ដោយៈ រ៉ាម៉ន/ ភ្នំពេញៈ ​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២០២២ បានចេញ​សេចក្តីជូនដំណឹង ព្រមាន​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការលើកលែង ចំពោះ​បាតុករ​ដែល​រឹងរូស បន្តធ្វើ​បាតុកម្ម​មុខ​ណាហ្គា​វើ​លដ៍​។​

​សេចក្តីជូនដំណឹង​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន ទទួល​សេចក្តីជូនដំណឹង​របស់​តំណាង​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ អំពី​ការធ្វើ​កូដកម្ម ដើម្បី​ដោះស្រាយ​វិវាទ​ការងារ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​អញ្ជើញ​ម្ចាស់​សំណើ​មក​ពិភាក្សា ដោយបាន គូសបញ្ជាក់ថា​សុំឱ្យ​គាត់​ធ្វើ​កូដកម្ម ស្របតាម​ច្បាប់​ស្តីពី​ការងារ​ដោយ​មិន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ទីតាំង​សាធារណៈ ឡើយ ព្រោះថា​ការប្រើប្រាស់​ទីតាំង​សាធារណៈ​ដើម្បី​ធ្វើជា​ទីកន្លែង​បញ្ចេញមតិ គឺ​ត្រូវ​អនុលោម​តាមច្បាប់ ស្ដីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ប៉ុន្តែ​នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២១ ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វី​លដ៍ បានធ្វើការ​ប្រមូលផ្តុំ​នៅលើ​សួនច្បារ​សាធារណៈ ផ្ទុយ​ពី​ការឯកភាព​គ្នា​ជាមួយ​រដ្ឋបាល​រាជធានី ភ្នំពេញ នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២១​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រើប្រាស់​វិធានការ​អប់រំ ដល់​ក្រុមបាតុករ​កុំឱ្យ​បន្តសកម្មភាព​ខុសច្បាប់ និង​អនុវត្តតាម​យន្តការ​ដោះស្រាយ​វិវាទ​ការងារ ស្របតាម​ច្បាប់​ជា​ធរមាន ដោយពេល​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ខិតខំ​សម្របសម្រួល​គ្រប់​លទ្ធភាព ដោយបាន​ស្នើឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អញ្ជើញ ភាគី​ពាក់ព័ន្ធ​ទៅ​ដោះស្រាយ ស្របតាម​យន្តការ​ច្បាប់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក្រុមបាតុករ​នៅតែ​បន្តធ្វើ​សកម្មភាព ខុសច្បាប់ ផ្ទុយ​ពី​គោលបំណង​នៃ​ការជូនដំណឹង​ស្តីពី​ការធ្វើ​កូដកម្ម​ដើម្បី​ដោះស្រាយ​វិវាទ​ការងារ ជាច្រើនលើក ច្រើនសារ រហូតដល់​ស្ថាប័ន​មាន​សមត្ថកិច្ច​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ដើម្បី​រក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​។​

​ទោះ​យ៉ាងនេះ​ក្តី ក្រុមបាតុករ​បាន​បន្ត​ធ្វើបាតុកម្ម​ខុសច្បាប់​អស់​រយៈពេល ៤៩ ថ្ងៃ រហូត​រកឃើញ​ករណី វិជ្ជមាន​កូ​វីដ​-១៩ ម្នាក់ ក្នុងចំណោម​ក្រុមបាតុករ ហើយ​ក្រសួងសុខាភិបាល​បានធ្វើ​ការណែនាំ​ឱ្យ​ក្រុមបាតុករ ទៅយក​សំណាក​នៅ​ទីតាំង​ដែល​បានកំណត់ ស្ថិតនៅ​កោះ​ពេជ្រ ក្នុង​រយៈពេល ០៣ ថ្ងៃ ប៉ុន្តែ​តំណាង​ក្រុមបាតុករ បាន​សំណូមពរ​ឱ្យ​ក្រុមគ្រូពេទ្យ​មក​យក​សំណាក​នៅ​ទីតាំង​ប្រមូលផ្តុំ​វិញ ហើយ​នៅពេល​ក្រុមគ្រូពេទ្យ មកដល់ ក្រុមបាតុករ​នៅតែ​រឹងរូស មានៈ មិន​ព្រម​សហការ​ឱ្យ​យក​សំណាក​ទៀត ទោះជា​ក្រុមគ្រូពេទ្យ​អង្វរករ​យ៉ាងណា ក៏ដោយ ហើយ​ចាប់ពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០២២ ក្រុមគ្រូពេទ្យ​បាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ជា ច្រើន​នាក់ ក្នុង​ក្រុមបាតុករ​បន្ថែមទៀត នៅ​ទីតាំង​យក​សំណាក ស្ថិតនៅ​កោះ​ពេជ្រ​។


​ក្នុង​រយៈពេល​នៃ​ការ ធ្វើបាតុកម្ម​ខុសច្បាប់ សកម្មភាព​នេះ​បាន​បង្ក​ឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ការកកស្ទះ​ចរាចរ ព្រមទាំង​បង្ក​ការរំខាន​ដល់​ការប្រកប​របរ​អាជីវ​កម្ម ប្រកបការងារ​ប្រចាំថ្ងៃ​របស់ បងប្អូន​ប្រជាពលរដ្ឋ នៅ​ជុំវិញ​តំបន់​ធ្វើបាតុកម្ម​ខុសច្បាប់ រហូតដល់​មាន​សំណូមពរ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជួយ​ចាត់វិធានការ​ដើម្បី​ធានា​នូវ​ប្រក្រតីភាព​នៃ​ជីវភាព និង​ការរស់នៅ​ប្រចាំថ្ងៃ​ឡើងវិញ​។​

​ក្រុមបាតុករ​អតីត​បុគ្គលិក និង​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​ត្រឹមត្រូវ​តាម​វិធាន​សុខាភិបាល ដែល​ធានាថា​លែងមាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ហើយ​ចង់​ប្រមូលផ្ដុំ​តវ៉ា ត្រូវធ្វើ​នៅ​កន្លែង បញ្ចេញមតិ​ជា​សាធារណៈ (​ទីលាន​ប្រជាធិបតេយ្យ​) ស្ថិតនៅ​សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដោយ​ត្រូវបំពេញ​នីតិវិធី​តាមច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី ក្នុង​ជំពូក​ទី​២ មាត្រា ៥ ដែល​បាន​បញ្ញត្ត ថា «​ក្រុម​បុគ្គល​ណា ដែលមាន​បំណង​រៀបចំ​ធ្វើបាតុកម្ម​ដោយ​សន្តិវិធី នៅ​ទីកន្លែង​សាធារណៈ​ណាមួយ ត្រូវ​ជូន ដំណឹង​ជា​លាយលក្ខណ៍អក្សរ​ទៅ​អាជ្ញាធរ​ដែនដី​រាជធានី ឬ​ខេត្ត​មាន​សមត្ថកិច្ច​គ្រប់គ្រង​ទីកន្លែង​នោះ​»​។​

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ បំប្លែង​ខ្លួន​ថ្មី ប្រភេទ​អូ​មី​ក្រុង ចូលក្នុង​សហគមន៍​កាន់តែ ច្រើនឡើងៗ ក៏ដូចជា​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ រដ្ឋបាល​រាជធានី​ភ្នំពេញ មិន​អនុញ្ញាត​ដាច់ខាត​ឱ្យមាន​ការប្រមូលផ្តុំ​ធ្វើ​សកម្មភាព​បាតុកម្ម​ខុសច្បាប់ របស់​ក្រុម​អតីត​បុគ្គលិក និង​បុគ្គលិក ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ នៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ទៀតឡើយ​។ ក្នុងករណី​រឹងរូស​បន្តសកម្មភាព ខុសច្បាប់​ទៀត​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​គ្មាន​ការ លើកលែង​៕​