ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​អញ្ជើញ​ជួបពិភាក្សា ការងារ​ជាមួយ​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ YOSHIDA Yoshihide មេបញ្ជាការ កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន នៅ​ទីស្តីការក្រសួង​ការពារជាតិ នៃ​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​ពង្រឹងពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ រវាង​កងទ័ពជើងគោក ទាំងពីរ​។

​ជំនួប​នេះ ដើម្បី​ពិភាក្សា​ការងារ កិច្ចសហប្រតិបត្តិការ និង​ទំនាក់​ទំ​បង រវាង​កងទ័ព​ជើង គោក​កម្ពុជា និង​កងកម្លាំង​ស្វ័យការពារ ជើងគោក​ជប៉ុន គណៈប្រតិភូ​ជាន់ខ្ពស់ កងទ័ព​ជើង​ង​គោក​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅក្នុង​ប្រទេស​ជប៉ុន រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២២ ដើម្បី​អបអរ​ខួប​ទី​៣០ ឆ្នាំ នៃ​ប្រតិបត្តិការ រក្សា​សន្តិភាព (PKO) របស់​ជប៉ុន​នៅ​កម្ពុជា ដែលជា​ប្រតិបត្តិការ ក្រៅប្រទេស​លើក​ទី​១ របស់​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​។​

​ក្នុងជំនួប​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ YOSHIDA Yoshihide បាន​សម្តែង ការស្វាគមន៍ ចំពោះ​ការអញ្ជើញ​មកដល់​របស់ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​គណៈប្រតិភូ កងទ័ពជើងគោក នៅក្នុង​ប្រទេស​ជប៉ុន ទោះបី​ស្ថិតនៅក្នុង​កាលៈទេសៈ នៃ​ជំងឺ​កូ​វីដ​-១៩ ក៏ដោយ ដែលជា​ឱកាស​ពិសេស សម្រាប់​ការពិភាក្សា អំពី​ការពង្រឹង ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ទ្វេភាគី រវាង​កងទ័ពជើងគោក​កម្ពុជា និង​កងកម្លាំង​ស្វ័យ ការពារ​ជើងគោក​ជប៉ុន ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​រឹងមាំ​។​

​ក្នុងឱកាស​នោះ មេបញ្ជាការ កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន ក៏បាន​គូសបញ្ជាក់ អំពី​ការបន្ត​ជួយ ដល់​កងទ័ព​កម្ពុជា លើ​ការកសាង​ពង្រឹងសមត្ថភាព តាមរយៈ​ការហ្វឹកហ្វឺន លើ​ជំនាញ​សំខាន់ៗ ដើម្បី​ឆ្លើយតប​នឹង​ស្ថានការណ៍ សន្តិសុខ​សង្គ្រាម មិនមែន​ប្រពៃណី ដូចជា​ការវាយប្រហារ ដោយ​ប្រើប្រាស់ ប្រព័ន្ធ​អ៉ី​ន​ធើ​ណេ​ត និង​បច្ចេកវិទ្យា​ទំនើប បញ្ហា​គ្រោះមហន្តរាយ និង​ជំងឺ​រាតត្បាត​នានា ព្រមទាំង​ការគាំទ្រ ឱ្យមាន​ការរៀបចំ លំ​ហាត់​រួម ក្នុង​កម្រិត​ណាមួយ នៅពេល​អនាគត​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ថ្លែងអំណរគុណ ចំពោះ​កម្ពុជា ក្នុងនាម​ជា​ប្រទេស​ទី​១ នៅ​អាស៊ីអាគ្នេយ៍ ដែល​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម “​យុទ្ធសាស្ត្រ តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហរ (FOIP)” របស់​ជប៉ុន ដើម្បី​សន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និង​វិបុលភាព​រួម នៅក្នុង​តំបន់ និង​លើ​សកលលោក​។​

​ជាការ​ឆ្លើយតប លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​រំលឹក​អំពី ចំណងមិត្តភាព និង កិច្ច​សហប្រតិបត្តិ​ដ៏​ល្អ រវាង​ប្រទេស​ទាំងពីរ និង​បាន​ថ្លែងអំណរគុណ ចំពោះ​រាជរដ្ឋាភិបាល កង​ស្វ័យការពារ​ជប៉ុន និង​ប្រជាជន​ជប៉ុន ដែល​តែង​បាន​ជួយ​គាំទ្រ​កម្ពុជា នៅក្នុង​ដំណាក់កាល ស្វែងរក​សន្តិភាព ដំណាក់កាល ស្តារ កសាង​ប្រទេស ក្រោយ​សង្គ្រាម និង​រហូតមកដល់​ដំណាក់កាល​បច្ចុប្បន្ន ដែលជា​ដំណាក់កាល អភិវឌ្ឍន៍​ប្រទេស ឱ្យ​រុងរឿង​។ ជាពិសេស លោក បាន​សង្កត់ធ្ងន់ លើ​ការរីកចម្រើន គួរឱ្យកត់សម្គាល់ នៃ​លទ្ធផល​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ រួមទាំង​វិស័យ​យោធា ចាប់តាំងពី​ឆ្នាំ​២០១៣ មក ដែលជា​ឆ្នាំ នៃ​ការចាប់ផ្តើម​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ រវាង​រាជរដ្ឋាភិបាល ទាំងពីរ ក៏ដូចជា ជា​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ ផ្នែក​យោធា រវាង​ក្រសួងការពារជាតិ នៃ​ប្រទេស​ទាំងពីរ​។

​ជាមួយគ្នានេះ លោក អគ្គ​មេបញ្ជាការរង មេបញ្ជាការ​កងទ័ពជើងគោក ក៏បាន​អរគុណ ចំពោះ​ភាគី​មិត្ត​ជប៉ុន ដែល​តែង​បាន​ជួយ​ដល់ កងទ័ពជើងគោក​កម្ពុ​ជា លើ​ការងារ​បណ្តុះ បណ្តាល ធនធានមនុស្ស តាមរយៈ​ការផ្តល់​អាហារូបករណ៍ រយៈពេល​វែង សម្រាប់​វគ្គ​នាយទាហាន​សកម្ម និង​វគ្គ​បញ្ជាការ សេនាធិការ ជាដើម​។

​ជារួម ភាគី​ទាំងពីរ បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ ជាពិសេស ការបង្ហាញ​នូវ​ឆន្ទៈ និង​កិច្ចខិតខំ​ប្រឹងប្រែង របស់​ថ្នាក់ដឹកនាំ កងទ័ពជើងគោក​កម្ពុ​ជា និង​កងកម្លាំង​ស្វ័យ ការពារ​ជើងគោក​ជប៉ុន ក្នុង​ការភ្ជាប់​ទំនាក់ទំនង ឱ្យ​កាន់តែ​ស្អិតរ​មួ​ត​។ ជា​ទិសដៅ​ទៅមុខ ភាគី​ទាំងពីរ បាន​ឯកភាព​នឹង​បន្ត កិច្ចពិភាក្សា ដើម្បី​ធ្វើយ៉ាងណា ឈានទៅ​ពង្រឹង និង​ពង្រីក ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ឱ្យមាន​លក្ខណៈ កាន់តែ​រីកចម្រើន និង​ខិតជិត​ទៅរក ការផ្សារភ្ជាប់ រវាង​អង្គភាព និង​អង្គភាព ក៏ដូចជា រវាង​យោធិន និង​យោធិន​។​

​គួរ​បញ្ជាក់ថា នេះ​គឺជា​ដំណើរ​ទស្សនកិច្ច ផ្លូវការ ក្រៅប្រទេស​លើក​ទី​១ របស់​មេបញ្ជាការ កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ បន្ទាប់​ស្ថានភាព នៃ​ជំងឺ​កូ​វីដ​-១៩ បាន​ធូរ ស្រាល ប្រសើរ​ជាង​មុន ហើយ​ដែលជា​ការភ្ជាប់​ទំនាក់ទំនង ជា​លក្ខណៈ​ប្រវត្តិសាស្ត្រ បន្ថែមទៀត រវាង​កងទ័ពជើងគោក និង​ប្រទេសជាតិ​ទាំងពីរ បន្ទាប់ពី​ការបំពេញ​ទស្សនកិច្ច ផ្លូវការ​របស់លោក នាយ​ឧ​ត្ត​ម​សេនីយ៍ YUASA Goro [​អតីត​] មេបញ្ជាការ កងកម្លាំង​ស្វ័យការពារ​ជើងគោក​ជប៉ុន នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០២០ កន្លងទៅ​៕/V​