ដោយៈតារារិទ្ធ/ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានប្រកាសពីការពេល ជួបជុំជាមួយសិស្សនិទ្ទេសអេ( A) ដែលគ្រោងនឹងធ្វើនៅថ្ងៃទី២៨ កុម្ភៈ ឆ្នាំ២០២២ ខាងមុខ ទៅពេលក្រោយវិញ ដោយសារកូវីដ-១៩ មេរោគបំប្លែងថ្មីឈ្មោះថា អូមីក្រុង បាននឹងកំពុងរីករាលដាលនៅទីក្រុងភ្នំពេញ។នៅថ្ងៃនេះ ក្រសួងសុខាភិបាលបានប្រកាសថា នៅកម្ពុជាមានអ្នកឆ្លងមេរោគបំប្លែងថ្មីជាង៥០០ នាក់ឯណោះ។
លើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោនៅល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ សម្ដេតេជោបានបញ្ជាក់ ដូច្នេះថា “ដោយសារកូវីដ-១៩ មេរោគបំប្លែងថ្មីឈ្មោះថា អូមីក្រុងបាននឹងកំពុងរីករាលដាល នៅទីក្រុងភ្នំពេញ។ ដើម្បីសុវត្ថិភាព សម្រាប់ចៅៗសិស្សនិទ្ទេសអេ( A) និងអ្នកចូលរួម ខ្ញុំសម្រេចចិត្តលើកពេល នៃការជួបជុំជាមួយសិស្សនិទ្ទេស A ដែលគ្រោងធ្វើនៅថ្ងៃ២៨ កុម្ភ: ឆ្នាំ២០២២ ទៅពេលក្រោយវិញ”។សម្ដេចតេជោបានបន្តថា រក្សាជីវិត និងសុខភាព គឺកិច្ចការចម្បងរបស់យើងទាំងអស់គ្នានាពេលនេះ។ រក្សាបានជីវិត និងមានសុខភាពល្អ មិនខ្វះទេពេលវេលានៃការជួបជុំ។សម្ដេចសង្ឃឹមថា ចៅៗ និងក្រុមគ្រួសារនឹងមាន ការយោគយល់នូវការលំបាកនេះ ។
សូមរំលឹកថា កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ កន្លងទៅនៅក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ប្រវែងសរុប ៩៣,៥៦គីឡូម៉ែត្រ ពីរង្វង់មូលខ្លាស្ទុះ ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឫស្សី ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសយកថ្ងៃទី២៨ ខែកម្ភៈ ដើម្បីជួបជាមួយសិស្ស ដែលប្រលងជាប់និទ្ទេស A ជាងមួយពាន់នាក់។ សម្ដេចបានបញ្ជាក់ថា ដំបូងសម្ដេចចង់រៀបចំឱ្យមានជំនួបជាមួយសិស្សនិទ្ទេស A ដោយផ្ទាល់ត្រឹមតែរាជធានីភ្នំពេញ និងខេត្តកណ្ដាល ហើយសម្រាប់ខេត្តផ្សេងៗ និងជួបតាមអនឡាញ តែដោយសារឆ្នាំនេះ មានសិស្សនិទ្ទេស A ច្រើន ជាងឆ្នាំមុនៗ រហូតដល់ជាង ១.៧០០នាក់ ។ដូចនេះសម្ដេច បានអនុញ្ញាតឱ្យសិស្សនិទ្ទេស A ទាំងជាង ១.៧០០នាក់ ចូលជួបសម្ដេចនៅភ្នំពេញទាំងអស់គ្នាតែម្ដង នៅថ្ងៃទី២៨ ខែកុម្ភៈ ដោយខាងខេត្តត្រូវរៀបចំទាំងការធ្វើដំណើរ និងការស្នាក់នៅរបស់សិស្សនិងអាណាព្យាបាលសិស្ស ។
គួរបញ្ជាក់ដែរថា នៅថ្ងៃទី១៤ខែកុម្ភៈនេះក្រសួងសុខាភិបាលបានចេញសេចក្តីជូនព័ត៌មានស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែកុម្ភៈថា មានករណីឆ្លងថ្មី ៥១២នាក់ (លទ្ធផលបញ្ជាក់ដោយ PCR),ករណីជាសះស្បើយ ១៥៦នាក់តែមិនមានករណីស្លាប់ទេ៕សរន