ប្រែសម្រួលៈបំណង(VnExpress)៖ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskiy)បានអំពាវនាវអោយប្រជាជនមួយប្រទេសដោតទង់ជាតិនិងច្រៀងចម្រៀងជាតិដើម្បីបង្ហាញការឯកភាពនិងសាមគ្គីជាតិនៅថ្ងៃ១៦កុម្ភៈ ជាថ្ងៃដែលប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចនិយាយថា រុស្ស៊ីអាចចូលឈ្លានពាន។
ទោះជាយ៉ាងណា ពួកមន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនមិនបានបញ្ជាក់ថា លោកហ្សេឡេនស្គី ទាយទុកថាការវាយប្រហារមួយនឹងកើតឡើងនថ្ងៃពុធទី១៦កុម្ភៈនេះទេ តែលោកធ្វើការអំពាវនាវដូច្នេះដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ក្នុងសារព័ត៌មានបរទេស។
លោកប្រធានាធិបតីបាននិយាយក្នុងសុន្ទរកថាថតផ្សាយទៅកាន់ប្រជាជាតិថា « ពួកគេប្រាប់យើងថាថ្ងៃ១៨កុម្ភៈនឹងជាថ្ងៃវាយប្រហារ។យើងចាត់ទុកវាជាទិវាឯកភាពជាតិ។ពួកគេកំពុងបំភ័យយើងដោយកំណត់ថ្ងៃចាប់ផ្តើមនៃចំណាត់ការយោធា។នៅថ្ងៃនោះ យើងនឹងដោតទង់ជាតិ លើកបដាពណ៌លឿងខៀវ និងបង្ហាញពិភពលោកនូវឯកភាពជាតិយើង»។
លោក ហ្សេឡេនស្គី បាននិយាយថាលោកជឿងថារុស្ស៊ីកំពុងគំរាមវាយប្រហារប្រទេសរបស់លោក តែការចូលឈ្លានពានក្នុងពេលឆាប់ៗទំនងជាត្រូវបណ្តាប្រទេសសម្ពន្ធមិត្តបំផ្លើស។
មីខាយឡូ ប៉ូដូលយ៉ាក(Mykhailo Podolyak)ទីប្រឹក្សារបស់នាយសេនាធិការកងទ័ពរបស់ហ្សេឡេនស្គី បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកប្រធានាធិបតីឆ្លើយតបនឹងរបាយការណ៍សារព័ត៌មានដែលអាចជាការចំអកទាក់ទងនឹងកាលបិច្ឆេទនៃការចូលឈ្លានពាន។«ហេតុដូច្នេះហើយបានជាប្រជាជនអ៊ុយក្រែនហាក់មិនមានជំនឿទាំងស្រុងអំពីកាលបរិច្ឆេទជាក់លាក់នៃអ្វីដែលហៅថា” ការចាប់ផ្តើមការឈ្លានពាន ” ប្រកាសឡើងដោយសារព័ត៌មានលោកខាងលិច…»។
ការិយាល័យរបស់លោកហ្សេឡេនស្គី បានចេញក្រិតមួយដោយអំពាវនាវអោយគ្រប់ភូមិនិងទីប្រជុំជនដោតទង់ជាតិនៅថ្ងៃពុធនិងអំពាវនាវអោយប្រជាជនមួយប្រទេសច្រៀងចម្រៀងជាតិនៅម៉ោង១០ព្រឹកថ្ងៃ១៦កុម្ភៈ។វាក៏សុំអោយដំឡើងប្រាក់ខែទាហាននិងឆ្មាំព្រំដែនផងដែរ។
ទាហានអ៊ុយក្រែននឹងត្រូវដំឡើងប្រាក់ខែ ចំពេលមានការគំរាមវាយចូលពីសំណាក់កងកម្លាំងរុស្ស៊ី
ពួកមន្ត្រីអាម៉េរិកបាននិយាយថា ពួកគេមិនព្យាករណ៍អំពីការវាយប្រហារបញ្ជាឡើងដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃជាក់លាក់ណាមួយទេ តែបានធ្វើការព្រមានជាថ្មីថា វាអាចកើតឡើងនៅពេលណាមួយ។
កាលពីថ្ងៃចន្ទ រុស្ស៊ីបាននិយាយថា ខ្លួននឹងបន្តពិភាក្សាជាមួយលោកខាងលិចដើម្បីព្យាយាមបន្ថយវិបត្តិសន្តិសុខ។រដ្ឋាភិវាលក្រុងមូស្គូអះអាងថា ការដែលអ៊ុយក្រែនស្វះស្វែងសុំចូលជាសមាជិកអង្គការណាតូវាបង្កការគំរាមមួយដល់ខ្លួន។ទោះជាណាតូមិនទាន់ទទួលយកអ៊ុយក្រែន ក៏បណ្តាប្រទេសលោកខាងលិច ជាពិសេសអាម៉េរិកបាននិយាយថាពួកគេមិនអាចចរចាអំពីសិទ្ធិអធិបតេយ្យភាពរបស់ប្រទេសណាមួយក្នុងការបង្កើតសម្ពន្ធភាពទេ៕
ក្នុងរូប អធិការបតីអាឡឺម៉ង់បានជួបពិភាក្សាជាមួយលោកប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គីនៅទីក្រុងគៀវកាលពីថ្ងៃចន្ទ។អធិការបតីអាឡឺម៉ង់ត្រូវចេញដំណើរទៅទីក្រុងមូស្គូនៅថ្ងៃអង្គារដើម្បីជួបពិភាក្សាជាមួយលោក ពូទីន