ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ ក្រុមតាលីបង់បាននិយាយកាលពីថ្ងៃចន្ទទី១៤កុម្ភៈថា អាហ្វហ្គានីស្ថាននឹងត្រូវបង្ខំចិត្តពិចារណាឡើងវិញនូវគោលនយោបាយរបស់ខ្លួនចំពោះសហរដ្ឋអាម៉េរិក លុះត្រាតែទីក្រុងវ៉ាស៊ីនតោនដកចេញនូវការសម្រេចចិត្តក្នុងការបង្កកទ្រព្យសម្បត្តិរបស់ប្រទេសសម្រាប់ជាសំណងដល់ជនរងគ្រោះនៃការវាយប្រហារថ្ងៃទី១១កញ្ញា។
ប្រធានាធិបតីអាម៉េរិកលោក ចូ បៃដិន កាលពីសប្តាហ៍មុនបានរឹបអូសទ្រព្យសម្បត្តិ ៧ ពាន់លានដុល្លារដែលជាកម្មសិទ្ធិរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថានមុនក្នុងគោលបំណងបែងចែកមូលនិធិរវាងសំណងសម្រាប់ជនរងគ្រោះនៃការវាយប្រហារថ្ងៃទី ១១ ខែកញ្ញាឆ្នាំ ២០០១ លើសហរដ្ឋអាម៉េរិក និងជំនួយដែលត្រូវការយ៉ាងខ្លាំងសម្រាប់ប្រទេសអាហ្វហ្គានីស្ថានក្រោយសង្គ្រាម។
ចំណាត់ការនេះបានទាក់ទាញការឆ្លើយតបយ៉ាងខឹងសម្បាពីមេដឹកនាំតាលីបង់ថ្មីរបស់ប្រទេសនេះ ដែលចាត់ទុកការរឹបអូសនេះថាជា “ចោរកម្ម” និងជាសញ្ញានៃ “ការពុកផុយខាងសីលធម៌”របស់សហរដ្ឋអាម៉េរិក។
សេចក្តីថ្លែងការណ៍កាលពីថ្ងៃចន្ទ ដែលចុះហត្ថលេខាដោយអ្នកនាំពាក្យរងលោក អ៊ីណាមូលឡា សាម៉ានហ្គានី (Inamullah Samangani) បាននិយាយថា “ការវាយប្រហារ ៩/១១មិនមានជាប់ពាក់ព័ន្ធជាមួយអាហ្វហ្គានីស្ថានទេ”។
សេចក្តីថ្លែងការណ៍បានបន្ថែមថា”រាល់ការរឹបអូសទ្រព្យសម្បត្តិរបស់ប្រជាជនអាហ្វហ្គានីស្ថានក្រោមលេសនៃឧបទ្ទវហេតុនេះគឺជាការរំលោភយ៉ាងច្បាស់លាស់នៃកិច្ចព្រមព្រៀងដែលបានសម្រេចជាមួយរដ្ឋអ៊ីស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាន”។
“ប្រសិនបើសហរដ្ឋអាម៉េរិកមិនងាកចេញពីជំហររបស់ខ្លួន ហើយបន្តសកម្មភាពបង្កហេតុរបស់ខ្លួននោះរដ្ឋអ៊ីស្លាមអេមីរ៉ាតអាហ្វហ្គានីស្ថាននឹងត្រូវបង្ខំចិត្តពិចារណាឡើងវិញនូវគោលនយោបាយរបស់ខ្លួនចំពោះប្រទេសនេះផងដែរ”៕
អាហ្វហ្គានីស្ថានកំពុងស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ចំពេលអាម៉េរិកបង្កកទ្រព្យសម្បត្តិ