ដោយៈរ៉ាម៉ន/ភ្នំពេញៈ នៅព្រឹកថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ និងមន្ត្រីជំនាញ ក្រោមឱវាទ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនទៅដល់ដៃប្រជាពលរដ្ឋចំនួន២៥៨គ្រួសារ ស្ថិតក្នុងភូមិ ត្រពាំងថ្លឹង៣ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីយកទៅរក្សាទុកដាក់ និងប្រើប្រាស់ទៅតាមតម្រូវការ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនោះ លោក ហែម ដារិទ្ធិ បានបញ្ជាក់ថា នេះមិនមែនជាលើកដំបូងទេ សម្រាប់ខណ្ឌពោធិសែនជ័យ ដែលបានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ ជូនទៅប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ហើយក៏នឹងរៀបចំផ្តល់ជូនជាបន្តបន្ទាប់ទៀតសម្រាប់អ្នកមិនទាន់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ។
គិតមកដល់ពេលនេះ រដ្ឋបាលខណ្ឌពោធិ៍សែនជ៍យ បានប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានប្រមាណជិត១០០ភាគរយហើយ។ នៅសល់តែបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាទំនាស់ក្នុងគ្រួសារ ឬ មានបញ្ហាជាមួយសម្បត្តិសាធារណនិងជាប់អនុក្រិត្យជាដើម យ៉ាងណាអាជ្ញាធរខណ្ឌបាននិងកំពុងខិតខំប្រឹងរកដំណោះស្រាយនិងស្នើសុំទៅថ្នាក់លើដើម្បីធ្វើបណ្ណជូនឱ្យបានគ្រប់ក្រុមគ្រួសារ។
លោកអភិបាលបញ្ជាក់ទៀតថា សម្រាប់ប្រជាពលរដ្ឋមានទំនាស់ ហើយបានដោះស្រាយគ្នារួចរាល់ហើយនោះ សុំទំនាក់ទំនងមកមន្ត្រីជំនាញ ដើម្បីរៀបចំឯកសារ ផ្តល់ជូនទៅតាមស្ថានភាពជាក់ស្តែង៕