ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ គណៈកម្មការ​គ្រប់គ្រង​អចលនទ្រព្យ​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​បាន​បញ្ជាក់ថា ដី១.២០០​ ហិកតា​គឺជា​ដី​របស់​រដ្ឋ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួងការពារជាតិ​ដែល​បានសម្រេច​ប្រគល់ជូន​កងទ័ពជើងទឹក​មូលដ្ឋាន​សមុទ្រ​គ្រប់គ្រង​ទុក​សម្រាប់​សាងសង់​ជំរំ​ជម្រក​ទ័ព​ធ្វើការ​អភិវឌ្ឍន៍​និង​ចែកជូន​ដល់​គ្រួសារ​កងទ័ព​ដែល​ស្នាក់នៅ​ក្នុង​តំបន់​នេះ​។ ចំពោះ​ការឃុបឃិត ចាប់យក​ទិញ​-​លក់ និង​លួចលាក់​ចេញ​ប័ណ្ណកម្មសិទ្ធិ​របស់លោក តែ តាំង​ប៉ ក្នុង​ខែកក្កដា ឆ្នាំ​១៩៩៧ គឺជា​រឿង​ខុសច្បាប់ ធ្វើឡើង​ដោយ​ស្ងាត់កំបាំង​មិនមាន​ការដឹង​ឭ ពី​កងទ័ពជើងទឹក នឹង​ក្រសួងការពារជាតិ​នោះឡើយ​។ នេះ​បើ​យោងតាម​លិខិត​បំភ្លឺ​របស់​គណៈកម្មការ​គ្រប់គ្រង​អចលនទ្រព្យ​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២​។​

លោក តែ តាំងប៉ (រូបថត ឯកសារ)

​លិខិត​បំភ្លឺ​បាន​រៀបរាប់ថា គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ សូម​ធ្វើការ​ស្រាយ​បំភ្លឺ ចំពោះ​ករណី លោក តែ តាំង​ប៉ ដែល​បានចេញ​លិខិត នៅលើ​គេហទំព័រ​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០២២ កន្លងទៅនេះ ស្ដីអំពី​ទំនាស់​ដីធ្លី​ស្ថិតនៅ​ក្នុងភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ រវាង​លោក តែ តាំង​ប៉ ជាមួយ​ក្រុមគ្រួសារ​កង​ទ័ពជើងទឹក​(​រាម​)​។​
​គណៈកម្មការ​គ្រប់គ្រងអចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្របានធ្វើការ​ស្រាយ​បំភ្លឺ​ជូន​សាធារណៈជន និង​លោក តែ តាំង​ប៉ ថា​៖
១.​ចំពោះ​ដី ១.២០០​ហិកតា គឺជា​ដី​របស់​រដ្ឋ​ស្ថិតក្រោម​ការគ្រប់គ្រង របស់​ក្រសួងការពារជាតិ ដែល​បាន សម្រេច​ប្រគល់ជូន​កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ គ្រប់គ្រង ទុក​សម្រាប់​សាងសង់​ជំរំ​ជម្រក​ទ័ពធ្វើការ​អភិវឌ្ឍន៍ និង​ចែកជូន​ដល់​គ្រួសារ​កងទ័ព​ដែល​ស្នាក់​នៅក្នុង​តំបន់​នេះ​។​
-​ចំពោះ​ការឃុបឃិត ចាប់យក​ទិញ​-​លក់ និង​លួចលាក់​ចេញ​ប័ណ្ណកម្មសិទ្ធិ របស់លោក តែ តាំង​ប៉ ក្នុង​ខែកក្កដាឆ្នាំ​១៩៩៧ គឺជា​រឿង​ខុសច្បាប់ ធ្វើឡើង​ដោយ​ស្ងាត់កំបាំង មិនមាន​ការដឹងឭ ពី​កងទ័ពជើងទឹក នឹង​ក្រសួងការពារជាតិ​នោះឡើយ ហើយ​ថ្ងៃខែ​ឆ្នាំ​នៃ​ការចុះ​អង្កេត​ដី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ​នោះ​ទៀតសោធ គឺមាន​ភាពមិនប្រក្រតី ព្រោះ​ពេលនោះ​ប្រទេសជាតិ​កំពុងស្ថិត​នៅក្នុង​ភាពវឹកវរ ដែល​បង្កឡើង​ដោយ ក្រុមជ្រុលនិយម​ប្រដាប់អាវុធ​(​ព្រឹត្តិការណ៍​០៥-០៦/​កក្កដា​/១៩៩៧) ហើយ​នៅក្នុង​កាលៈទេសៈ​នោះ​ផងដែរ កងទ័ព ជើង​ទឹក​បានចេញ​បទបញ្ជា​ឱ្យ​មូលដ្ឋាន​សមុទ្រ បិទ​ការចេញ​-​ចូល និង​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​តឹងរ៉ឹង​បំផុត ព្រមទាំង​ពុំមាន​សមត្ថកិច្ច ឬ ​សា្ថ​ប័ន​ណាមួយ​ហ៊ាន​ចេញ​-​ចូល​ដោយ​គ្មាន​ការអនុញ្ញាត​ពី​អង្គភាព​ឡើយ (​អង្គភាព ប្រកាស​បិទ​ការចេញ​-​ចូល មុន​៣​ខែ និង​២​ខែក្រោយព្រឹត្តិការណ៍​០៥-០៦/​កក្កដា​/១៩៩៧)​។​
-​ម្យ៉ាងវិញទៀត រាល់​ការទិញ​-​លក់​ដី​ក្នុង​តំបន់​នេះ (​ដី​ចំនួន​១០៣​ហិកតា និង​១៧​ហិកតា​) របស់លោក​តែ តាំង​ប៉ គឺ​គ្មាន​បុគ្គល ឬ​នាយទាហាន​រូប​ណា មាន​សិទ្ធ​អំណាច លក់​-​ទិញ ដោះដូរ​បាន​នោះទេ ដោយហេតុ ថា​ដី​ចំនួន​១២០០​ហិកតា នេះ ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ (​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បានលើកឡើង​កន្លងមក​៖ ដី​១.២០០​ហិកតា​នេះ គឺជា ដី​របស់​រដ្ឋ មិនមាន​បុគ្គល​ណា​ម្នា​ក់មាន​សិទ្ធិអំណាច​ក្នុងការ​ចាប់យក ទិញ​-​លក់ដូរ​បានឡើយ ហើយ​បុគ្គល ទាំងឡាយណា​ដែល​បាន​ឃុបឃិត​គ្នា រំលោភបំពាន​យក​ដោយ​ខុសច្បាប់ ត្រូវប្រគល់​ជូន​រដ្ឋ​វិញ​ជាដាច់ខាត​)​។​

២.​ចំពោះ​ករណី​ដែល​លោក តែ តាំង​ប៉ បាន​ចោទប្រកាន់​មកលើ​លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹកមេ​បញ្ជ​ការ​មូលដ្ឋាន​ស​មុទ​ថា​បាន​ឯកភាព​ដឹងលឺ​លើ​ការទិញ​-​លក់​ដី (​ចំនួន​១០៣​ហិកតា និង​១៧​ហិកតា និង​បានទទួល​ប្រាក់​មួយចំនួនទៀត​នោះ គឺជា​រឿង​ចោទប្រកាន់​មិន​ពិត និង​គ្មាន​មូលដ្ឋាន ច្បាស់លាស់ មានបំណង​បង្កាច់​បង្អួច​កិត្តិយស កេរ្តិ៍ឈ្មោះ លោក​មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​ក៏ដូចជា​កងទ័ព ជើង​ទឹក​ទាំងមូល ដែល​ធ្វើឡើង​ជាច្រើនលើក​ច្រើនសា​រ​តាម​គ្រប់រូប​ភាពជា​សាធារណៈ​(​សារព័ត៌មាន បណ្តាញ សង្គម និង​ប្ដឹងទៅ​តុលាការ​)​។

៣.​ចាប់តាំងពី​ពេលដែល លោក តែ តាំង​ប៉ បានមក​ឃុបឃិត រំលោភបំពាន ទិញ​-​លក់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ​លើដី​ក្នុង​តំបន់​នេះ លោក​តែងតែបាន​បង្កទំនាស់​ប្តឹង​ឡើង​តុលាការ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ផ្សេងៗ និង បង្កើត​បញ្ហា​ជាច្រើន​មិនចេះចប់​មិនចេះហើយ មានដូចជា​៖
-​បាន​បិទផ្លូវ​សាធារណៈ ដែលជា​ផ្លូវ​អាស្រ័យ​ផលរបស់​ប្រជាពលរដ្ឋ ក៏ដូចជា​គ្រួសារ​កងទ័ព -​ក្លែង​ឯកសារ​ស្តីពី​កសាង ជួសជុល៍​សាលារៀន ដោយ​ចាប់បង្ខំ​នាយិកា​សាលា អាជ្ញាធរ ឱ្យទទួល​ស្គាល់​
-​បាន​ប្ដឹងទៅ​តុលាការ និង​បង្កទំនាស់​ជាមួយ​ថ្នាក់ដឹកនាំ ក្រុមហ៊ុនប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព រួមមាន​៖
+​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ មាស ថង រដ្ឋលេខាធិការ​ក្រសួងការពារជាតិ +​មេបញ្ជាការ​មូលដ្ឋាន​ស​មុ​ទ្រ ព្រមទាំង​ក្រុមគ្រួសារ​
+​ឃ្លាំង​ប្រេង​ឥន្ធ​នៈ ភី​ធី​ធី​, ក្រុមហ៊ុន​អា​ឡាំង​ដឺ​ង៉ុ​យ​, ក្រុមហ៊ុន​ស៊ី​ធី​ស្តារ +​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែលមាន​ដី​នៅ​ជិត​គាត់​លោក សួង រ័ត្ន​សា​រ៉ា​យ​, លោក ហ៊ាន ឈៀង​ឈុន​, លោកស្រី ងូ​ន អេង​, លោក អាំង លី​អេង​………
+​គ្រួសារ​កងទ័ព​ចំនួន​៦០​គ្រួសារ ដែលជា​ការពិត ប្រជាពលរដ្ឋ និង​គ្រួសារ​កងទ័ព​ទាំងអស់នេះ បាន​តាំង​ទីលំនៅ​រស់នៅ អាស្រ័យ​ផល ដោយ​ស្របច្បាប់ ដែលមាន​ទទួលស្គាល់​ពី​អាជ្ញាធរ និង​អង្គភាព​មូលដ្ឋាន​ស​មុទ អស់​រយៈពេល​ជាង​៣០​ឆ្នាំ (​តាំងពី​ឆ្នាំ​១៩៨៩-១៩៩០) កន្លងមកហើយ តែ​ត្រូវបាន​លោក តែ តាំង​ប៉ ប្តឹង​ពួកគាត់​ទាំងនោះ​ថា កំពុង​រស់នៅ លើដី​របស់ខ្លួន​ទៅវិញ ថែមទាំង​បាន​ប្ដឹង​ពួកគាត់​ទៅ​តុលាការ​ជាច្រើនលើក​ច្រើនសារ​ថែមទៀត​។ ដោយ​មិនអាច​ទទួលរង​នូវ​ការឈឺចាប់​ទាំងនេះ​បាន ទើប​មកដល់​ឆ្នាំ​២០០៦ ពួកគាត់​បានសម្រេច​ចិត្ត​ដាក់ពាក្យ​គោរព ស្នើសុំ​ទៅ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជួយ​អន្តរាគមន៍ ស្វែងរក​យុត្តិធម៌ ដើម្បីឱ្យ ពួកគាត់​បានរស់នៅ​មាន​សេចក្តីសុខ​ដូច​ប្រជាពលរដ្ឋ​ដ៏ទៃទៀត​ដែរ​។ ជាងនេះទៅទៀត ទោះបី​ជាមាន​ដីកា សម្រេច​ច្រាន​ចោលការ​ចោទ​ប្តឹង​របស់លោក តែ តាំង​ប៉ ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ និង​មហា អយ្យការ​អម​សាលាឧទ្ធរណ៍​ក្តី ក៏​លោក តែ តាំង​ប៉ មិន​ទទួលស្គាល់ ហើយ​នៅតែ​បន្តសកម្មភាព​រំលោភបំពាន ប្តឹងផ្តល់ មកលើ​ពួកគាត់​ដដែល តាមរយៈ​ការ​ក្លែង​ឯកសារ​ប្ដឹង​ទៅជា​បណ្តឹងរដ្ឋប្បវេណី ទៅ​សាលាដំបូង​ខេត្ត ព្រះសីហនុ ដើម្បី​ធ្វើការ​ចោទប្រកាន់​ប្រជាពលរដ្ឋ​ថា កំពុង​រស់នៅ​លើដី​រប​ស់​គាត់​ទៅវិញ​។​

​ក្នុងនាម​គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹកមូលដ្ឋាន​សមុទ្រសូម​ប្រកាស​ដល់​ថា​៖
១.​គណៈកម្មការ ប្តេជ្ញា​ការពារ​នូវ​ទ្រព្យសម្បត្តិ​ជាតិ មិន​អនុញ្ញាតឱ្យ​ជនខិលខូច និង​ឈ្មួញ​ទុច្ចរិត​ណា​ម្នាក់ ចូលមក​រំលោភបំពាន​យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​បានជា​ដាច់ខាត​
២.​ចូលរួម​សហការ ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់ សន្តិសុខ​សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ កងទ័ព និង​គ្រួសារ​កងទ័ព ដែល បាន​នឹង​កំពុង​រស់នៅ អាស្រ័យ​ផល ដោយ​ទទួល​បានមកពី​ការចែកជូន​របស់​អង្គភាព និង​មានការ​ទទួលស្គាល់​ពី អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​ស​មុទ​។​

​គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​សមុទ្រ​បាន​សង្កត់ធ្ងន់ថា ទិដ្ឋភាព និង​សកម្មភាព​យ៉ង​គ​គ្លី​ន ក្នុង​ចេតនា​ទុច្ចរិត​បែបនេះ គណៈកម្មការ​គ្រប់គ្រង អចលនទ្រព្យ កងទ័ពជើងទឹក មូលដ្ឋាន​ស​មុទ សូម​ព្រមាន​ដល់​បុគ្គល​ទាំងឡាយណា ដែល​បានមក​ឃុបឃិត រំលោភបំពាន ទិញ​-​លក់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ លើដី​ក្នុង​តំបន់​នេះ​ត្រូវ ៖ ១.​បញ្ឈប់​ជាបន្ទាន់​រាល់​សកម្មភាព កាង​ចាប់យក លួច​ទិញ​-​លក់ ធ្វើ​ប័ណ្ណកម្មសិទ្ធិ ខុសច្បាប់ ហើយ​ត្រូវប្រគល់​ដី​ទាំងនោះ​ឱ្យមក​រដ្ឋ និង​ក្រសួងការពារជាតិ​វិញ (​ដូច​ករណី​លោក ត តាំង​ប៉ ជាអាទិ៍​)​។ ២.​បញ្ឈប់​ជាបន្ទាន់ រាល់​ការ​ញុះញង់ បរិហារកេរ្តិ៍ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ដែល​ធ្វើឱ្យប៉ះពាល់​ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់​កងទ័ព ដែល​បា​នប​មើ លះបង់​ដើម្បី​បុព្វហេតុ​ការពារជាតិ​មាតុភូមិ និង​សុខសន្តិភាព ស្ថិរភាព ជូន​ប្រជាពលរដ្ឋ​៕​សរន