ប្រែសម្រួលៈបំណង(CGTN,ដេល្លីម៉េល)៖ ប្រជាជនអ៊ុយក្រែនបានជ្រើសរើសអ្នកកំប្លែងម្នាក់អោយធ្វើជាប្រធានាធិបតី តែអាម៉េរិកបានជ្រើសរើសប្រធានាធិបតីម្នាក់អោយដើរតួជា«ត្លុកកំប្លែង»ម្នាក់ទៅវិញ នេះបើតាមទស្សនៈរបស់សារព័ត៌មានរដ្ឋចិនCGTN។
សារព័ត៌មានខាងលើបាននិយាយថា មើលទៅទាំងរុស្ស៊ីនិងអ៊ុយក្រែនមិនចង់ចាប់ផ្តើមធ្វើសង្គ្រាមអីមួយទេ សូម្បីតែអឺរ៉ុប តែអាម៉េរិកបានលេងល្ខោនតែងឯងអស់ប៉ុន្មានថ្ងៃមកនេះដូចជាបិទ-រើស្ថានទូត បញ្ជូនទ័ពនិងផ្សព្វផ្សាយព័ត៌មានចារកម្មគ្មានការបញ្ជាក់ថា រុស្ស៊ីនឹងចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃពុធស្អែក។
គោលដៅរបស់អាម៉េរិកគឺច្បាស់ណាស់ ៖ ពង្រីកភាពតានតឹងអំពីបញ្ហាអ៊ុយក្រែននាំអោយទីផ្សារបារម្ភជ្រួលច្របល់ហើយលុយហូរចេញពីអឺរ៉ុបទៅកាន់អាម៉េរិកដើម្បីបន្ធូរបន្ថយអតិផរណាដែលកំពុងកើនឡើងរបស់ខ្លួន និងគោលដៅធំមួយទៀតបញ្ជូនទ័ពនិងសព្វាវុធមកកាន់អឺរ៉ុបខាងកើត។
សូមបញ្ជាក់ថា អតិផរណាអាម៉េរិកឡើងជិត៧,៥ភាគរយ ជាកំរិតខ្ពស់បំផុតក្នុងរយៈពេល៤០ឆ្នាំមកនេះ ចំពេលមានវិបត្តិខ្សែសង្វាក់ផ្គត់ផ្គង់ និងជំងឺឆ្លងកូវីដ១៩ ។ល។
ការលើកឡើងរបស់អាម៉េរិកហាក់គ្មានមូលដ្ឋាននឹងជឿ ហើយបើ២៤ម៉ោងទៀតរុស្ស៊ីមិនចូលលុកលុយអ៊ុយក្រែនវានឹងជាការវាយសំពងមួយទៀតទៅលើកេរ្តិ៍ឈ្មោះដែលកំពុងធ្លាក់ចុះទាបស្រាប់សំរាប់ចារកម្មអាម៉េរិក ក្រោយការអះអាងខុសនៅឆ្នាំ២០០៣ដែលថា អ៊ីរ៉ាក់មានសព្វាវុធមហាប្រល័យ ជាលេសសំរាប់ចូលលុកលុយកំចាត់សាដាំ ហ៊ូសេន។
តើអាម៉េរិកចង់ដោះដូរកេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិដើម្បីបានផលចំណេញពីសង្គ្រាមនិងការទម្លាក់ថ្លៃប្រាក់អឺរ៉ូ?ចម្លើយនឹងបង្ហាញក្នុងពេលមិនយូរទេ។
រដ្ឋាភិបាលវិមានក្រឹមឡាំងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទបានអោយសញ្ញាថា ខ្លួនត្រៀមបន្តកិច្ចពិភាក្សាជាមួយលោកខាងលិចអំពីបញ្ហាព្រួយបារម្ភអំពីសន្តិសុខរបស់ខ្លួន ដែលនាំដល់វិបត្តិអ៊ុយក្រែនបច្ចុប្បន្ន ។ការអោយសញ្ញាដូច្នេះផ្តល់ក្តីសង្ឃឹមថារុស្ស៊ីអាចមិនចូលឈ្លានពានប្រទេសក្បែរខាងខ្លួននៅថ្ងៃស្អែកឬក្នុងអំឡុងពេលប្រកួតកីឡាអូឡាំពិចក្រុងប៉េកាំងដូចអ្វីដែលចារកម្មនិងមន្ត្រីកំពូលអាម៉េរិកបានអះអាងនោះទេ៕
ចាំមើលតែរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅថ្ងៃពុធដូចអាម៉េរិកឃោសនាដែរអត់