ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ កាលពីថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២ លោក សុខ ជំនោរ ដែលជាអ្នកនិពន្ធល្បីឈ្មោះ និង ជាបងប្រុសរបស់ តារាចម្រៀង កញ្ញា វ៉ានីឡា បានបើកសម្ពោធ ហាងលក់ភេសជ្ជៈ សុខភាព ដែលរួមមាន កាហ្វេ តែ និង ភេសជ្ជៈ យីហោ 14 Feb យ៉ាងអធឹកអធម នៅផ្លូវកែងខាងក្រោយ មន្ទីរពេទ្យកុមារជាតិ។ អ្វីដែលគួរកត់សម្គាល់គឺអាជីវកម្មហាងកាហ្វេរបស់លោក ត្រូវគេដឹងថា បានចំណាយ អស់ជិត ៥០ ម៉ឺនដុល្លារ ឯណោះ។
លោក សុខ ជំនោរ បានបញ្ជាក់ថាៈ ហាងភេសជ្ជៈ ដែលបើកដំណើរការនេះ គឺជាការចាប់ដៃ ជាមួយអ្នកជំនាញ ដោយទោះជាលោក មិនមានឯកទេសផ្នែកកាហ្វេ និង ភេសជ្ជៈ ១០០ ភាគរយ តែមុខរបរនេះ ក៏មានការគ្រប់គ្រង តាមផ្នែកច្បាស់លាស់ មុននឹងឈានដំណើរការ។
លោកបាននិយាយថាៈ យីហោហាង បានសម្រេចដាក់ឈ្មោះ 14 Feb ឬ ១៤ កុម្ភៈ ហើយបានទាំងបើកដំណើរការ ចំទិវានៃក្ដីស្រលាញ់ គឺដោយសារតែលោក យល់ថា ថ្ងៃនៃក្ដីស្រលាញ់ គឺជាថ្ងៃដែលមនុស្ស ត្រូវមានក្ដីស្រលាញ់ ហើយដោយសារតែគ្រប់ អាហារ និង ភេសជ្ជៈប្រចាំនៅក្នុងហាងលោក គឺសុទ្ធតែគិតគូរពីសុខភាព ក្រៅពីផ្ដោតលើ រសជាតិ ទើបលោកសម្រេចដាក់ឈ្មោះហាងថា 14 Feb។
លោកបាននិយាយទៀតថាៈ ភេសជ្ជៈគ្រប់មុខ ប្រចាំហាងថ្មីនេះ គឺសុទ្ធតែជួយអោយ មនុស្សមានសុខភាពល្អ និង ជួយកុំអោយមនុស្ស មានបញ្ហាសុខភាព ទើបលោកយល់ថា ដាក់ឈ្មោះ 14 Feb គឺត្រូវបំផុត។ យ៉ាងណាក៏ដោយ លោកអះអាងថា មិនបោះបង់ ការនិពន្ធ និង ការដឹកនាំផលិត MV នោះទេ ដោយសារតែលោក ក៏មានផលិតកម្ម ផ្ទាល់ខ្លួន ដែលទទួលផលិតស្ពត ដែលទៅណាមិនឆ្ងាយ ពីសិល្បៈនោះដែរ។
ជាមួយអាជីវកម្មនេះ លោកក៏រំពឹងថា នឹងជោគជ័យខ្លាំងផងដែរ ដោយសារតែទី១ សម្អាងលើទីតាំងល្អ ទី២ សម្អាងលើទីតាំងធំទូលាយ ងាយទទួលភ្ញៀវ និងសំបូរកន្លែង ថតគ្រប់ផ្នែក និង ទី៣ សម្អាងលើគុណប្រយោជន៍នៃភេសជ្ជៈ ដែលជំនួយ ដល់សុខភាព ក្រៅពីមានរសជាតិ ប្រកួតប្រជែង៕/V