ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ រដ្ឋមន្ត្រីការបរទេសអាម៉េរិកលោក អ៊ែនថូនី ប្លីងកិន បាននិយាយកាលពីថ្ងៃចន្ទទី១៤កុម្ភៈថាសហរដ្ឋអាម៉េរិកកំពុងរើទីតាំងប្រតិបត្តិការស្ថានទូតរបស់ខ្លួននៅអ៊ុយក្រែនពីរដ្ឋធានីគៀវទៅកាន់ទីក្រុងអេ លីវីវ (Lviv)ភាគខាងលិច ដោយលើកឡើងពី “ការបង្កើនល្បឿនយ៉ាងខ្លាំងក្នុងការកសាងកងកម្លាំងរបស់រុស្ស៊ី”។
ចំណាត់ការនេះកើតឡើងនៅពេលដែលក្រុមមន្ត្រីអាម៉េរិកបានព្រមានថា ទីក្រុងមូស្គូកំពុងបន្តប្រមូលផ្តុំកងទ័ពជាង ១០០.០០០ នាក់នៅជិតព្រំដែនរុស្ស៊ីជាមួយអ៊ុយក្រែននិងនៅប្រទេសបេឡារូសជិតខាង ហើយអាចធ្វើការវាយប្រហារដ៏បំផ្លិចបំផ្លាញគ្រប់ពេល រួមទាំងទីក្រុងគៀវផងដែរ។
ទោះជាយ៉ាងណាទីក្រុងមូស្គូបដិសេធការចោទប្រកាន់របស់លោកខាងលិចថា ខ្លួនកំពុងរៀបចំផែនការឈ្លានពាន។
អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកលោក ណេត ប្រាយ (Ned Price)បានប្រាប់សន្និសីទសារព័ត៌មានមួយថា “ការលុកលុយចូលអ៊ុយក្រែនអាចនាំមកនូវអំពើហិង្សាដ៏ធំ ការបំផ្លិចបំផ្លាញដ៏ធំ និងការបាត់បង់អាយុជីវិតនឹងមិនមានការរើសអើងនោះទេរវាងជនជាតិអាម៉េរិក អ៊ុយក្រែន ឬអ្នកផ្សេងទៀត”។
លោកប្លីងកិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរើប្រតិបត្តិការរបស់ស្ថានទូតទៅកាន់ទីក្រុងអេ លីវីវ ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រពីព្រំដែនភាគខាងលិចនៃប្រទេសអ៊ុយក្រែនជាមួយប៉ូឡូញ ត្រូវបានធ្វើឡើងចេញពីការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់បុគ្គលិក។
បុគ្គលិកស្ថានទូតភាគច្រើនត្រូវបានបញ្ជាឱ្យចាកចេញពីអ៊ុយក្រែន ហើយពលរដ្ឋអាម៉េរិកត្រូវបានណែនាំឱ្យចាកចេញពីប្រទេសនេះតាមមធ្យោបាយពាណិជ្ជកម្ម។
លោកប្លីងកិនបាននិយាយថា ការរើទីតាំងប្រតិបត្តិការស្ថានទូតមិនបានធ្វើឱ្យខូចដល់ការគាំទ្ររបស់សហរដ្ឋអាម៉េរិកសម្រាប់ “អធិបតេយ្យភាព និងបូរណភាពទឹកដី”របស់អ៊ុយក្រែននោះទេទោះតាមវិធីណាក៏ដោយ ហើយថាអ្នកការទូតអាម៉េរិកនឹង “បន្តចូលរួម” ជាមួយរដ្ឋាភិបាលអ៊ុយក្រែន។
លោកបាននិយាយថា សហរដ្ឋអាម៉េរិកកំពុងបន្តដាក់សម្ពាធលើទីក្រុងមូស្គូសម្រាប់ដំណោះស្រាយការទូត។
ទោះយ៉ាងណា លោកប្រាយបានប្រាប់អ្នកយកព័ត៌មានថា ពួកយើងមិនច្បាស់ទេថាតើរុស្ស៊ីចាប់អារម្មណ៍ក្នុងការបន្តផ្នែកការទូតឬអត់។
លោកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានកត់សម្គាល់នូវសម្តី ដែលរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov)បានធ្វើឡើងនៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍ជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ថា ទីក្រុងមូស្គូនឹងជំរុញកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីទាញយកការធានាសន្តិសុខពីលោកខាងលិច។
លោកប្រាយបន្តថា “អ្វីដែលយើងមិនបានកត់សម្គាល់នោះគឺ ការបង្ហាញពីការបន្ថយភាពតានតឹង” ដោយកងកម្លាំងរុស្ស៊ី។
លោកបាននិយាយថា ការរើទីតាំងប្រតិបត្តិការស្ថានទូតគឺផ្អែកលើការវាយតម្លៃ “នៃអ្វីដែលយើងកំពុងតែឃើញនៅនឹងកន្លែងដោយភ្នែករបស់យើងផ្ទាល់ ដែលជាការបង្កើនទ័ពរបសរុស្ស៊ីជាបន្តនិងដ៏បង្កហេតុ”។
លោកបាននិយាយថា “វាគឺជាលទ្ធភាពពិសេស ប្រហែលជាក់ស្តែងជាងពេលមុនៗ ដែលរុស្ស៊ីអាចនឹងសម្រេចចិត្តធ្វើសកម្មភាពយោធា”។
លោកបាននិយាយថា អ្នកការទូតកំពូលអាម៉េរិកប្រចាំប្រទេសអ៊ុយក្រែន គឺភារធារី គ្រីស្ទីណា ខេវិន (Kristina Kvien) នឹងធ្វើការពីទីក្រុងលីវីវ ហើយស្ថានទូតអាម៉េរិកនៅទីក្រុងគៀវនឹងត្រូវបានការពារដោយប៉ូលិសឆ្មាំជាតិអ៊ុយក្រែន៕
ស្ថានទូតអាម៉េរិកនៅទីក្រុងគៀវត្រូវបិទទ្វារស្ងាត់ឈឹង ហើយនឹងត្រូវបានការពារដោយប៉ូលិសឆ្មាំជាតិអ៊ុយក្រែន