ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយកាលពីថ្ងៃចន្ទទី១៤កុម្ភៈថាលោកមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីភាពតានតឹងដែលកើនឡើងជុំវិញអ៊ុយក្រែន និង “ការរំពឹងខ្ពស់ឡើង” អំពីជម្លោះយោធា ដោយជំរុញឱ្យមេដឹកនាំពិភពលោកបង្កើនទំនាក់ទំនងការទូតដើម្បីធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់។
លោកបានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីទទួលទានអាហារថ្ងៃត្រង់ជាមួយឯកអគ្គរដ្ឋទូតរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.បថា”យើងមិនអាចទទួលយកបានសូម្បីតែលទ្ធភាពនៃការប្រឈមមុខគ្នាដ៏មហន្តរាយបែបនេះ”។
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី (Volodymyr Zelenskiy)បាននិយាយកាលពីថ្ងៃចន្ទថា លោកបានឮថាថ្ងៃពុធអាចជាថ្ងៃនៃការឈ្លានពានរបស់រុស្ស៊ី។ រុស្ស៊ីបានលើកឡើងថា ខ្លួនត្រៀមរួចជាស្រេចក្នុងការបន្តពិភាក្សាជាមួយលោកខាងលិច ដើម្បីព្យាយាមដោះស្រាយវិបត្តិសន្តិសុខ ខណៈសហរដ្ឋអាម៉េរិកបាននិយាយថា ទីក្រុងមូស្គូកំពុងបន្ថែមសមត្ថភាពយោធារបស់ខ្លួន។
លោកគូថេរ៉េសបាននិយាយថា “ពេលវេលានេះគឺដើម្បីបំបាត់ភាពតានតឹងនិងបន្ថយសកម្មភាពតានតឹងនៅនឹងកន្លែង។ មិនមានកន្លែងសម្រាប់វោហាសាស្ត្របញ្ឆេះកំហឹងនោះទេ។ សេចក្តីថ្លែងការណ៍ជាសាធារណៈគួរតែមានគោលបំណងកាត់បន្ថយភាពតានតឹង មិនមែនធ្វើឱ្យឆាបឆេះកំហឹងនោះទេ”។
កាលពីព្រឹកថ្ងៃចន្ទ លោកគូថេរ៉េសបាននិយាយដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ហើយលោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងបន្ត”ចូលរួមយ៉ាងពេញលេញគ្រប់ម៉ោងនិងគ្រប់ថ្ងៃខាងមុខ”។
លោកគូថេរ៉េសបានសង្កត់ធ្ងន់ថា ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិតម្រូវឱ្យរដ្ឋជាសមាជិកទាំងអស់”រក្សាភាពអត់ធ្មត់ក្នុងទំនាក់ទំនងអន្តរជាតិរបស់ពួកគេពីការគំរាមកំហែងឬការប្រើប្រាស់កម្លាំងប្រឆាំងនឹងបូរណភាពទឹកដី ឬឯករាជ្យភាពនយោបាយនៃរដ្ឋណាមួយ”។
លោកគូថេរ៉េសបាននិយាយថា “ការបោះបង់ការទូតសម្រាប់ការប្រឈមមុខដាក់គ្នា មិនមែនជាជំហានហួសខ្សែបន្ទាត់នោះទេ វាគឺជាការលោតចុះពីជ្រោះ។ និយាយឱ្យខ្លីទៅ ការអំពាវនាវរបស់ខ្ញុំគឺ កុំធ្វើឱ្យបាត់បង់បុព្វហេតុសន្តិភាព”។
អ្នកនាំពាក្យអ.ស.ប លោក ស្តេហ្វេន ឌួចារិក (Stephane Dujarric) បាននិយាយកាលពីថ្ងៃចន្ទថា អ.ស.បមិនមានគម្រោងជម្លៀសឬផ្លាស់ទីបុគ្គលិកជាង ១.៦០០នាក់ចេញពីអ៊ុយក្រែននោះទេ ដែលក្នុងនោះមានបុគ្គលិកបរទេស ២២០នាក់និងអ៊ុយក្រែនជាង ១.៤០០នាក់៕
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ គូថេរ៉េស