ដោយ:សុវណ្ណកុម្ភៈ/ភ្នំពេញ: លោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រធានសហព័ន្ធប្រដាល់គុនខ្មែរមានប្រសាសន៍ថាការប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិនេះគឺ ធ្វើឡើងដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធន៍ និងដើម្បីជ្រើសរើសកីឡាករល្អៗ សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិឲ្យគ្រប់គ្រាន់ ទៅចូលរួមប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាមមុខ និងត្រៀមប្រកួតកីឡាSEA GAMES លើកទី៣២ នៅឆ្នាំ២០២៣ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏ធំ ដែលព្រះរាជាណាចក្រកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ។

សហព័ន្ធកីឡាប្រដាល់គុនខ្មែរប្រកាសបើកព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ជាផ្លូវការដែលរយៈពេល៥ថ្ងៃ ១៤ដល់១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់ដើម្បីជ្រើសរើសក្រុមអត្តពលិកឆ្នើមសម្រាប់ត្រៀមខ្លួនការប្រកួតកីឡា SEA GAMES ២០២១ លើកទី៣១ នៅប្រទេសវៀតណាម និងការប្រកួតកីឡា SEA GAMES ២០២៣ លើកទី៣២នៅប្រទេសកម្ពុជាយើង ការ ប្រកួតដោយមានការផ្សាយផ្ទាល់ ពីស្ថានីយទូរទស្សន៍TV5 ។

ក្នុងឱកាសបើកការប្រកួតនេះដោយក៍មានការអញ្ជើញចូលរួមពីសំណាក់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរលោកឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ ទីប្រឹក្សាជាន់ខ្ពស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ិល កាដូ អគ្គនាយករងកីឡា អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា ។

បច្ចុប្បន្ននេះវិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ជាពិសេសកីឡាប្រដាល់គុនខ្មែរមានសហព័ន្ធបានខិតខំប្រឹងប្រែងបណ្តុះបណ្តាល និងអភិវឌ្ឍន៍កីឡាកររហូតទទួលបានលទ្ធផលជាប្រវត្តិសាស្រ្តលើកដំបូងរបស់កម្ពុជា ដោយទទួលបានមេដាយមាស មួយគ្រឿង មេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធពីរគ្រឿង ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាSEA GAMES លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី។ ការប្រកួតកីឡាSEA GAMESលើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ទទួលបានមេដាយសំរិទ្ធចំនួន ប្រាំមួយគ្រឿង។

បើតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ឯកតែម ម៉ឺននោះថាសម្រាប់២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនោះសហព័ន្ធប្រដាល់គុនខ្មែរបានដាក់គោលដៅស្វែងរកមេដាយមាសឲ្យបាន៣គ្រឿង។ដោយឡែកសម្រាប់ស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមឆ្នាំ២០២២នេះសហព័ន្ធប្រដាល់គុនខ្មែរក៍នឹងស្វែងរកមេដាយឲ្យបានល្អទៀតផង ។

ការប្រកួតប្រដាល់ជើងឯកជាតិនេះគឺអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២១ ដែលការប្រកួត នេះ មានក្លិបមានអង្គភាព សមាគម ក្លិបកីឡាក្រសួង រាជធានី-ខេត្តបានចូលរួមសរុបចំនួន ១៤ ដោយមានកីឡាករ កីឡាការិនីចូលរួសរុបម ៩៥នាក់ ប្រតិភូ គ្រូបង្វឹក ២៨នាក់ មន្រ្តីបច្ចេកទេស ៦៥នាក់ សរុបទាំងអស់ ១៨៨នាក់។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកបានសន្យាយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំ និងអនុវត្តការងារប្រកួតឲ្យទទួលបានជោគជ័យ៕សរន