ប្រែសម្រួល : កញ្ញាដាលីស (ដេលីមែល) ៖ មន្ត្រីជាន់ខ្ពស់នៃអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បាននិយាយកាលពីថ្ងៃចន្ទទី១៤កុម្ភៈថាគ្រោះរាំងស្ងួតនៅតំបន់ស្នែងអាហ្វ្រិកបានសម្លាប់សត្វពាហនៈជាង ១,៥ លានក្បាល និងកាត់បន្ថយផលិតកម្មធញ្ញជាតិយ៉ាងច្រើន “ហើយឥឡូវនេះយើងពិតជាកំពុងនៅលើមាត់ជ្រោះនៃគ្រោះមហន្តរាយ”។
លោក រេន ផូលសិន (Rein Paulsen) នាយកផ្នែកគ្រាអាសន្ននិងភាពធន់របស់ FAO ដែលបានត្រឡប់មកពីតំបន់នេះកាលពីថ្ងៃសុក្រ បាននិយាយថា “ឱកាសមានតូចណាស់”ដើម្បីចាត់វិធានការបន្ទាន់ ហើយគន្លឹះមួយគឺថាតើភ្លៀងធ្លាក់ដ៏យូរក្នុងតំបន់រវាងខែមីនានិងឧសភាគឺល្អឬអត់ និងថាតើទីភ្នាក់ងារនេះទទួលបានជំនួយចាំបាច់ ១៣០លានដុល្លារដែលខ្លួនត្រូវការរហូតដល់ខែមិថុនាឬអត់។
លោកបាននិយាយថា ភ្លៀងកក់ខែនៅក្នុងតំបន់ ដែលរួមមានផ្នែកខ្លះនៃប្រទេសសូម៉ាលី អេត្យូពី និងកេនយ៉ា ត្រូវបានសន្មត់ថាមកដល់នៅចន្លោះខែតុលានិងខែធ្នូ ប៉ុន្តែ “មានកម្រិតខ្សោយខ្លាំងណាស់។ ហើយនេះតំណាងឱ្យការខកខានរដូវវស្សាលើកទីបីជាប់គ្នា ដែលទាំងអស់នេះមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គ្រួសារដែលងាយរងគ្រោះ”។
លោកផូលសិនបាននិយាយថា លទ្ធផលនៃគ្រោះរាំងស្ងួតមានន័យថាផលិតកម្មធញ្ញជាតិទាំងមូលសម្រាប់រដូវភ្លៀងចុងក្រោយនៅភាគខាងត្បូងប្រទេសសូម៉ាលីត្រូវបានប៉ាន់ប្រមាណថាទាបជាងមធ្យមភាគរយៈពេលវែង ៥៨ ភាគរយ។ លោកបានបន្តថានៅតំបន់កសិកម្មតាមមាត់សមុទ្រនៅភាគអាគ្នេយ៍នៃប្រទេសកេនយ៉ា “យើងកំពុងសម្លឹងមើលឃើញផលិតកម្មដំណាំមានកម្រិតទាបជាងមធ្យម ៧០ ភាគរយ”។
គាត់បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានតាមអនឡាញពីទីក្រុងរ៉ូមថា លើសពីនេះ ប្រភពទឹកភាគច្រើន ដែលជាធម្មតាមានភាពធន់នឹងការប្រែប្រួលអាកាសធាតុបានរីងស្ងួតនៅក្នុងប្រទេសកេនយ៉ា។
លោកផូលសិននិយាយថា ការផ្តល់មូលនិធិចំនួន ១៣០ លានដុល្លារគឺមានសារៈសំខាន់នៅពេលនេះ ដើម្បីផ្តល់សាច់ប្រាក់សម្រាប់ប្រជាជនទិញអាហាររហូតដល់ផលិតកម្មចាប់ផ្តើមឡើងវិញ ដើម្បីរក្សាសត្វចិញ្ចឹមឱ្យនៅរស់ និងដើម្បីផ្តល់គ្រាប់ពូជដែលធន់នឹងគ្រោះរាំងស្ងួតសម្រាប់កសិករក្នុងការប្រមូលផល៕
សត្វចំនួន ១,៥ លានក្បាលងាប់ដោយសារគ្រោះរាំងស្ងួតនៅតំបន់ស្នែងអាហ្វ្រិក