ដោយៈសុខុម/ស្ទឹងត្រែងៈពិធីផ្លាស់ប្ដូរប្រធាននិងអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងគ្រោងនឹងរៀបចំឡើងនៅ ថ្ងៃទី១៧ខែកុម្ភៈក្នុងសប្តាហ៍នេះ។នេះបើតាមការបញ្ជាក់របស់មន្ត្រីសាលាខេត្តប្រាប់រស្មីកម្ពុជានៅថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២២នេះ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃបានឲ្យដឹងថាអគ្គនាយកដ្ឋានពន្ធនាគារបានសម្រេចផ្លាស់ប្ដូរប្រធាន អនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងចំនួនប្រាំនាក់ឲ្យទៅបម្រើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។
សេចក្តីប្រកាសឲ្យដឹងថាទីមួយ.លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ២ ឈុន ដារ៉ា ពីប្រធានពន្ធនាគារខេត្តស្ទឹងត្រែងឱ្យទៅបម្រើការងារថ្មីនៅអគ្គនាយកដ្ឋានពន្ធនាគារ។ទីពីរ.លោកឧត្តមអគ្គាអនុរក្សថ្នាក់លេខ៣ រស់ សុធា ឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។ទីបី.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១ ជា សុជាតិ ពីអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែងឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
ទីបួន.លោកវីរៈអគ្គាអនុរក្សថ្នាក់លេខ១ ប៉ិន សំអូន ពីប្រធានការិយាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងមុខរបរពន្ធនាគារខេត្តស្ទឹងត្រែងឲ្យទៅបម្រើការនៅនៅអគ្គនាយកដ្ឋានពន្ធនាគារនិងទីប្រាំ.លោកអគ្គានុរក្សថ្នាក់លេខ១ លាង សំអឿន ពីប្រធានផ្នែកទិន្នន័យនិងបណ្ណសារនៃពន្ធនាគារខេត្តឱ្យទៅបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ។
រីឯការតែងតាំងមន្ត្រីពន្ធនាគារថ្មីចំនួនពររូបគឺលោកឧត្តមអគ្គានុរក្សថ្នាក់លេខ ៣ ប្រាជ្ញ សុភី ឲ្យកាន់មុខតំណែងជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។លោកវរៈអគានុរក្សថ្នាក់លេខ១ រិទ្ធ ឌីណា ឲ្យកាន់តំណែងជាអនុប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។
ការផ្លាស់ប្ដូរមុខតំណែងតួនាទីខាងលើនេះបន្ទាប់ពីមានករណីអ្នកទោសបទល្មើសឧក្រិដ្ឋជួញដូរគ្រឿងញៀននិងបទល្មើសផ្សេងទៀតបានរត់គេចពីក្នុងពន្ធធនាគារខេត្តស្ទឹងត្រែងកាលពីពេលកន្លងទៅហើយក្រោយមកក៏ចាប់បានមកវិញទាំងអស់៕សរន