ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានច្រានចោលចំពោះ ការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារ អ៊ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជា ត្រួតពិនិត្យ និងតាមដានរាល់សកម្មភាព តាមប្រព័ន្ធអ៊ិនធឺណិត ចាប់និងរឹតបន្តឹង ការប្រាស្រ័យទាក់ទងនានា តាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែក ទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ បង្កើតហានិភ័យ ដល់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ដោយគ្មានមូលដ្ឋាន។
អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានកត់សម្គាល់ ជាមួយការខកចិត្ត នូវការបន្តបកស្រាយខុស ជាពិសេស ដោយប្រព័ន្ធផ្សព្វផ្សាយបរទេស មួយចំនួនអំពី គោលបំណងនៃ ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ នៅក្នុងប្រទេសកម្ពុជា បើទោះបីជា មានការពន្យល់ និងការបំភ្លឺជា ច្រើនដង ដោយអាជ្ញាធរមានសមត្ថកិច្ច របស់កម្ពុជាក្តី។
ក្នុងគោលបំណង ផ្តល់ការបំភ្លឺបន្ថែម ចំពោះការយល់ខុសទាំងនេះ អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានបង្ហាញនូវកំណត់ត្រា ជុំវិញបញ្ហានេះ ដូចតទៅ៖
រាជរដ្ឋាភិបាល ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់អ៊ិនធឺណិត និងពង្រឹងសន្តិសុខជាតិ និងការប្រមូលពន្ធ ក៏ដូចជា ថែរក្សាសណ្តាប់ធ្នាប់សង្គម និងការពារវប្បធម៌ជាតិ បានបង្កើតគណៈ កម្មាធិការអន្តរក្រសួងមួយ នៅឆ្នាំ២០១៩ ស្តីពីការបង្កើតច្រកទ្វារ អ៊ិនធឺណិតជាតិ ដើម្បីសិក្សា និងរិះរកវីធីសាស្ត្រនានា សម្រាប់ការបង្កើតយន្តការ ដ៏ចាំបាច់មួយនេះ។
គណៈកម្មាធិការនេះ តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាស្ថាប័ន ជំនាញ បានចាប់ផ្តើមការសិក្សា ទូលំទូលាយមួយ អំពីគំរូហេដ្ឋារចនាសម្ព័ន្ធ ពីបណ្តាប្រទេសផ្សេងៗ នៅជុំវិញពិភពលោក និងបានពិនិត្យឃើញថា ប្រទេសស្ទើរតែ ទាំងអស់ សុទ្ធតែមានច្រកទ្វារអ៊ិនធឺណិត និងបទប្បញ្ញត្តិ ដោយឡែកពីគ្នា។
អនុក្រឹត្យស្តីពី ច្រកទ្វារអ៊ិនធឺណិតជាតិ ដែលបានចុះហត្ថលេខា នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ត្រូវបានរៀបចំឡើង ដោយតម្លាភាព ហើយការពិគ្រោះយោបល់នានា ត្រូវបានធ្វើឡើង ជាមួយអ្នកជំនាញជាច្រើន នៅក្នុងវិស័យនេះ ប្រតិបត្តិករឯកជន និងស្ថាប័នពាក់ព័ន្ធនានា ជាច្រើនលើកច្រើនសា។
ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ ដែលមានជាទូទៅ ស្ទើរគ្រប់ប្រទេសជុំវិញពិភពលោក ដើរតួជាឧបករណ៍មួយ ដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការប្រមូលចំណូលជាតិ ដោយឈរលើមូលដ្ឋាន នៃការប្រកួតប្រជែង ប្រកបដោយតម្លាភាព សមភាព និងស្មោះត្រង់ រវាងរដ្ឋ និងប្រតិបត្តិករ ទូរគមនាគមន៍។ លើសពីនេះ វារួមចំណែកដល់ ការទប់ស្កាត់ឧក្រិដ្ឋកម្ម តាមអ៊ិនធឺណិត ដូចជាការប្រើប្រាស់ ដោយខុសច្បាប់ នូវការតភ្ជាប់បណ្តាញឆ្លងដែន ការលេងល្បែងអនឡាញខុសច្បាប់ ការបោកប្រាស់ តាម អ៊ិនធឺណិតជាដើម។
យន្តការនេះ មិនមានបទប្បញ្ញត្តិណាមួយ ដូចដែលត្រូវបានចោទប្រកាន់ថា អនុញ្ញាតឱ្យ មានការប្រមូលទិន្នន័យ របស់អ្នកប្រើប្រាស់ និងការរឹតបន្តឹងសេរីភាព នៃការបញ្ចេញមតិ នោះទេ។
រដ្ឋាភិបាល នឹងរៀបចំដាច់ដោយឡែក នូវច្បាប់ស្តីពី ការការពារទិន្នន័យផ្ទាល់ខ្លួន នៅពេលដែលសេចក្តី ព្រាងច្បាប់ស្តីពី សន្តិសុខតាមអ៊ីនធឺណិត ត្រូវបានបញ្ចប់។
ចំពោះការចោទប្រកាន់ដែលថា ការបង្កើតច្រកទ្វារអ៊ិនធឺណិតជាតិ អនុញ្ញាតឱ្យអាជ្ញាធរកម្ពុជា ត្រួតពិនិត្យ និងតាមដានរាល់សកម្មភាព តាមប្រព័ន្ធអ៊ិនធឺណិត ចាប់ និងរឹតបន្តឹងការប្រាស្រ័យទាក់ទងនានា តាមប្រព័ន្ធឌីជីថល ព្រមទាំងប្រមូល រក្សាទុក និងចែករំលែកទិន្នន័យផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ បង្កើតហានិភ័យ ដល់សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ រួមទាំងសិទ្ធិក្នុងការស្វែងរក ទទួលបាន និងចែកចាយព័ត៌មាន និងគំនិតនានា ក៏ដូចជាសិទ្ធិឯកជនភាព គឺជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋាន។
ផ្ទុយទៅវិញ រាជរដ្ឋាភិបាល គោរពសិទ្ធិឯកជនភាព និងសេរីភាព ក្នុងការបញ្ចេញមតិ របស់បុគ្គល និងការពារទិន្នន័យផ្ទាល់ខ្លួន ដែលទាំងអស់នេះ មានចែងក្នុងច្បាប់ រដ្ឋធម្មនុញ្ញ សន្ធិសញ្ញាស្តីពីសិទ្ធិមនុស្សអន្តរជាតិដែលបានផ្តល់សច្ចាប័នរួច ក្រមរដ្ឋប្បវេណី ក្រមព្រហ្មទណ្ឌ និងច្បាប់ស្ដីពី ទូរគមនាគមន៍៕/V