​ដោយៈ ប​.​ខុន / ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​ជូនដំណឹង ស្តីពី​ការ​ព្យាករ​ស្ថានភាព​អាកាសធាតុ សម្រាប់​ពីថ្ងៃ​ទី​១៦ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ​ថាៈ នៅក្នុង​សប្តាហ៍​នេះ ព្រះរាជាណាចក្រ​កម្ពុជា នឹង​ទទួលរង ឥទ្ធិពល​សម្ពាធ​ទាប ពី​ឥណ្ឌូនេស៊ី និង ឥណ្ឌា ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ ទន្ទឹមនេះ ក៏​នឹង​អាច​កើតមានឡើង នូវ​សម្ពាធ​ទាប​តូចៗ ជា​លក្ខណៈ​ឡូ​កាល់ (Local) នាំឱ្យមាន​ភ្លៀង​ធ្លាក់ ពី​តិច​ទៅ​បង្គួរ ជា​បន្តបន្ទាប់​។​

​ក្នុង​សេចក្តីជូនដំណឹង បាន​សរសេរ​ទៀតថាៈ ស្ថានភាព​បែប​ខាងលើ ធ្វើ​ឲ្យ​បណ្តា​ខេត្ត នៅ​តំបន់​វាលទំនាប​កណ្តាល មាន​សីតុណ្ហភាព អប្បបរមា ពី ២២ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣២ ទៅ ៣៤ អង្សា​សេ​។ អាចមាន​ភ្លៀង​ធ្លាក់ ក្នុង​កម្រិត​ពី តិច​ទៅ​បង្គួរ ជាទូទៅ លាយឡំ​នឹង​ផ្គរ រន្ទះ ក្នុងនោះ ខេត្តកំពង់ធំ​, កំពង់ឆ្នាំង​, ពោធិ៍សាត់​, បាត់ដំបង​, បន្ទាយមានជ័យ និង​ប៉ៃលិន អាចមាន​ភ្លៀង​ច្រើន ដោយ​អន្លើរ ។​

​សម្រាប់​បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង ខ្ពង់រាប​ឦសាន មាន​សីតុណ្ហភាព អប្បបរមា ពី ២១ ទៅ ២៤ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣១ ទៅ ៣៣ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម លាយឡំ​នឹង​ផ្គរ រន្ទះ ។​

​សម្រាប់​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព អប្បបរមា ពី ២៣ ទៅ ២៥ អង្សា​សេ សី​តុ​ណ្ណ​ភាព អតិបរមា មាន​ពី ៣០ ទៅ ៣២ អង្សា​សេ​។ អាចមាន​ភ្លៀង ក្នុង​កម្រិត​ពី​តិច ទៅ​បង្គួរ លាយឡំ​នឹង​ផ្គរ រន្ទះ ៕/V​