ដោយៈ សុផល / ភ្នំពេញៈ មេពូជសុនខ នៃអង្គភាពសុនខ ស៊ីម៉ាក់ នៅដើមសប្តាហ៍នេះ បានផ្តល់កំណើត ដល់ទៅ ៤ សំបុក ដែលមានកូនសុនខ សរុបចំនួន ៣៤ ក្បាល ។ នេះបើយោងតាមមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC)។
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានឱ្យដឹងថាៈ នេះជាដំណឹងដ៏សែនរីករាយ មួយ។ ពួកគេទាំង ៣៤ ក្បាល មានសុខភាពល្អទាំងអស់ និងកំពុងទទួលការថែទាំ ថ្នាក់ ថ្នម ពីសំណាក់អ្នកជំនាញ ថែទាំ និង ហ្វឹកហាត់សុនខ។
CMAC បាននិយាយថាៈ « កូនសុនខជំនាន់ថ្មីនេះ នឹងក្លាយជាអ្នកបន្តវេន នៃពូជអ្នកចម្បាំង ដើម្បីសេចក្តីសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅ ក្នុងតំបន់គំរាមកំហែង ដោយសារសំណល់ យុទ្ធភណ្ឌសង្គ្រាម»។
លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា បានសរសេរ ក្នុងគេហទំព័រហ្វេសប៊ុកផ្លូវការ របស់លោកថាៈ សុនខទាំងនេះ ជាកូនពូជអ្នកចម្បាំង ជាមួយគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ កូនសុនខចំនួន ៣៤ ក្បាល ដែលមានសុខភាពល្អ និងអាចហ្វឹកហ្វឺន ឱ្យក្លាយជាអ្នកចម្បាំង ដើម្បីសុខសុវត្ថិភាព សង្គមមនុស្ស ។
សូមបញ្ជាក់ថាៈ ការដោះមីន ដោយសុនខ មានប្រសិទ្ធភាពខ្ពស់ ជាងឧបករណ៍រាវរក ដោយសារឧបករណ៍រាវរក បានជួបនូវបញ្ហា នៅពេលប៉ះអំបែងដែកផ្សេងៗ តែបើសុនខ នៅពេលវាជួបគ្រាប់មីន បានវាកាយរក ព្រោះវាហិតតែជាតិរំសេវប៉ុណ្ណោះ។ ក្នុងសុនខ មួយក្បាល វាអាចរាវរកមីនបាន ក្នុងផ្ទៃដីពី ២០០០-៣០០០ ម៉ែត្រការ៉េ ៕/V