ឆ្នាំជូត
រាសីស្រុតចុះ។ការរស់នៅលោកអ្នកត្រូវចេះរក្សាភាពស្លូតបូត ឬធ្វើចរិកឱ្យរាបសាបន្តិចទើបជីវិតមានភាពរលូន និងធ្វើអ្វីមានភាពភ្លឺថ្លាជាងនេះ។ថ្ងៃនេះលោកអ្នកធ្វើអ្វីមិនដឹងក្បាលកន្ទុយប៉ុន្មានទេ ហើយពិសេសក្រុមមនុស្សទាំងទីជិតឆ្ងាយបង្កបញ្ហាមកឱ្យថែមទៀត។ការប្រកបរបររកស៊ីជួញដូរមិនសូវជោគជ័យទេហើយចង់បោះទុនអ្វីត្រូវមើលមុខក្រោយបន្តិចទើបគ្មានបញ្ហាអ្វីចោទឡើង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានភាពស្រុះស្រួលគ្នានិងផ្អែមល្ហែមប្រពៃ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះក៏ផ្តល់ផលល្អសម្រាប់ការចរចាតូចធំពីព្រោះតែងផ្តល់ផលល្អជាងអាក្រក់ជានិច្ច។កិច្ចការងារលោកអ្នកធ្វើអ្វីតែងត្រូវបានចៅហ្វាយឬអ្នកគ្រប់គ្រងស្រឡាញ់ចូលចិត្ត។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើលោកអ្នកមិនធ្លាប់ចេញធ្វើជំនួញផ្លូវឆ្ងាយ ហើយចង់សាកល្បងមើលក៏ជាការល្អប្រសើរដែរព្រោះតែងហុចផ្លែផ្កាដូចសមប្រកប។
សម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីកំពុងមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះលោកអ្នកអាចទទួលដំណឹងទាំងនៅទីជិត និង ទីឆ្ងាយផង។ការប្រកបការងារបើលោកអ្នកចង់ជួបចរចាក្នុងរឿងអ្វីមួយអាចចាប់ផ្តើមបានហើយពីព្រោះថាផលល្អៗតែងហុចមកវិញជានិច្ច។ចំពោះបើជាអ្នកប្រកបជំនួញតូចធំលោកអ្នកបើចង់បន្ថែមដើមទុនក៏អាចផ្តល់ផ្លែផ្កាល្អៗមកវិញជាងអាក្រក់ដែរ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការចេះអត់ឱនឱ្យគ្នានិងផ្អែមល្ហែមគួរជាទីកក់ក្តៅ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ការរស់នៅជួបបញ្ហារកាំចិត្ត និងអាចកើតរឿងរាវមួយចំនួនថែមទៀត ហើយពិសេសក្លាយជាជម្លោះយូរអង្វែងផង។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយទទួលរងប៉ះទង្គិច ហើយធ្វើអ្វីក៏មិនងាយសម្រេចដល់គោលដៅឡើយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកបញ្ហាក្តីច្រណែនឈ្នានីសឬភាពមោហៈទោសៈដាក់ខ្លួននាំកើតឧបទ្រពចង្រៃការលក់ដូរកាន់តែមិនដាច់។
រីឯបញ្ហាគូស្នេហ៍កំលោះក្រមុំមានការប្រឆាំងគ្នាច្រើនតែក៏ងាយត្រជាក់ចិត្តចំពោះគ្នាវិញដែរ៕
ឆ្នាំរោង
រាសីស្រុតចុះ។នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកស្រុតចុះ ម្ល៉ោះហើយឱ្យប្រយ័ត្នការទាស់សម្តីជាមួយក្រុមមមនុស្សនៅក្បែរខ្លួនដោយការយល់ខុសអ្វីមួយ។ក្រៅពីនេះឱ្យប្រយ័ត្នទំនាក់ទំនងក្លាយជាពិសពុល។បញ្ហាមិនល្អងាយរត់ចូលណាស់ផង ម្ល៉ោះហើយលោកអ្នកត្រូវរក្សាភាពស្ងប់ស្ងៀមបន្តិចទើបគ្មានបញ្ហាមិនល្អណាមួយចោទឡើង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកផងដែរតែយ៉ាងណាចូរប្រយ័ត្នគ្រោះបាត់របស់របរនិងគ្រោះចាញ់បោកគេដោយប្រការណាមួយ។
សេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលច្រើនពីព្រោះថាជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារ ឬចង់ពឹងពាក់នរណាម្នាក់ក៏ទទួលផ្លែផ្កាគ្រាន់ពេញចិត្ត។ការប្រកបការងារសព្វបែបយ៉ាងបើទោះបីកិច្ចការមមាញឹកពិតមែនតែក៏មានសំណាងមកវិញដែរគឺធ្វើច្រើនតែងហុចផលច្រើនជានិច្ច។លាភសំណាងហាក់ហូរចូលខ្លះ ដូចនេះជាឱកាសល្អក្នុងការពង្រីកមុខជំនួញព្រោះផ្លែផ្កាហុចមកវិញឃើញថាអាចឆ្លើយតបគួរជាទីពេញចិត្ត។
រីឯបញ្ហាប្រុសស្រីលោកអ្នកមិនគប្បីលង់លក់តែក្នុងរឿងសេចក្តីស្នេហាខុសរបៀបដែលនាំឱ្យខូចអនាគតដោយប្រការណាមួយ៕
ឆ្នាំមមី
រាសីស្រុតចុះ។លោកអ្នកកើតឆ្នាំសេះនៅថ្ងៃនេះ ត្រូវធ្វើចិត្តត្រជាក់គ្រប់រឿង និងត្រូវគិតឱ្យបានគ្រប់ជ្រុងជ្រោយទើបគ្មានបញ្ហាចោទឡើង។អ្នកប្រកបការងារទីខ្ពស់ពិសេសកម្មករសំណង់ចូរប្រយ័ត្នប្រយែងការទ្បើងទីខ្ពស់ក្រែងភ្លាត់ដៃជើងធ្លាក់ចុះគ្រោះថ្នាក់ដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកជួបផលលំបាកក្នុងការរកផលចំណូលណាស់ ហើយការជួញជិតឆ្ងាយទៀតសោតជួបតែភាពរកាំរកូសមិនស្ទើរឡើយ ដូចនេះឱ្យប្រយ័ត្នកើតជម្លោះវិវាទណាមួយរកស្មានមិនត្រូវ ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរប្រយ័ត្នភាពប្រចែប្រច័ណ្ឌកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំមមែ
រាសីស្រុតចុះ។ស្ត្រីមេផ្ទះនៅផ្ទះសម្បែងងាយកើតជម្លោះវិវាទណាស់ចូរចេះធ្វើគធ្វើថ្លង់ខ្លះទើបជាការល្អប្រពៃបំផុត។ថ្ងៃនេះការប្រកបការងារលោកអ្នកតោងតែចាប់កាន់កិច្ចការងារចាស់ឬកិច្ចការងារសេសសល់ពីមុនមកទើបប្រសើរ។លោកអ្នកធ្វើអ្វីត្រូវត្រៀមទប់ទល់ឱ្យបានល្អពីព្រោះថាងាយប្រែទៅជាអាក្រក់ណាស់។អ្នកប្រកបរបររកស៊ីជួញដូរជួបបញ្ហាសៅហ្មងបន្តិចតែមុខរបរមានស្ថានភាព ដូចសព្វមួយដង។
រីឯសម្ព័ន្ធស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្ត។នៅថ្ងៃនេះផ្តល់ផលល្អទាំងការប្រកបការងារទាក់ទងប្រាក់កាស ឬ ការសម្រេចចិត្តធ្វើកិច្ចសន្យាអ្វីមួយផង។អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់និងបើចង់បើករបរថ្មីក៏ជាពេលវេលាល្អប្រសើរណាស់ផង។
រីឯសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងបើមានជម្លោះវិវាទជាពេលវេលាល្អក្នុងការដោះស្រាយបំផុត៕
ឆ្នាំរកា
រាសីស្រុតចុះ។ទាំងស្ត្រីបុរសលោកអ្នកកុំរកបានដោយតានតឹង ហើយចាយដោយធូរឱ្យសោះប្រយ័ត្នពេលខ្វះមុខក្រោយរត់ទៅរកអ្នកដទៃគេប្រមាថមើលងាយ។អ្នកប្រកបការងាររាជការឬក្រុមហ៊ុនឯកជនត្រូវប្រយ័ត្នប្រយែងចៅហ្វាយនាយបន្តិចព្រោះងាយចាប់ថ្នាំងថ្នាក់និងបង្កហេតុណាស់។អ្នកប្រកបរបររកស៊ីជួញដូរមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង។
សម្ព័ន្ធស្នេហាប្រុសស្រីមានដំណើរថយក្រោយចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកស៊ីញ៉េ ឬចរចារឿងសំខាន់អ្វីមួយឡើយពីព្រោះថាផលតែងកើតឡើងតាមក្រោយជានិច្ច។ដោយសារដំណើរជីវិតជួបភាពរដិបរដុប ដូចនេះចូរប្រយ័ត្នការត្រូវរិះគន់ឬត្រូវគេថាស្តីបន្ទោសដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរទោះធ្វើអ្វីលោកអ្នកគួរធ្វើសន្សឹមៗកុំបំបោលប្រយ័ត្នដូចពាក្យចាស់ថា”កាន់តែលឿនកាន់តែខុសហើយក្រែងមិនបានដូចសេចក្តីប្រាថ្នា”។
សម្ព័ន្ធស្នេហាប្រុសស្រីឲ្យប្រយ័ត្នភាពផ្អែមល្ហែមប្រែជាជូរចត់វិញព្រោះតែការប្រចែប្រច័ណ្ឌច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។អំឡុងពេលនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុប និង មានបញ្ហាច្រើនចូលយាយីនាំជួបស្ថានភាពលំបាក។សម្រាប់ថ្ងៃនេះដែរបញ្ហាការងារ បញ្ហាផ្ទាល់ខ្លួន គឺមានភាពភ្លឺថ្លា ហើយធ្វើអ្វីតែងជឿនលឿនគ្រាន់គាប់បំណងត្រឡប់មកវិញ។ អ្នកប្រកបការងាររកស៊ីជួញដូរ លោកអ្នកត្រូវតែក្តោបក្តាប់ឱកាសនេះកុំឱ្យឆ្លងផុតដោយឥតប្រយោជន៍ឡើយដោយអាចប្រកបរបរថ្មីៗឬផ្លាស់ទីកន្លែងលក់ដូរក៏កាន់តែប្រសើរ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយ ជាឱកាសល្អបំផុតក្នុងការនិយាយគ្នាអំពីគម្រោងអាពាហ៍ពិពាហ៍ហើយ៕