ប្រែសម្រួលៈបំណង/ហាណូយ(ST)៖ បណ្តារោងចក្រវៀតណាមដែលផលិតអ្វីៗគ្រប់យ៉ាងចាប់តាំងពីស្បែកជើងរហូតដល់ស្វាតហ្វូន រំពឹងថានឹងបន្តដំណើរការផលិតកម្ម ទោះជាការឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃកើនដល់កំពិតខ្ពស់បំផុតជាបន្តបន្ទាប់នៅប៉ុន្មានថ្ងៃមកនេះ ដោយមិនអនុវត្តវិធានការបិទខ្ទប់ទូទៅដែលប្រទេសនេះបានអនុវត្តកាលពីឆ្នាំមុនដល់ថ្នាក់ធ្វើអោយស្ទះខ្សែសង្វាក់ផ្គត់ផ្គង់សំរាប់បណ្តាអ្នកលក់រាយនៅលោកខាងលិច។
ជាទីផ្សារកាត់ដេរធំបំផុតមួយរបស់ពិភពលោក វៀតណាមបានរាយការណ៍ចំនួនឆ្លងកូវីដ១៩ថ្មីជាង២៦.០០០កាលពីថ្ងៃអាទិត្យទី១៣កុម្ភៈ ឬប្រមាណពីរដងនៃការឆ្លងខ្ពស់បំផុតកាលពីឆ្នាំមុននៅពេលបណ្តារោងចក្រដែលផ្គត់ផ្គត់ទំនិញម៉ាកNike , Zara, Apple និង Samsung ត្រូវបង្ខំអោយបិទទ្វារអស់ពេលរាប់ខែ។តែមិនដូចកាលពីប្រាំបួនខែមុនពេលវីរុសដែលតាវាយប្រហាររាតត្បាតពេញប្រជាជនដែលមិនបានចាក់វ៉ាក់សាំងភាគច្រើននោះទេ ឥឡូវកម្មកររោងចក្ររាប់លាននាក់បានចាក់វ៉ាក់សាំងការពារកូវីដ១៩បានពេញលេញ ហើយវីរុសអូមីក្រុងក៏ហាក់មិនកាចសាហាវដូចដែលតាដែរ។
ដាង ឌឹក អាញ់ ( Dang Duc Anh)នាយកវិទ្យាស្ថានអនាម័យនិងជំងឺឆ្លងជាតិ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា «ហានិភ័យនៃការបិទខ្ទប់ទូទៅទាបណាស់នៅឆ្នាំនេះ នៅពេលវៀតណាមបានអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ដោយជោគជ័យ»។
សូមបញ្ជាក់ថា វៀតណាមបានបន្ធូរបន្ថយការរឹតត្បិតប្រឆាំងកូវីដ១៩នៅប៉ុន្មានខែមកនេះ ដោយសាលារៀនបានបើកឡើងវិញកាលពីសប្តាហ៍មុនហើយរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថាខ្លួននឹងដកចេញការរឹតត្បិតលើជើងហោះហើរដឹកអ្នកដំណើរអន្តរជាតិទាំងអស់ចាប់ពីថ្ងៃ១៥កុម្ភៈស្អែកទៅ។
ក្រសួងសុខាភិបាលវៀតណាមក្នុងពេលជាមួយគ្នានិយាយថា ប្រជាជនវៀតណាមជាង៧៦ភាគរយបានចាក់វ៉ាក់សាំងកូវីដ១៩បានយ៉ាងតិចពីរដូស ។
អាដាម ស៊ីតកូហ្វ (Adam Sitkoff)ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំក្រុងហាណូយ ដែលតំណាងធុរកិច្ចអាម៉េរិកនៅវៀតណាម រំពឹងថាវៀតណាមឆ្នាំ២០២២នឹងល្អប្រសើរឡើង។លោកថា «ខ្ញុំមិនរំពឹងថានឹងឃើញការបិទខ្ទប់ទូទាំងប្រទេសថែមទៀតទេនៅពេលការឆ្លងកូវីដ១៩ភាគច្រើននៃប្រទេសនេះស្ថិតក្នុងកំរិតអាចចាត់ចែងបានហើយអាជ្ញាធរបានរៀនបទពិសោធន៍ពីការរឹតបន្តឹងដែលធ្វើអោយប៉ះពាល់សេដ្ឋកិច្ចដែលមិនអាចអនុវត្តយូរអង្វែងបាន»។
រដ្ឋាភិបាលក្រុងហាណូយកំពុងកំណត់គោលដៅកំណើនសេដ្ឋកិច្ច៦ដល់៦,៥ភាគរយនៅឆ្នាំនេះ ដោយកើនពី២,៥ភាគរយកាលពីឆ្នាំ២០២១។
ប្រតិបត្តិការរោងចក្រដ៏រលូននៅវៀតណាម ដែលជាកន្លែងនាំចេញស្បែកជើងនិងសម្លៀកបំពាក់ធំបំផុតទី២សំរាប់ទីផ្សារអាម៉េរិកបន្ទាប់ពីចិន ក៏នឹងជួយរំដោះការជាប់គាំងខ្សែសង្វាក់ផ្គត់ផ្គង់ដែលកំពុងរុញអោយអតិផរណាកើនឡើងនៅទូទាំងពិភពលោក។
ឌឹក មិញ ង្វៀន នៅក្រុមហ៊ុនគណនេយ្យEYបាននិយាយថា «បើសិនវៀតណាមរក្សាសមត្ថភាពផលិតកម្មនិងទិន្នផលរោងចក្ររឹងមាំ វានឹងពិតជាគាំទ្រខ្សែសង្វាក់ផ្គត់ផ្គង់សកល ជាពិសេសក្នុងវិស័យដូចជាកសិកម្ម វាយនភណ្ឌនិងគ្រឿងប្រើប្រាស់អេឡិចត្រូនិច»។
សូមបញ្ជាក់ថា នៅមួយទសវត្សរ៍មកនេះ វៀតណាមបានលេចធ្លោឡើងជាមជ្ឈមណ្ឌលផលិតកម្មជំរើសដ៏ទាក់ទាញមួយសំរាប់ក្រុមហ៊ុនដែលស្វែងកាត់បន្ថយការពាក់ព័ន្ធនឹងចិន។និន្នាការនេះរំពឹងថានឹងបន្ត បើសិនជាវៀតណាមនៅអាចដោះស្រាយបានជាមួយនឹងការវាយប្រហារពីកូវីដ១៩នៅរលកបច្ចុប្បន្ន ហើយរដ្ឋាភិបាលក្រុងប៉េកាំងនៅរក្សាការបិទខ្ទប់យ៉ាងតឹងរ៉ឹងដើម្បីលុបបំបាត់ការឆ្លងនៅនឹងកន្លែង។
រ៉ាហ្វាអែល ម៉ុក(Raphael Mok) ប្រធានអង្គការFitch Solutionsប្រចាំវៀតណាមបានននិយាយថា «វៀតណាមនឹងក្លាយជាអ្នកទទួលផលដ៏ធំមួយពីការផ្លាស់ប្តូរទីតាំងខ្សែសង្វាក់ផលិតកម្មជាពិសេសពាក់ព័ន្ធនឹងការរើទីតាំងផលិតកម្មចេញពីចិន ។
កាលពីខែកញ្ញាឆ្នាំមុន ពេលការបិទខ្ទប់កើតមានពេញបន្ទុក បណ្តាក្រុមហ៊ុនអាជីវកម្មបានចាប់ផ្តើមពិចារណារើទីតាំងផលិតកម្មទៅកាន់កន្លែងផ្សេង។ឥឡូវកម្មកររោងចក្រ៩០ភាគរយបានវិលមកធ្វើការក្រោយការឈប់សម្រាកចូលឆ្នាំថ្មី។កម្មករដែលទទួលប្រាក់ខែជាមធ្យម៣៣០ដុល្លារ រំពឹងទូទាត់ចំណូលដែលបាត់បង់ពីការបិទរោងចក្រកាលពីឆ្នាំមុន៕
វៀតណាមជាកន្លែងនាំចេញស្បែកជើងនិងសម្លៀកបំពាក់ធំបំផុតទី២សំរាប់ទីផ្សារអាម៉េរិក បន្ទាប់ពីចិន