ដោយ:សុខុម/សៀមរាប:ជាខេត្តទេសចរណ៍មួយដ៏ធំរបស់កម្ពុជា ខេត្តសៀមរាបអង្គរបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ ទៅលើវិស័យអប់រំ ។ក្នុងនោះក៏មានការសិក្សាភាសាចិនដល់មនុស្សពេញវ័យនិងកុមារ ដោយហេតុថា ភាសាចិននឹងជួយដល់ពួកគេ ខណៈដែលទេសចរចិនមានចំនួនច្រើនបានមកទស្សនាខេត្តនេះ។ ពិសេសការសិក្សាភាសា គឺជាបណ្តុះពុទ្ធិមួយដល់កូនខ្មែរ។

លោក ថាប់ សេង ហុក នាយកសាលាភាសាចិន ជីង ហ៊ួរ បានលើកឡើង ក្នុងកិច្ចសម្ភាសន៍មួយកាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២២ថា ការសិក្សារៀនសូត្រភាសាចិន ភាសាអង់គ្លេស និងវគ្គកុំព្យុទ័រ គឺជាការសិក្សាសម្រាប់មនុស្សពេញវ័យ នឹងមិនទាន់ពេញវ័យជាពិសេសកុមារតូចៗតែម្តង។

លោកបន្តថា សាលារបស់យើងបាន បង្ហាត់បង្រៀនដោយផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានបទពិសោធជាច្រើនឆ្នាំកន្លងមក។ សាលា ជីង ហ៊ួរ បានផ្ដោតសំខាន់លើភាសាចិន “ការសិក្សាសម្រាប់មនុស្សពេញវ័យ និងកុមារា កុមារីមិនទាន់ពេញវ័យ” គឺជាវគ្គសិក្សាដំបូងក្នុងចំណោមវគ្គសិក្សាផ្សេងៗ ទៀតនៃកម្មវិធីអភិវឌ្ឍសមត្ថភាពរបស់សិស្ស។

សាលាចិន ជីង ហ៊ួរ ស្ថិតនៅក្នុងភូមិត្រពាំងសេះ ក្បែរខាងក្រោយផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ជាប់នឹងផ្លូវ ៣០ម៉ែត្រ សង្កាត់គោកចក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។ សាលានេះមានការផ្តល់សេវាកម្មអប់រំផ្នែក ភាសាចិនគ្រប់កម្រិតសិក្សា និងមានថ្នាក់កុំព្យូទ័រ។សាលានេះមានការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រជាច្រើននាក់ដែរ។ សិស្សានុសិស្សជាច្រើនបានបញ្ចប់ការសិក្សានៅទីនោះ។

នាយកសាលាជីង ហួរ រំលឹកថា សាលាយើងបានបើកឲ្យដំណើរការអស់រយ:ពេលជាងបីឆ្នាំមកហើយ ។សព្វថ្ងៃយើងមានសិស្សរៀនជាង ២០០នាក់ហើយបានអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ៣.កុំ ៣.ការពារ ។កាលពីមុនមិនទាន់មានកូវិដ.១៩ សាលាមានសិស្សរហូតដល់ទៅ ៤០០នាក់ជាងឯណោះ ។ចំពោះតម្លៃសិក្សាសមរម្យ ។

ប្អូនស្រី ហន់ ស្រីណយ ជាសិស្សរៀនភាសាចិន បានឲ្យដឹងស្រដៀងៗគ្នា នឹងសិស្សដទៃថា ការសិក្សារៀនសូត្រភាសាចិន និងចំណេះដឹងទូទៅនៅក្នុងសាលានេះ គឺមានច្បាប់ទំលាប់ បទបញ្ជាផ្ទៃក្នុង មានវិន័យល្អ ។លោកគ្រូ អ្នកគ្រូ បានបង្ហាត់បង្រៀនដោយយកចិត្តទុកដាក់ក្នុងការពន្យល់ឲ្យសិស្សានុសិស្សងាយចាំងាយយល់។ សិស្សខ្លះពួកគេរៀនបានជិតបីឆ្នាំហើយ ។ ខ្លះទៀតរៀនបានមួយឆ្នាំទៅ ពីរឆ្នាំ ។ពួកគេអាចនិយាយភាសាចិនបានល្អគួរសម អាចទទួលយកបានសម្រាប់ការអភិវឌ្ឍន៍ខ្លួនទៅថ្ងៃអនាគតរបស់ពួកគាត់ក្នុងកិច្ចការងារសង្គម ដើម្បីបម្រើប្រទេសជាតិតាមគោលបំណងរៀងៗខ្លួន៕សរន