​ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ប្រតិភូ​បាន​ចូល​ពិនិត្យ​ពី​ស្ថានភាព​សត្វ​ដំរី​ឈ្មោះ ខា​វ៉ាន់ ដែល​គេ​ស្គាល់​ថា​ជា​ដំរី​ដ៏​ឯកោ​បំផុត​នៅលើ​លោក ក្រោយពី​ទទួលបាន​ជម្រក​ថ្មី​នៅក្នុង តំបន់​អភិរក្ស​របស់​កម្ពុជា​។​

​ការចុះពិនិត្យ​សត្វ​ដំរី​ពី​សំណាក់ លោក រដ្ឋមន្ត្រី​នេះ​ធ្វើឡើង​នាឱកាស​នៃ​ការចុះពិនិត្យ​ការងារ​គ្រប់គ្រង​ធនធានធម្មជាតិ និង​អភិរក្ស​ជីវៈចម្រុះ​នៅក្នុង​ភូមិសាស្ត្រ ខេត្ត​ឧ​ត្ត​រ​មានជ័យ​នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​ឆ្នាំ​២០២២​កន្លងមក​។​

​គួរបញ្ជាក់​ថា​ដំរី​ខា​វ៉ាន់​បាន​មកដល់​ទឹកដី​កម្ពុជា​កាលពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០ បន្ទាប់ពី​បានធ្វើ​ដំណើរ​ជាច្រើន ម៉ោង​នៅលើ​យន្តហោះ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​។ កម្ពុជា​បានផ្តល់​ជម្រក​ថ្មី ផ្តល់​ជីវិត​ថ្មី និង​ផ្តល់​ក្តីសង្ឃឹម​ថ្មី​ដល់​ដំរី​ដ៏​ឯកោ​មួយ​នេះ​។​

​បច្ចុប្បន្ន ដំរី​ខា​វ៉ាន់​ជា​ដំរី​ឈ្មោល មាន​អាយុ ៣៧ ឆ្នាំ ហើយ​វា ត្រូវបាន​ក្រុម​អភិរក្ស​សត្វព្រៃ​ជួយសង្គ្រោះ​ពី​សួនសត្វ​មួយ​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​តាមរយៈ​ការតស៊ូ ផ្នែក​ច្បាប់ ហើយ​ចុងក្រោយ​តុលាការ​កំពូល​របស់​ប៉ា​គី​ស្ថាន​បានសម្រេច​ឱ្យ​ដំរី​ខា​វ៉ាន់​ត្រូវមាន​សេរីភាព និង​បញ្ជូនមក​រស់នៅ​ក្នុងព្រៃ​ធម្មជាតិ​នៃ​ដែនជម្រកសត្វព្រៃ​របស់​ប្រទេស​កម្ពុជា​។​

ជាង​មួយឆ្នាំ​ក្រោយពី​បានមក​នៅ​ជម្រក​ថ្មី​ក្នុង​តំបន់​អភិរក្ស​នៃ​ដែនជម្រកសត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព នៅក្នុង​ភូមិសាស្ត្រ​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដំរី​ខា​វ៉ាន់​មាន​សុខភាព​ល្អ និង​មាន​អារម្មណ៍​ល្អប្រសើរ​បណ្តើរៗ បន្ទាប់ពី​រស់នៅ​យ៉ាង​ឯកោ​ក្នុង​សួនសត្វ​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​ជាច្រើន​ឆ្នាំ​។

​ដំរី​ខា​វ៉ាន់​ត្រូវបាន​ប្រទេស​ស្រីលង្កា ផ្តល់​ជា អំណោយ​ឱ្យ​ប្រទេស​ប៉ា​គី​ស្ថាន​តាំងពី​វា​មាន​អាយុ ១ ឆ្នាំ និង​ត្រូវបាន​រស់នៅក្នុង​សួនសត្វ​តាំងពី​តូច​មក​។ ខា​វ៉ាន់​ធ្លាប់មាន​ដៃគូ តែ​ជា​អកុសល ដំរី​ញី​នោះបាន​ស្លាប់​ក្នុង​ទ្រុង​ជាមួយ ហើយ​ខា​វ៉ាន់​បាន​បន្ត​រស់នៅ​ឯកោ រហូតដល់​ដល់​ឆ្នាំ​២០២០ ការ​តតាំង​ក្តី​មួយ​បានឈ្នះ​ដែល ដឹកនាំ​ដោយ​អ្នកចម្រៀង​ដ៏​ល្បីឈ្មោះ CHER និង​មានការ​ចូលរួម​ពី​អង្គការ​អភិរក្ស​សត្វព្រៃ​ជាច្រើន​ក្នុងនោះ​ក៏មាន​អង្គការ​ដែនជម្រកសត្វព្រៃ​កម្ពុជា​ផងដែរ​។ នៅ​កម្ពុជា ខា​វ៉ាន់​មាន​មិត្ត​ភ័ក្តិ​ជា​ដំរី​ញី​ស្រុក​ចំនួន ៣ ក្បាល​៕