ដោយ: ភ្នំខៀវ / ប៉ៃលិន: នៅព្រលប់ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ សមត្ថកិច្ចជំនាញចម្រុះចុះ ឆែកឆេរ និង បង្ក្រាបទីតាំងលួចលាក់បើកល្បែងអនឡាញខុសច្បាប់ និងបានលួចបង្កប់នូវទំនិញគេចពន្ធជាច្រើនទៀត នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ក្រោយការពិនិត្យ និងរកឃើញសម្ភារ:ជាច្រើននេះ សមត្ថកិច្ចនឹងបន្តកោះហៅម្ចាស់ទីតាំងឈ្មោះចាន់ វាសនា ភេទប្រុស អាយុ ៣៩ ឆ្នាំ ឲ្យចូលមកបំភ្លឺបន្ទាប់ពីរត់គេចខ្លួននៅពេលសមត្ថកិច្ចចុះទៅដល់។
ជាមួយគ្នាកម្លាំងការិយាល័យជំនាញដកហូតវត្ថុតាងជាច្រើនរួមមាន ម៉ូនីទ័រចំនួនប្រាំគ្រឿង តុសំរាប់តាំងកុំព្យូទ័រចំនួនពីរ ស៊ីភីយូចំនួន ១០គ្រឿង គ្រាប់កាំភ្លើងម៉ាកឡុកចំនួនបីគ្រាប់ ម៉ាស៊ីនព្រីនចំនួនពីរគ្រឿង ខ្សែអ៊ីនធឺណិតពណ៌ខៀវចំនួនមួយកេះធំ ពណ៌ខ្មៅចំនួន៦ដុំតូច ឧបករណ៍សម្រាប់ទប់ភ្លើងចំនួន៦គ្រឿង ដុំ WiFi ចំនួន ១គ្រឿង រួមទាំងសម្ភារ:ពាក់ព័ន្ធមួយចំនួនទៀត។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា ក្រោយការបង្ក្រាបដកហូត វត្ថុទាំងអស់ខាងលើត្រូវបានកម្លាំងជំនាញយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន រងការដោះស្រាយតាមនីតិវិធី៕