ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក HAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេស នៃប្រទេសជប៉ុន បានថ្លែងបញ្ជាក់ថាៈ លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវ័ន្ត ផ្នែកសេដ្ឋកិច្ច ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ ប្រកបដោយទស្សនៈវិស័យ ផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុន ក៏បានបង្ហាញអំពី ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តជួយដល់ ដំណើរការកសាង និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿង តទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ និងបានបង្ហាញ អំពីការគាំទ្រផងដែរ ចំពោះដំណើរការបោះឆ្នោត នៅកម្ពុជា នៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ។
ការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសជប៉ុន បានធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ ជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅទីស្តីការក្រសួងការបរទេស នៃប្រទេសជប៉ុន កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ។ ជំនួបពិភាក្សានេះ គឺដើម្បីពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ក៏ដូចជា បញ្ហាក្នុងតំបន់។
ជាកិច្ចចាប់ផ្តើម នៃជំនួបនេះ លោក HAYASHI Yoshimasa បានសម្តែង ការស្វាគមន៍ ចំពោះដំណើរទស្សនកិច្ចរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ កងទ័ពជើងគោក មកកាន់ទីក្រុងតូក្យូ នាពេលនេះ ដែលជាការបង្ហាញឱ្យឃើញ អំពីចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។
ជាការឆ្លើយតប លោក ឧត្តមសេនីយ៍ឯក បានសម្តែងភាពរីករាយ ចំពោះការស្វាគមន៍ យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូន គណៈប្រតិភូ កងទ័ពជើងគោកកម្ពុជា និងបានអរគុណ ចំពោះរាជរដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងមានសមានចិត្ត ជួយឧបត្ថម្ភគាំទ្រកម្ពុជា ជាប់រហូតមក ទាំងក្នុងដំណើរការស្វែងរកសន្តិភាព ក្នុងទសវត្សរ៍ ឆ្នាំ៨០ បេសកកម្មថែរក្សាសន្តិភាព ក្នុងទសវត្សរ៍ ឆ្នាំ៩០ និងការណ៍ដែលជប៉ុន ជាប្រទេស មួយ ក្នុងចំណោមប្រទេស ដែលបានចូលរួម យ៉ាងសកម្ម ក្នុងការស្តារ កសាង និងអភិវឌ្ឍន៍កម្ពុជា លើគ្រប់វិស័យ។
ភាគីទាំងពីរ ក៏បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលនៃ កិច្ចសហប្រត្តិការទ្វេភាគី កន្លងមក ជាពិសេសវិស័យយោធា ដែលមានការរីកចម្រើន ជាលំដាប់ ចាប់តាំងពីឆ្នាំ២០១៣ មក ហើយនៅឆ្នាំ២០២៣ ខាងមុខនេះ ក៏នឹងមានប្រារព្ធខួបទី ៧០ ឆ្នាំ នៃទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរ ដោយនឹងមានការរៀបចំកម្មវិធី ជាច្រើនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក HAYASHI Yoshimasa បានបង្ហាញនូវចំណាប់ អារម្មណ៍ និងទស្សនៈផ្ទាល់ខ្លួនថា លោក ហ៊ុន ម៉ាណែត មិនត្រឹមតែជាបញ្ញវ័ន្ត ផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកនយោបាយជាន់ខ្ពស់ ប្រកបដោយទស្សនៈវិស័យ ផងដែរ។
លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពី ការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តជួយដល់ ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿង តទៅមុខទៀត ទន្ទឹមនឹងការបន្តគាំទ្រកម្ពុជា ក្នុងគ្រប់កាលៈទេសៈ ស័ក្តិសមជាដៃគូយុទ្ធសាស្ត្រ។
លើសពីនេះ លោក រដ្ឋមន្ត្រី ក៏បានបង្ហាញអំពី ការគាំទ្រផងដែរ ចំពោះដំណើរការ បោះឆ្នោត នៅកម្ពុជា នៅឆ្នាំក្រោយនេះ ស្របតាមគោលការណ៍ ប្រជាធិបតេយ្យ។
ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ៊ុន ម៉ាណែត បានជម្រាបជូនលោក រដ្ឋមន្ត្រី អំពីជំហរ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ក្នុងនាមប្រធានអាស៊ាន លើការដោះស្រាយវិបត្តិ នៅក្នុងប្រទេសនេះ គឺធ្វើយ៉ាងណា បញ្ចៀសអំពើហិង្សា រៀបចំការផ្តល់ជំនួយមនុស្សធម៌ និងការបើកច្រក សម្រាប់ការបំពេញភារកិច្ច របស់ប្រេសិតពិសេស ប្រធានអាស៊ាន ស្របតាមធម្មនុញ្ញអាស៊ាន និងចំណុចឯកច្ឆ័ន្ធ ទាំង៥ របស់អាស៊ាន ក៏ដូចជាធ្វើយ៉ាងណា ឱ្យអាស៊ាន អាចរក្សាបាននូវមជ្ឈភាព និងពង្រឹងសាមគ្គីភាព។
លោក ក៏បានបញ្ជាក់បន្ថែម អំពីគំនិតផ្តួចផ្តើមរបស់កម្ពុជា ក្នុងការបង្កើតយន្តការ Troika (កម្ពុជា ប្រ៊ុយណេ និងឥណ្ឌូនេស៊ី) ដើម្បីតាមដានបទឈប់បាញ់ និងវឌ្ឍនភាព នៃការអនុវត្តចំណុចឯកច្ឆ័ន្ទ ទាំង៥ របស់អាស៊ាន។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រីការបរទេសជប៉ុន បានសម្តែងនូវការគាំទ្រ ចំពោះកិច្ចខិតខំ ប្រឹងប្រែង របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហា នៅមីយ៉ាន់ម៉ា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២ ជាពិសេសបានវាយតម្លៃខ្ពស់ចំពោះភាពច្នៃប្រឌិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើការកែច្នៃ សភាពការណ៍ ដើម្បីស្វែងរកដំណោះស្រាយ ចំពោះវិបត្តិនេះ ដែលនេះគឺជាចំណុចគន្លឹះ និងជាជោគជ័យ នៃសិល្បៈដឹកនាំរបស់ សម្តេច នៅក្នុងការបំពេញតួនាទី ដោះស្រាយ កិច្ចការអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់ រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការ រយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែល ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានឯកភាពគ្នា ប្រារព្ធខួបទី៣០ ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុន នៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការ ក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌ អង្គការសហប្រជាជាតិ៕/V