៅក្នុង​រដូវប្រាំង​និង​ដើមរដូវ​វស្សា​អាច​នឹងមាន​ភ្លៀង​កក់ខែ​ច្រើន តែ​បរិ មាណទឹក​ភ្លៀង​ដែល​ធ្លា​ក់មក មិនទាន់​សមល្មម​ក្នុងការ​ប្រើប្រាស់ ឆ្លើយតប​តាម​តម្រូវការ​ភ្លាមៗ​នោះទេ​។ អាស្រ័យហេតុនេះ​សូម​បងប្អូន​បន្ត​រក្សា​និង​ប្រើប្រាស់​ទឹក​ដោយ​សន្សំសំចៃ ជាពិសេស​បណ្តា​តំបន់​ជនបទ​ដាច់ស្រយាល ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក​៕​