ដោយ: សរិទ្ធ/ភ្នំពេញ: លោក អ៊ឹម វណ្ណៈ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានសម្រេចឃុំខ្លួន លោក ឌួង ងៀប អគ្គលេខាធិការរង នៃក្រសួងមហាផ្ទៃ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន»។
លោកឧត្តមសេនីយ៍ឯក ឌួង ងៀប ត្រូវបានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននៅចំណុចមុខសណ្ឋាគារដឹគ្រី ផ្លូវឌួងងៀប សង្កាត់អូរបែកក្អម រាជធានីភ្នំពេញ វេលាម៉ោង៩:៣០នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភៈនេះ តាមដីកាបញ្ជាឱ្យនាំខ្លួនរបស់តុលាការ។
ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពី លោក ឌួង ងៀប បានបង្ហោះឃ្លីបវីដេអូមួយ កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ដោយចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញថា បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់៕