ប្រែសម្រួល : កញ្ញាដាលីស (បាល់ទាត់) ៖ នៅរាត្រីថ្ងៃអង្គារនេះមានការប្រកួត UEFA Champions League វគ្គ១៦ ក្រុមចុងក្រោយ ដែលគេទន្ទឹងរង់ចាំយ៉ាងយូរ។ វាជាជំនួបរវាង PSG និង Real Madrid ដែលនឹងធ្វើឱ្យប្រិយមិត្តស្នេហាបាល់ទាត់មានអារម្មណ៍រំភើបជាងគេ ដោយហេតុថាពួកគេជាក្រុមយក្សនៅបារាំងនិងអេស្ប៉ាញដូចគ្នា។ ចំណែក Man City ដែលធ្វើដំណើរទៅទឹកដីក្រុម Sporting Lisbon របស់ព័រទុយហ្គាល់ រំពឹងទទួលបានលទ្ធផលល្អជាទីគាប់ចិត្តបំផុត។
ដោយឡែកនៅក្របខ័ណ្ឌ English Premier League ឯណោះវិញ ក៏មានការប្រកួតបង្គ្រប់ជុំមួយគូផងដែរ គឺរវាង Man U និង Brightonដោយបច្ចុប្បន្នគូនេះមានស្ថានភាពលេងស្រដៀងគ្នា យើងរំពឹងពួកគេលេងត្រឹមស្មើគ្នាប៉ុណ្ណោះ។
យើងនឹងវិភាគជូន២គូក្នុងក្របខ័ណ្ឌ CL ៖
– PSG vs Real Madrid
PSG មានក្រុមមួយស្រដៀងនឹងតួអង្គក្នុងរឿង Avengers ដែលដាក់មកចេញមកគឺដើម្បីដណ្តើមជើងឯកអឺរ៉ុប ប៉ុន្តែការយល់ឃើញជាទូទៅគឺថា លោក ម៉ូរីស៊ីអូ ផូឆេតទីណូ (Mauricio Pochettino) នៅតែមិនទាន់អាចរៀបចំក្រុមឱ្យខ្លាំងដូចក្តីសុបិនរបស់គាត់នៅឡើយទេ។
ត្បិតលីកកំពូលបារាំងមានភាពងាយស្រួលជាងលីកធំៗដទៃទៀតក៏ពិតមែន ប៉ុន្តែ PSG មិនទាន់បង្ហាញភាពលេចធ្លោ ដែលគេរំពឹងទុកពីពួកគេនៅឡើយទេ។
ពួកគេបានបន្តឈ្នះការប្រកួតក្នុងស្រុកក៏ពិតមែន ប៉ុន្តែចំណុចសំខាន់គឺថាតើពួកគេអាចយកឈ្នះលើក្រុមចាស់វស្សាដូចជា Real Madrid បានឬអត់។
កូនក្រុមរបស់លោក កាឡូស អាន់សេឡូទី កំពុងធ្វើបានល្អបំផុតក្នុងប្រទេសអេស្ប៉ាញក្នុងរដូវកាលនេះ។ គាត់បានប្រែក្លាយកីឡាករ វីនីសៀស ជូនៀ ទៅជាកំពូលកីឡាករសំខាន់បំផុតរបស់ស្តេចស ហើយបានធ្វើឱ្យកីឡាករជើងចាស់ដូចជា លូកា ម៉ូទ្រិក និង តូនី គ្រូស បញ្ចេញសមត្ថភាពខ្លាំងក្លាមិននឹកស្មានដល់ ត្បិតមានវ័យចំណាស់ជាងគេក្នុងក្រុមក៏ដោយ។
ស្តេចស Real Madrid នឹងអវត្តមានខ្សែប្រយុទ្ធស្រួច ការីម បិនហ្សេម៉ា ដោយសាររបួស ប៉ុន្តែក្រុមនេះមានសន្ទុះនិងទេពកោសល្យគ្រប់គ្រាន់ដើម្បីយកឈ្នះលើក្រុម PSG ដែលមិនទាន់រកឃើញទម្រង់លេងពិតប្រាកដរបស់ខ្លួននៅឡើយ។
ប្រវត្តិជួបគ្នា
– ជួបគ្នា ៥ លើកចុងក្រោយ មានគ្រាប់បាល់ស៊ុតចូលគ្នាលើសពី ៣ គ្រាប់ឡើងទៅ។
– ជួបគ្នាលើកចុងក្រោយស្មើគ្នា ២-២។
– Real Madrid កត់ត្រាជ័យជម្នះ ៥ ដងក្នុងជំនួប ៧ លើកចុងក្រោយជាមួយ PSG។
– តាំងពីឆ្នាំ ១៩៩៣ មក PSG ឈ្នះនៅទឹកដីខ្លួនឯងលើស្តេចសតែម្តងគត់។
ផ្អែកលើចំណុចទាំងនេះ យើងរំពឹង Real Madrid ធ្វើបានល្អជាង និងទទួលជ័យជម្នះក្នុងលទ្ធផលទស្សន៍ទាយ ០-២។
– Sporting Lisbon vs Manchester City
Manchester City គឺជាក្រុមរំពឹងឈ្នះខ្លាំងបំផុតក្នុងពេលជួបជាមួយ Sporting Lisbon នៅថ្ងៃអង្គារនេះ ខណៈលោក ប៉េប ហ្គាឌីអូឡា កំណត់គោលដៅលើកពាន Champions League ជាលើកដំបូងជាមួយនឹងក្រុមមេឃខៀវ។
Sporting ឡើងមកវគ្គនេះចេញពីពូលងាយស្រួលជាងគេ ប៉ុន្តែចាញ់រហូត ៣ ដង គឺចាញ់ Ajax ពីរដង និង Dortmund ម្តង ខណៈឈ្នះបីដង បានជាប់លេខ ២ ក្នុងពូល។
នេះទើបតែជាការបង្ហាញខ្លួនលើកទីពីររបស់ពួកគេនៅ Champions League វគ្គ ១៦ ក្រុមចុងក្រោយប៉ុណ្ណោះ។ ពួកគេត្រូវបានក្រុម Bayern Munich ទម្លាក់ក្នុងដំណាក់កាលនេះក្នុងរដូវកាល ២០០៨/០៩។
បច្ចុប្បន្នពួកគេកំពុងមានទម្រង់លេងល្អនិងឈរលេខ២ក្នុងលីកព័រទុយហ្គាល់ តាមពីក្រោយក្រុម Porto។
ចំណែក ក្រុមមេឃខៀវឈរនៅលេខ១ក្នុងពូលនាំមុខលើក្រុម PSG ។ ទោះយ៉ាងណា ពួកគេបានចាញ់ការប្រកួតក្រៅដីចំនួនពីរលើក ដោយដំបូងគឺចាញ់នៅ PSG និងបន្ទាប់មកនៅ Leipzig ។
ក្រុមជើងឯកអង់គ្លេសនេះគឺជាក្រុមរំពឹងឈ្នះពាន CL ក្នុងរដូវកាលនេះគ្មានអ្វីត្រូវងឿងឆ្ងល់នោះទេ ហើយពួកគេត្រៀមខ្លួនយ៉ាងបានល្អក្នុងការរក្សាពាន Premier League នៅក្នុងយុទ្ធនាការបច្ចុប្បន្នផងដែរ បន្ទាប់ពីបាននាំមុខ ១២ ពិន្ទុលើគូប្រជែងកៀកបំផុត Liverpool កាលពីចុងសប្តាហ៍។
Manchester City ដែលចាញ់ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីរដូវកាលមុនក្រោមថ្វីដៃគូប្រជែងក្នុងស្រុក Chelsea គឺមានហាងឆេងចាក់ ១ សង ៥,៥ ក្នុងការលើកពាន Champions League នៅរដូវកាលនេះ។
ប្រវត្តិជួបគ្នា
– ក្រុមទាំងពីរជួបគ្នា២ដងក្នុងក្របខ័ណ្ឌ Europa League រដូវកាល ២០១១/១២ ដោយឈ្នះម្នាក់ម្តងក្នុងលទ្ធផល ១-០ និង ២-៣។
– Sporting មានកំណត់ត្រាល្អក្នុងទឹកដីទល់នឹងក្រុមអង់គ្លេស ដោយឈ្នះ ៧ ដងក្នុងជំនួប ១១ លើក។
– Man City ធ្លាប់ទៅទឹកដីក្រុមព័រទុយហ្គាល់ ៤ ដង គឺឈ្នះ ១ ស្មើ ២ ចាញ់ ១។
ក្រុមទាំងពីរកំពុងមានទម្រង់លេងល្អដូចគ្នានៅលីកក្នុងស្រុករៀងៗខ្លួន ប៉ុន្តែបើប្រៀបធៀបកម្រិតលេងរបស់លីកទាំងពីរ គឺលីកអង់គ្លេសមានកម្រិតខ្ពស់ជាងព័រទុយហ្គាល់ឆ្ងាយណាស់។
លោកប៉េប ហ្គាឌីអូឡា នឹងមិនឱ្យភ្លាត់ស្នាត់ចាញ់ប្រកួតនេះឡើយ ។ លទ្ធផលព្យាករណ៍ Man City ឈ្នះ ៤-១៕
Man City រំពឹងឈ្នះ Sporting ងាយៗនៅយប់ថ្ងៃអង្គារនេះ