ដោយៈ សុផានីតា / កោះកុងៈ ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រលាន និងភូមិតាំកន់ ឃុំកណ្តោល ត្រៀមទទួលបានដីឡូតិ៍ម្នាក់ ១ប្លង់ ទំហំ៥០គុណនឹង៥០ម៉ែត្រ ពីរដ្ឋបាល ខេត្តកោះកុង និងស្រុកបូទុមសាគរ ដើម្បីអាចបង្កបង្កើនផលកសិកម្ម ទៅតាមតម្រូវការ។
លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ បានឱ្យរស្មីកម្ពុជា ដឹងនៅព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ថាៈ ក្រុមការងារជំនាញរបស់លោក កំពុងចុះត្រួតពិនិត្យ និងបោះបង្គោល កំណត់ត្រួសត្រាយ ព្រំជាដីឡូតិ៍ សម្រាប់បែងចែកពលរដ្ឋ ប្រមាណ ៦០០ គ្រួសារ។
លោក ហាក់ ឡេង បានបន្ថែមថាៈ ការកំណត់ព្រំដីឡូតិ៍ ត្រៀមចាប់ឆ្នោតបែងចែកដី ក្នុង១ឡូតិ៍ ៥០គុណនឹង៥០ម៉ែត្រ នាពេលឆាប់ៗ ខាងមុខនេះ ក្នុងន័យលើកកម្ពស់ជីវភាព និងបង្កបង្កើនផលកសិកម្ម របស់ពលរដ្ឋ ដែលមានតម្រូវការលើផ្ទៃដី សរុបជាង ៣០០ ហិកតា ស្ថិតនៅចំណុចទំនប់ទប់ទឹកប្រៃ ក្រោយដីនោះ ត្រូវបានរាជរដ្ឋាភិបាលលកម្ពុជា ឆ្វៀលចេញពីតំបន់ការងារធម្មជាតិ។
លោកអភិបាលស្រុកបូទុមសាគរ បានបន្តថាៈ ដ្បិតមានផ្ទៃដី ៣០០ ហិកតា ពិតមែន ប៉ុន្តែមិនមែនបែងចែកជូន ប្រជាពលរដ្ឋទាំងអស់នោះដែរ ពោលគឺ រៀបចំដីទុកសម្រាប់ កសាងមណ្ឌលសុខភាព ទីលានចាក់សំរាម តារាងបាល់ទាត់ស្រុក និងរក្សាទុកជាដី សម្បទានសង្គមកិច្ច ដោះស្រាយ ទៅថ្ងៃអនាគត។
គួរជម្រាបដែរថា ផែនការបែងចែកដីធ្លី ជូនប្រជាពលរដ្ឋនេះ ពុំមែនទើបតែធ្វើឡើង ប៉ុន្មានថ្ងៃនេះទេ ជាក់ស្តែង អាជ្ញាធរខេត្តកោះកុង និងស្រុក បានគិតគូរយកចិត្តទុកដាក់ ដោះស្រាយជូន ប្រជាពលរដ្ឋ ជាង ១ ឆ្នាំមកហើយ។ ដូច្នេះអាជ្ញាធរ ស្នើសុំដល់ពលរដ្ឋ ក្នុងមូលដ្ឋាន បញ្ឈប់សកម្មភាព តវ៉ាទាមទារដីធ្លី ខុសច្បាប់ បន្តទៅទៀត ក្រោមការញុះញង់ របស់ជនខិលខូច ឬសកម្មជនបក្សនយោបាយ ប្រឆាំងដែលនាំឱ្យ មានទោស ជាធរមាន៕/V